មនុស្ស 9 នាក់ស្លាប់ក្នុងការវាយប្រហារចូលក្រសួងមហាផ្ទៃរបស់ប្រទេសសូម៉ាលី

ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស 9 នាក់បានស្លាប់ ដោយសារការវាយប្រហារចូលក្រសួងមហាផ្ទៃសូម៉ាលី ។ កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានសម្លាប់ក្រុមអ្នកវាយប្រហារបីនាក់ បន្ទាប់ពីការប្រយុទ្ធគ្នាដោយកាំភ្លើងរយៈពេលពីរម៉ោង ។

ក្រុមប៉ូលិសបាននិយាយនៅថ្ងៃនេះថា ក្រុមជ្រុលនិយម អាល់សាបាប (al-Shabab) បានប្រកាសអះអាងថា ពួកគេជាអ្នកទទួលខុសត្រូវទង្វើខាងលើនេះ ។

ស្នរសំឡេងបាញ់កាំភ្លើងបានឮឡើងក្ឌុងក្គាំងនៅឡើយ ខណៈសេចក្តីរាយការណ៍ថា មនុស្សជាច្រើន ជាបុគ្គលិករដ្ឋាភិបាលជាប់គាំងនៅខាងក្នុងក្រសួងមហាផ្ទៃ ។

លោក Ahmed Mohamed បាននិយាយថា មនុស្សជាង 10 នាក់បានរងរបួស ហើយចំនួនអ្នកស្លាប់អាចកើនឡើង ។ សាក្សីថា បុគ្គលិកដែលធ្វើការនៅក្នុងក្រសួងមួយចំនួនបានស្លាប់ និងរងរបួស ខណៈពេលលោតពីបង្អួច ឬពីជញ្ជាំងអគារក្រសួងមហាផ្ទៃដើម្បីរត់គេចខ្លួន ។

ការវាយប្រហារចាប់ផ្តើមនៅពេលព្រឹកថ្ងៃទី៧ ខែកក្កដា ម៉ោងនៅក្នុងតំបន់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានធ្វើសកម្មភាពនៅមាត់ទ្វារចូលក្រសួងមហាផ្ទៃ មិនឆ្ងាយប៉ុន្មានពីវិមានប្រធានាធិបតី និងការិយាល័យកណ្តាលរបស់រដ្ឋសភាស៊ូម៉ាលី ។

លោក Mohamed Hussein និយាយថា ខ្មាន់កាំភ្លើងបីនាក់ គេជឿថានៅលាក់ខ្លួនខាងក្នុងក្រសួង ហើយការបាញ់ប្រហារបានឮសូរពីក្នុងផ្ទៃខាងក្រោយនៃក្រសួងនេះ ។ បរិវេណអគារនេះ មានក្រសួងសន្តិសុខសូម៉ាលីនៅខាងក្នុងនោះដែរ។

ស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់បានលាន់ឮកងរំពងទូទាំងតំបន់ ខណៈទាហានបាញ់ឡើងលើបំបែកអ្នកឈរមើល និងអ្នកបើកបរម៉ូតូដែលពាំងផ្លូវចរាចរណ៍ ។

ក្រុមភេរវកម្ម Al-Shabab មូលដ្ឋាននៅក្នុងប្រទេសសូម៉ាលី ដែលជាក្រុមដៃជើងរបស់ពួកអាល់កៃដា ជារឿយៗ បានវាយប្រហារផ្តោតសំខាន់ទៅលើទីតាំងក្នុងរដ្ឋធានី ។ ក្រុមនេះត្រូវគេបន្ទោសថា បានបំផ្ទុះគ្រាប់បែកកាលពីខែតុលា ឆ្នាំមុន សម្លាប់មនុស្សជាង 500 នាក់ ដែលជាការសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្ត្រស៊ូម៉ាលី ។

សហរដ្ឋអាមេរិកស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Trump បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកយោធានៅសូម៉ាលី ណាស់ដែរ ក្នុងនោះដូចជាវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកច្រើនលើកច្រើនសារ ប្រឆាំងក្រុមភេរវកម្ម អាល់សាបាប និងវត្តមានពួកយុទ្ធជនផ្សេងទៀតដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ។ យោធាអាមេរិក 2 នាក់រួចមកហើយបានបាត់បង់ជីវិត ។

អាមេរិកនិងសហគមន៍អន្តរជាតិសម្តែងការព្រួយបារម្ភអំពីផែនការកម្លាំងសន្តិសុខសូម៉ាលី មិនទាន់អាចគ្រប់គ្រងសន្តិសុខដោយខ្លួនឯងបាន ។ កម្លាំងសហភាពអាហ្វ្រិកពហុជាតិ និយាយថា កងទ័ពក្នុងតំបន់មិនទាន់ត្រៀមខ្លួននៅឡើយសម្រាប់រក្សាសន្តិសុខដោយខ្លួនឯងនោះ ៕

Loading...