មន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិចាំយាមរងការរិះគន់ បើកដៃអោយទំនិញខូចគុណភាពចូលសេរី

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋកំពុងតែនាំគ្នាធ្វើការរិះគន់ចំៗទៅលើមន្ត្រីកាំកុងត្រូលច្រកទ្វាអន្តរជាតិចាំយាមថាប្រព្រឹត្តអំពើពុករលួយដោយបើកដៃអោយក្រុមឈ្មួញ នាំទំនិញជាច្រើនប្រភេទចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ដោយមិនមានការត្រួតពិនិត្យ អោយបានច្បាស់លាស់ ។បើតាមសេចក្តីរាយការណ៏ ពីប្រជាពលរដ្ឋបានអោយបណ្តាញព័ត៌មានដឹងថា ទំនិញជាច្រើនមុខដូចជាបន្លែផ្លែឈើចាប់ហួយសាច់និងត្រី ។ ល ។ត្រូវបានក្រុមឈ្មួញកំពុងតែមមាញឹកក្នុងការនាំចេញពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា ដោយមានការបើកដៃពីសំណាក់មន្រ្តីកាំកុងត្រូលប្រចាំនៅច្រកនោះ ។

ប្រភពបន្តថា ទំនិញដែលនាំចូលមកកាន់ប្រទេសកម្ពុជាទាំងនោះ គឺពុំដែលមានការត្រួតពិនិត្យពីសំណាក់មន្ត្រីកាំកុងត្រូល ប្រចាំនៅច្រកទ្វាអន្តរជាតិចាំយាមនោះទេ ទោះបីបើគេដឹងថាទំនិញទាំងនោះ ភាគច្រើនប្រកបទៅដោយសារធាតុគីមី ក៏ដូចជាទំនិញដែលជិតផុតកាលបរិច្ឆេតក៏ដោយ ក៏មន្រ្តីកាំកុងត្រូលមិនបានយកភ្នែកមើលនោះដែរ គឺក្រុមមន្ត្រីទាំងនោះ គិតតែពីការហុចដៃដើម្បីប្រមួលយកផលប្រយោជន៏ដាក់ចូលក្នុងហោប៉ៅឯកជនរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋលើកឡើងទៀតថា ទំនិញដែលនាំចេញពីប្រទេសថៃតាមរទេះមកកាន់ប្រទេសកម្ពុជា បើសិនជាទំនិញតិចតួច ក្នុងមួយរទេះៗខាងមន្រ្តីកាំកុងត្រូលយកពី៥ពាន់រៀលទៅ១ម៉ឺនរៀល ហើយបើច្រើនវិញនោះគឺខាងកាំកុងត្រូលយកពី២ម៉ឺនរៀលទៅ៥ម៉ឺនរៀលទើបពួកគាត់អោយចេញ ហើយបើមានការតថ្លៃនោះ គឺប្រាកដជាពិបាកខ្លាំងហើយ ព្រោះថាពួកគាត់តែងតែយកអំណាចរបស់ពួកគាត់មកកៀបសង្កត់លើប្រជាពលរដ្ឋ និង ក្រុមឈ្មួញដែលប្រកបរបររកស៊ីនៅតាមច្រកទ្វាមួយនេះ ហើយបើពួកគាត់ចង់តវ៉ាក៏មិនប្រាកដថាមានដំណោះស្រាយនោះដែរ ព្រោះមន្រ្តីទាំងនោះបានឃុបឃិតជាប្រព័ន្ធរួចទៅហើយ ។

ប្រជាពលរដ្ឋក៏បានត្អូញត្អែរយ៉ាងខ្លាំងថាប្រសិនបើទំនិញដែលខូចគុណភាព និង ទំនិញដែលប្រកបទៅដោយសារធាតុគីមី នៅតែបន្តចូលតាមច្រកទ្វាអន្តជាតិចាំយាមដោយមិនមានការត្រួតពិនិត្យអោយបានច្បាស់លាស់ពីខាងមន្រ្តីកាំកុងត្រូលរបៀបនេះ ពិតជាបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សុខភាព បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាទាំងមូលផងដែរ ។ជុំវិញការចោទប្រកាន់ខាងលើភ្នាក់ងារព័ត៌មានយើង ពុំអាចសុំការបំភ្លឺពីលោកឡាយ សុខសៅគន្ធា ប្រធានសាខាគយបានទេក្នុងថ្ងៃនេះ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *