ភ្លៀង​ផ្គរ​ និង​ខ្យល់​កន្ត្រាក់​បោកបក់​រំលំ​ និង​បំ​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​១៥​ខ្នង​ បង្ក​ឲ្យ​មនុស្ស​៨​នាក់​រង​របួស​នៅ​ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ​៖​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​៨​នាក់​បាន​រង​របួស​ និង​ផ្ទះ​ប្រជាពលរដ្ឋ​១៥​ខ្នង​ បាន​ដួល​រាប​ដល់​ដី​ និង​ប៉ើង​ដំបូល​ នៅ​ក្នុង​ឧបទ្ទវហេតុ​មេឃ​ភ្លៀង​ផ្គរ​ និង​ខ្យល់​កន្ត្រាក់​នា​វេលា​ម៉ោងជាង​៨​យប់​ ថ្ងៃ​១៨​មេ​សា​ ។​ នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ​ បាន​កើតឡើង​ទៅ​លើ​ស្រុក​ចំនួន​ពីរ​ គឺ​ស្រុក​ជ័យ​សែន​ និង​ស្រុក​ឆែប​ ខេត្តព្រះវិហារ​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​៨​នាក់​នៅ​ក្នុង​ពេល​មេឃ​ភ្លៀង​ និង​ខ្យល់​បោកបក់​ខ្លាំង​នោះ​ ត្រូវ​គេ​និយាយ​ថា​ សុទ្ធតែ​ជា​កងកម្លាំងប្រដាប់អាវុធ​ ដែល​កំពុង​ដេក​យាម​ការពារ​ទីតាំង​ ដើម្បី​រក្សា​សន្តិសុខ​ និង​សុវត្ថិភាព​ ជូន​សម្តេច​តេ​ជោ​សែន​ នាយក​រដ្ឋមន្ត្រី​ក្នុង​ដំណើរ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ នៃ​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ រោងចក្រ​ស្កអំពៅ​ របស់​ក្រុមហ៊ុន​ចិន​ រ៉ូ​យ​ហ្វេ​ង​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​១៩​មេ​សា​នេះ​ នៅ​ក្នុងស្រុក​ឆែប​ ខេត្តព្រះវិហារ​។​

​អភិបាលស្រុក​ឆែប​ លោក​ សុខសាន្ត​ ណា​រ៉ា​ លោក​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​១៩​ មេ​សា​ថា​ នៅ​យប់​នា​វេលា​ម៉ោងជាង​៨​ ស្រុក​ឆែប​បាន​រង​នូវ​សម្ពាធ​ខ្យល់​កន្ត្រាក់​ ហើយ​មេឃ​បាន​ចាប់ផ្តើម​ងងឹត​ បន្ទាប់​មក​មាន​ផ្គរ​ និង​ដំណក់ទឹកភ្លៀង​បាន​បង្អុរ​ចុះ​មក​យ៉ាង​ខ្លាំង​ ។​លោក​ ថា​ នៅ​គ្រានោះ​ខ្យល់​បាន​គួ​ចរោង​ពិធី​នៅ​ក្នុង​ក្រុមហ៊ុន​ បោក​សង្កត់​មក​លើ​កងកម្លាំងប្រដាប់អាវុធ​ ដែល​កំពុង​ដេក​យាម​ការពារ​សន្តិសុខ​ និង​សុវត្ថិភាព​ ជូន​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​សម្ភោ​ធ​រោងចក្រ​ស្កអំពៅ​ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ នៅ​ព្រឹក​ថ្ងៃ​១៩​មេ​សា​នេះ​ ។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា​ កងកម្លាំង​ទាំង​៨​នាក់​ដែល​រង​របួស​នៅ​យប់​ថ្ងៃ​១៨​មេ​សា​នោះ​ មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២​នាក់​ និង​៦​នាក់​ទៀត​ ជា​កងកម្លាំង​នគរ​ បាល​ខេត្ត​ នៅ​ក្រោយ​ឧបទ្ទវហេតុ​ខ្យល់​កន្ត្រាក់​នេះ​ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​១៦​មក​រា​ ខេត្តព្រះវិហារ​ ។​ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​ មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ ត្រូវ​បាន​ខ្យល់​បោកបក់​ធ្វើ​ឲ្យ​ដួល​រាប​ដល់​ដី​ ដោយ​១​ខ្នង​ ស្ថិត​នៅ​ក្នុងភូមិ​ក្តុល​ ឃុំ​ម្លូរ​ព្រៃ​១​ ស្រុក​ឆែប​ ១​ខ្នង​ទៀត​ នៅ​ក្នុងភូមិ​បុស្ស​ ឃុំ​សង្កែ​២​ និង​ផ្ទះ​១​ខ្នង​ទៀត​ នៅ​ក្នុងភូមិ​ដង​ផ្លិត​ ឃុំ​ឆែប​ ស្រុក​ឆែប​ និង​មនុស្ស​នៅ​ក្នុងផ្ទះ​នោះ​ គ្មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ​។​

​ដោយឡែក​ នៅ​ក្នុងស្រុក​ជ័យ​សែន​ ឯណោះ​វិញ​ អភិបាលស្រុក​នេះ​ លោក​ជុំ​ ពុ​យ​ បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ដែនដី​ស្រុក​របស់​លោក​ មានផ្ទះ​ចំនួន​១២​ខ្នង​ បាន​រង​នូវ​ការ​ប៉ើង​ដំបូល​ ៧​ខ្នង​ ស្ថិត​នៅ​ក្នុងភូមិ​ស្អាង​ ឃុំ​ស្អាង​ និង​៥​ខ្នង​ទៀត​ ស្ថិត​នៅ​ក្នុងភូមិ​ម៉ឺន​រាជ​ ឃុំ​ខ្យង​ ស្រុក​ជ័យ​សែន​ ខេត្តព្រះវិហារ​ ។​លោក​ជុំ​ ពុ​យ​ បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ឧបទ្ទវហេតុ​មេឃ​ភ្លៀង​ផ្គរ​ដោយ​មាន​ខ្យល់​កន្ត្រាក់​នេះ​ មិន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​ បាន​រងគ្រោះថ្នាក់​នោះ​ឡើយ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​បន្ទាប់​ពី​បញ្ជូន​កងកម្លាំង​ទាំង​៨​នាក់​ មក​ដល់​មន្ទីរពេទ្យ​ខេត្ត​នោះ​ហើយ​ គេ​បានឃើញ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ព្រះ​វិហារ​ ឯកឧត្តម​សួ​ស​ យ៉ា​រ៉ា​ លោក​អ៊ុ​ន​ ចិន្តា​ អភិបាលរង​ខេត្ត​ និង​លោក​ឧត្តមសេនីយ៍ត្រី​កង​ សៅ​គុណ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ បាន​ចុះ​មក​ទាំង​យប់​ ដើម្បី​ពិនិត្យ​មើល​ពី​ការ​រង​របួស​នោះ​ ហើយ​ ឯកឧត្តម​អ្នកតំណាង​រាស្ត្រ​ បាន​ជម្រុញ​ឲ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ​ បន្ត​យកចិត្ត​ទុក​ ដាក់​ ក្នុង​ការ​ព្យាបាល​របួស​ដល់​ជន​រង​គ្រោះ​ ឲ្យ​ឆាប់​បានជា​សះស្បើយ​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​១៨​ មេ​សា​ កន្លង​ទៅ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​ប្រកាស​ដល់​សាធារណជន​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​បាតុភូត​ភ្លៀង​ ផ្គរ​ និង​ខ្យល់​កន្ត្រាក់​ ដែល​នឹង​កើតឡើង​ចាប់ពី​ថ្ងៃ​១៩​មេ​សា​នេះ​តទៅ​ បោកបក់​ទៅ​លើ​ខេត្ត​ចំនួន​៩​ នៅ​ក្នុង​ប្រទេស​ គឺ​ខេត្តពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ ឧត្តរមានជ័យ​ ព្រះ​វិហារ​ កំពង់ធំ​ និង​ខេត្តក្រចេះ​ ហើយ​ខេត្ត​ដែល​ត្រូវ​ប្រឈម​ខ្លាំង​ជា​គេ​ គឺ​ខេត្ត​ពោធិ៍​ សាត់​ បាត់ដំបង​ ប៉ៃលិន​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ និង​ខេត្តព្រះវិហារ​ ។​ក្រសួង​បាន​បញ្ជាក់​ថា​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ បង្កើន​ការ​យកចិត្តទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ ដែល​អាច​កើត​មាន​ជាយថាហេតុ​ ៕​ បក្សី​ជាយ​ដែន​

abc (8)

abc (7)

abc (6)

abc (5)

abc (4)

abc (3)

abc (2)

abc (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *