មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មចូលដល់យប់ទី៣នៅទីក្រុងម៉ានិល

ការចរាចរណ៍មានការជាប់គាំងស្ទើរតែពាក់កណ្តាលទីក្រុងហាយវ៉េនានាក្នុងទីក្រុងម៉ានីលកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥ ខណៈដែលមនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាគ្រឹស្ទបរិស័ទនោះបាននាំគ្នាធ្វើបាតុកម្មរាំងផ្លូវចូលដល់យប់ទី៣ហើយ ដោយតវ៉ាចំពោះរដ្ឋាភិបាលថាបានលូកដៃចូលក្នុងកិច្ចការសាសនារបស់ពួកគេ ។

ក្រុមបាតុករជាច្រើននាក់បានប្រដាប់ដោយទង់សាសនារបស់ពួកគេ ដែលជាការសម្គាល់ថាជាក្រុម Iglesia ni Cristo (ព្រះវិហារគ្រឹស្ទ) ឬ INC បានប្រមូលផ្តុំកកកុញរាំងស្ទះនៅតាមដងផ្លូវហាយវ៉េ ។ ក្នុងចំណោមពួកគេខ្លះទទូលឆត្រការពារកុំឲ្យទទឹកភ្លៀង ។ ខណៈអ្នកខ្លះទៀតចាក់ភ្លេងរបស់ពួកគេដែលជាការតវ៉ាលាន់ឮយ៉ាងកងរំពង ។

ប៉ូលិសអះអាងថា អ្នកចូលរួមធ្វើបាតុកម្មមានប្រមាណ១៤.៥០០នាក់ ។ ពួកគេបានលើកបដាអំពាវនាវរដ្ឋាភិបាលឲ្យផ្តល់សិទ្ធិសេរីភាពក្នុងជំនឿសាសនារបស់ពួកគេ ។ ពួកគេស្រែកថា យុត្តិធម៌ៗ (Hustisya) ។

ជាក្រុមដែលធ្លាប់មានឥទ្ធិពលទៅលើអ្នកនយោបាយ និងតុលាការ ហើយដែលគេស្គាល់ថា សមាជិករបស់ពួកគេជាអ្នកស្តាប់បង្គាប់តាមមេដឹកនាំរបស់ខ្លួននោះ ក្រុម INC បាននិងកំពុងប្រឈមមុខពីវិបត្តិយ៉ាងធំធេង ដោយសារតែមេដឹកនាំរបស់ពួកគេត្រូវចាប់ខ្លួនដោយសារតែមានការប្តឹងផ្តល់ថាបានបង្ខាំងមនុស្សខុសច្បាប់ ។

មេដឹកនាំសាសនាបានបញ្ជាក់ថា ករណីនេះគឺជាករណីកើតឡើងដោយសារតែហេតុផលមូលនិធិនៅក្នុងព្រះវិហារ ជាកិច្ចការផ្ទៃក្នុងរបស់ព្រះវិហារប៉ុណ្ណោះ ដូច្នេះរដ្ឋាភិបាលមិនគួរណាលូកដៃចូលក្នុងរឿងនេះឡើយ ។

អ្នកវិភាគស្ថានការណ៍ខាងលើបានបញ្ជាក់ថា ការជួបជុំធ្វើបាតុកម្មទ្រង់ទ្រាយធំខាងលើនេះបង្ហាញឲ្យឃើញពីការគាបសង្កត់ទៅលើរដ្ឋាភិបាលឲ្យទម្លាក់ចោលករណីមួយនេះ ។ ប៉ុន្តែរដ្ឋាភិបាលទំនងជាមិនបោះបង់ចោលការអនុវត្តច្បាប់នោះឡើយ ។

អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក Herminio Coloma បានថ្លែងតាមសារអេឡិចត្រូនិកទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានថា រដ្ឋាភិបាលមិនបាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អង្គការ សាសនាណាមួយឡើយ ហើយវាជាកាតព្វកិច្ចយ៉ាងសំខាន់ដែលធ្វើទៅតាមច្បាប់ និងទៅតាមអ្វីដែលមានការប្តឹងពីប្រជាពលរដ្ឋ ។

ករណីប្តឹងផ្តល់ខាងលើនេះដែរ ត្រូវគេមើលឃើញថា នឹងនាំឲ្យមានការបែកបាក់ក្រុមអ្នកកាន់សាសនាគ្រឹស្ទនៅក្នុងប្រទេសនេះដែលមានសមាជិកប្រមាណជិត២លាននាក់នោះ ។ ការប្រមូលផ្តុំគ្នាមានទ្រង់ទ្រង់ធំ ក្នុងគម្រោងធ្វើបាតុកម្មរយៈពេល៤ថ្ងៃ ។ ជាមួយគ្នានោះមានការចូលរួមពីក្រុមបវិត្តន៍អំណាចប្រជាជនទាមទារឲ្យប្រធានាធិបតីហ្វីលីពីនចុះចេញពីតំណែងផងដែរ ៕

protest (1)

protest (2)

protesters-belonging-to

Loading...

Leave a Reply

Your email address will not be published. Required fields are marked *