មន្ត្រីកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំចុះពិនិត្យ និងណែនាំដល់អាជីវករកុំឲ្យតាំងចំណីអាហារធ្វើឲ្យប៉ះពាល់សុខភាព

ខេត្តត្បូងឃ្មុំ៖ ដើម្បីជាប្រយោជន៍ដល់សុខភាពប្រជាជនទូទៅ មន្ត្រីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយ លោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្នុងសកម្មភាពចុះត្រួតពិនិត្យគុណភាពទំនិញ ដើម្បីធានាសុខមាលភាពជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ក្នុងសកម្មភាពនោះ មន្ត្រីកាំកុងត្រូលបានត្រួតពិនិត្យឃើញ និងដកហូតទំនិញជាគ្រឿងឧបភោគ និងបរិភោគ ហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ សំបកកំប៉ុងប៉ោង កំពិត និងពុំមានស្លាកសញ្ញា លើសំបកវេចខ្ចប់ត្រឹមត្រូវបានមួយចំនួន មានដូចជាទឹកក្រូចទឹកផ្លែឈើ អាហារកំប៉ុង ដើម្បីយកទៅកំទេចចោល ព្រមទាំងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ អោយដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសបទបញ្ញតិនៃច្បាប់ ។

នៅក្នុងឱកាសនោះទាំងមន្រ្តីកាំកុងត្រូល និងមន្ទីពាណិជ្ជកម្មបានណែនាំដល់អាជីវករកុំឲ្យដាក់តាំងលក់របស់ខូចគុណភាព ហួសកាលបរិច្ឆេទ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងនោះក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមុននឹងទិញរបស់យកទៅប្រើប្រាស់ បរិភោគត្រូវពិនិត្យឲ្យបានច្បាស់លាស់ ចៀសវាងទិញប៉ះរបស់ក្លែងក្លាយ និងខូចគុណភាព ធ្វើឲ្យខាតបង់ប្រាក់ និងប៉ះពាល់សុខភាព ៕

Loading...