មនុស្សជាង១ពាន់នាក់ បានចូលរួមក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង លោកបួរ វិរុន បានរៀបចំពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃទី១ឧសភា២០១៨នេះ នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ធ្វើឡើងក្រោមការអញ្ជើញជាអធិបតី ពីអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ឈឹម រចនា អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ដោយមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ តំណាងក្រុមហ៊ុនចំនួន៨ កម្មករ និយោជិត គរុសិស្ស និស្សិតពេទ្យ និងសិស្សានុសិស្សមកពីវិទ្យាល័យចំនួន២ សរុប ១ពាន់ ១៥៣នាក់។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក បួរ វិរុន បានលើកឡើងថា នៅរយះកាលកន្លងមក និងគ្រាបច្ចុប្បន្ន មន្ទីរបានរៀបចំក្រុមការងារ ចុះទៅធ្វើការទំនាក់ទំនង នៅតាមបណ្តាគ្រប់សហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថាននិមួយៗ ដើម្បីរៀបចំឲ្យមានបញ្ជីឈ្មោះបានត្រឹមត្រូវ ដែលជាយន្តការលើកកំពស់ប្រសិទ្ធិភាពការងារជូនកម្មករ តាមរយះការបង្កើតឲ្យមានការងារជាប្រព័ន្ធគ្រប់គ្រង។

ប្រធានមន្ទីរលោកបួរ វិរុន លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៧កន្លងមក មន្ទីរធានាបាននៅនិររន្តរភាព ទាំងផ្នែកការងារ ការលើកកំពស់ជីវភាព សុខភាពរស់នៅ និងផ្តល់កិត្តិ យស តម្លៃការងារដល់កម្មករផងនោះដែរ។ លោកថា ចំពោះការពាក់ពន្ធ័នឹងការងារ មន្ទីរបានជំរុញឲ្យក្រុមហ៊ុន គ្រឹះស្ថាន និងសហគ្រាសទាំងអស់ក្នុងខេត្ត រៀបចំសេវាសុខភាព មានថ្នាំពេទ្យ និងមានទឹកស្អាតសំរាប់ប្រើប្រាស់ បើម្បីបញ្ជៀសបាននូវហានិភ័យផ្សេងៗ ដែលជាកក្តាមួយនាំឲ្យប៉ះពាល់ដល់សុខមាលភាព និងអាយុជីវិតរបស់កម្មករ។ លោកបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានសហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថាននានា ចំនួន១០៩កន្លែង ហើយបច្ចុប្បន្ន កំពុងប្រើប្រាស់កម្មករ សរុបចំនួន៣ពាន់៥៧៥នាក់ ក្នុងនោះស្រី៩៨៧នាក់ បានផ្តល់សៀវភៅការងារ ជូនកម្មករ និយោជិតខ្មែរ១០៤នាក់ ផ្តល់ប័ណ្ណការងារ និងសៀវភៅការងារជនបរទេសថ្មី ៣៦៤នាក់ ប្រមូលបានអាករ១៤៧លាន ៣៥០ពាន់រៀល។ រីឯការអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជូនដល់សិក្ខាកាមបាន៥០០នាក់ ស្រី៣២៨នាក់។

លោក បួរ វិរុន បានអំពាវនាវដល់និយោជក កម្មករនិយោជិត ដែលបំរើការងារក្នុងវិស័យឯកជន ត្រូវធ្វើការជម្រុញ និងអនុញ្ញាតិឲ្យកម្មករនិយោជិត ដែលបំរើការងារនៅតាមរោងចក្រ និងសហគ្រាសឯកជន បានចូលរួមបោះឆ្នោតទាំងអស់គ្នា ទៅតាមទីតាំងដែលពួកគាត់រស់នៅ ក៏ដូចជាទីតាំងដែលពួកគាត់បានទៅចុះឈ្មោះបោះឆ្នោត ដោយគោរពទៅតាមច្បាប់ ស្តីពី ការបោះឆ្នោតថ្មី ដែលតម្រូវឲ្យកម្មករនិយោជិត ធ្វើការនិងស្នាក់នៅកន្លែងណា ចុះឈ្មោះ និងបោះឆ្នោតនៅកន្លែងនោះ។ រោងចក្រ សហគ្រាស និងគ្រឹះស្ថានឯកជន ត្រូវបង្កលក្ខណៈងាយស្រួលដល់កម្មករ និយោជិត ដើម្បីជម្រុញការអនុវត្តលក្ខខណ្ឌការងារឲ្យល្អប្រសើរ។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន លោកបានឡើងអានសារលិខិតរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឧិកាសខួបអនុស្សាវរីយ៍លើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា២០១៨នេះ ជូនចំពោះបងប្អូនកម្មករ និយោជិត និងនិយជក និងជនរួមជាតិទាំងអស់ បានជ្រាបនាពេលនេះផងដែរ។ សារលិខិតសម្តេចតេជោ បានបន្តថា ជោគជ័យតាមចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល គឺសុទ្ធតែមានការចូលរួមយ៉ាងសកម្ម និងសុឆន្ទៈ ពីសំណាក់អង្គការវិជ្ជាជីវៈ របស់កម្មករនិយោជិត និងនិយោជក ក៏ដូចជាអង្គការអន្តរជាតិ ជាដៃគូផងនោះដែរ។

អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង លោកឡូយ សុផាត បានមានប្រសាសន៍ ណែនាំឲ្យមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានឯកជននានា ដើម្បីពង្រឹងប្រសិទ្ធិភាពការងារជូនកម្មករ និងលើកកំពស់ជីវភាពរស់នៅ ហើយកម្មករខ្លួនឯង ក៏ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះការងាររបស់ខ្លួនផងនោះដែរ។ អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង បានចាត់ទុកថា ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាន គឺជាប្រភពផ្តល់ការងារជូនកម្មករនិយោជិត ដល់កូនចៅប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់នោះ គឺអាចជម្រុញធ្វើឲ្យសេដ្ឋកិច្ចគ្រួសារកម្មករនិយោជិត និងសេដ្ឋកិច្ចជាតិ មានការរីកលូតលាស់ជាលំដាប់។

លោក ឡូយ សុផាត មានប្រសាសន៍ទៀតថា កម្មករខ្លួនឯង ក៏ត្រូវយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ ត្រូវខិតខំបន្ថែមទៀតក្នុងការបង្កើនចំណេះដឹងផ្នែកការងារ ត្រូវមានទំនាក់ទំនងល្អជាមួយនិយោជក ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាន ស្របពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា៕









 

Loading...