មតិមហាជនថា រលាយហិនហោចអស់ហើយ ត្រពាំង បឹង អូរធម្មជាតិ ព្រៃឈើ ដែលនៅសេសសល់ចុងក្រោយក្នុងខេត្តរតនគិរី..?

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋ និងសាធារណៈជន មានចម្ងល់ ឬលើកជាសំណួរបែបចំអកថា តើការរំលោភយកដីចំណីបឹងកន្សែង ដែលជាអាងស្តុកទឹក ឬជាអូរធម្មជាតិ ត្រូវបុគ្គលមួយចំនួន ចាក់ដីលុប និងបានសង់សំណង់រឹងមាំ ធ្វើកម្មសិទ្ធិឯកជនដោយរលូនរាល់ថ្ងៃនេះ ជាកំហុស របស់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្តរតនគីរី ឬជាកំហុសអ្នករំលោភ..?

ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋ និងមហាជនមួយចំនួន បង្ហាញការហួសចិត្តថា បច្ចុប្បន្នភាពមូលដ្ឋានខេខេត្តរតនគិរី ដែលជាទីតាំងទេសចរណ៍ សមុទ្រឈើដ៏ប្រណិតមួយនេះ ប៉ុន្តែបច្ចុប្បន្ន បែរជាធនធានធម្មជាតិ ដែលនៅសេសសល់ទាំងអម្បាលមាណ ស្ទើរត្រូវរលាយហិនហោចអស់ទៅហើយ..?។

ប្រជាពលរដ្ឋមានចម្ងល់ទៀតថា ធនធានធម្មជាតិ ដែលនៅសេសសល់មានដូចជា៖ បឹងកន្សែង (បឹងយក្សឡោម)- (ជម្រកសត្វព្រៃបន្តពូជ)- ឬអូរធម្មជាតិស្តុកទឹក- ព្រៃឈើ ព្រមទាំងព្រៃនៅក្នុងឧទ្យានជាតិជាដើម ត្រូវបានបាត់បង់ ឬបានក្លាយជាកម្មសិទ្ធិបុគ្គលឯកជន របស់អ្នកមានទ្រព្យ និងមន្ត្រីមានអំណាចស្ទើរតែអស់ទៅហើយ។

ត្រង់ចំណុចនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានលើកជាសំណួរថា ហេតុអ្វីបានជា ថ្នាក់ដឹកនាំនៅតាមមន្ទីរ ស្ថាប័នរដ្ឋនានា មិនរួមគ្នាថែរក្សា ធនធានធម្មជាតិទាំងនោះ ឱ្យបានគង់វង្ស ហើយផ្ទុយទៅវិញបែរជាអស់លោកអ្នកធំៗខ្លះ បានចូលដៃចូលជើងបំផ្លាញធនធានទាំងអស់នោះ ឱ្យរលាយហិនហោចទៅវិញ..?

និយាយដល់ចំណុចនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការថ្នាក់ទាប និងភ្ញៀវទេសចរមួយចំនួន បង្ហាញការហួសចិត្ត ចំពោះបុគ្គលមុខលុយខ្លះ ដែលមានជាប់ពាក់ព័ន្ធសកម្មភាពរួមដៃគ្នា បំផ្លាញធនធានធម្មជាតិ ដែលនៅសេសសល់នាខេត្តរតនគិរីថា ជាការសាងបាបកម្មដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានពីមុនមក។

ងាកមកបរិយាយពីបឹងកំសាន្ត បឹងកន្សែង ឯណោះវិញម្តង គឺថាជាអាងស្តុកទឹក ដែលមានទីតាំងនៅក្នុង ក្រុងបានលុង-ខេត្តខេត្តរតនគិរី បឹងឬអូរធម្មជាតិខាងលើនេះ ត្រូវបានគេចាក់ដីលុបរំលោភយក សាងសង់ជាសំណង់រឹងមាំ និងបានក្លាយជាអាគារផ្ទះល្វែងរបស់អ្នកមានលុយមានអំណាចទាំងស្រុងស្ទើរតែអស់ទៅហើយ..!។

អ្នកណាក៏ដឹងដែរថា ដីភ្នំ ព្រែក ត្រពាំងស្ទឹង បឹង អូរទាំងនេះ កន្លងមក ត្រូវបានក្រុមប្រឹក្សាខេត្តរតនគិរី ក្នុងអាណត្តិទី១ បានប្រជុំអនុម័តដាក់ជាដីបម្រុងទុក របស់រដ្ឋ។ ចំណុចនេះពលរដ្ឋបានលើកឡើងថា បើយ៉ាងដូច្នេះទៅហើយ ចុះហេតុម្ដេចបានជា ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធ នៃនៃគណៈបញ្ជាការឯកភាពខេត្តរតនគិរី សហការគ្នាកែឆ្នៃ ឱ្យបឹង អូរធម្មជាតិខាងលើនេះ ក្លាយទៅជាកម្មសិទ្ធិឯកជនបែបហ្នឹងទៅវិញ..?៕

Loading...