ភ្លៀង១មេធំ រន្ទះបាញ់ស្លាប់ម្នាក់ រងរបួសអធិការរងម្នាក់

មណ្ឌលគិរីៈ នារីក្រមុំវ័យ ១៨ឆ្នាំម្នាក់ បានស្លាប់ នៅពាក់កណ្ដាលផ្លូវ កំឡុងពេលបញ្ជូនទៅសង្គ្រោះ នៅមណ្ឌលសុខភាព អូរអាម រួមទាំងលោកអធិការរងម្នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍រន្ទះបាញ់ ដែលបានកើតឡើង នៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។

សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ឱ្យដឹងថាៈ មានភ្លៀង​ ១មេធំ បានបង្អុរ មកនៅព្រឹកនេះ ហើយក៏មាន ករណីរន្ទះបាញ់ ដែលកើតឡើង នៅគីឡូ ៣៧ ស្ថិតក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បណ្តាលអោយជនរងគ្រោះ ឈ្មោះ គង់ ច្រិច ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិឃុំ ខាងលើ បានស្លាប់ ។

សមត្ថកិច្ច បានបន្តថា ក្នុងហេតុការណ៍ដដែលនេះ ក៏បានបង្ករអោយជនរងគ្រោះម្នាក់ទៀត ឈ្មោះ កែវ សាវុធ ហៅ មុត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ អធិការរង ស្រុកកែវសីមា រងរបួសស្រាល​ដែលកើតឡើង នៅចំណុចចរាចរណ៍ បិទការឆ្លងខេត្ត នាភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តបណ្ឌលគីរី។

បច្ចុប្បន្ន សពឈ្មោះ គង់ ច្រិច ត្រូវបានបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក ឈ្មោះ កែវ សាវុធ កំពុងព្យាបាល នៅមណ្ឌលសុខភាពអូរអាម៕

Loading...