មន្ត្រីកំពូលកូរ៉េខាងជើងទៅអាមេរិក រីឯមន្ត្រីជាន់ខ្ពស់រុស្ស៊ីវិញទៅកាន់ទីក្រុងព្យុងយ៉ាង

មន្ត្រីជាន់ខ្ពស់នៅក្នុងរបបកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ហើយអ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីវិញ កំពុងរៀបចំធ្វើដំណើរទៅកាន់ក្រុងព្យុងយ៉ាង ក្នុងនាមជាការរៀបចំការទូតសម្រាប់ជំនួបកំពូលនុយក្លេអ៊ែរជាប្រវត្តិសាស្ត្ររវាងលោក Donald Trump នឹងលោក គីម ជុងអ៊ុន។

មន្រ្តីបាននិយាយថា ឧត្តមសេនីយ៍ Kim Yong Chol ដែលជាមនុស្សដៃស្ដាំរបស់មេដឹកនាំកូរ៉េខាងជើង នឹងជួបជាមួយលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅទីក្រុងញូវយ៉ក។

លោក Trump បានបញ្ជាក់អំពីដំណើររបស់លោកឧត្តមសេនីយ៍រូបនេះ ស្ថិតនៅបណ្តាញទំនាក់ទំនងសង្គមធ្វីធើរបស់លោក ហើយបានអួតថា ក្រុងវ៉ាស៊ីនតោននឹងមាន “ក្រុមការងារដ៏អស្ចារ្យ” ដើម្បីកិច្ចពិភាក្សាគោលបំណងដោះស្រាយការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរ ។

ប្រធានាធិបតីអាមេរិក នៅតែសង្ឃឹមថា កិច្ចប្រជុំកំពូលនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 ខែមិថុនា នៅសិង្ហបុរី។

“កិច្ចប្រជុំនាពេលថ្មីៗនេះ កំពុងប្រព្រឹត្តទៅទាក់ទងនឹងកិច្ចប្រជុំកំពូល និងអ្វីៗជាច្រើនទៀត ។ លោក Kim Young Chol អនុប្រធានកូរ៉េខាងជើងកំពុងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ។ ការឆ្លើយតបយ៉ាងរឹងមាំចំពោះលិខិតរបស់ខ្ញុំ សូមអរគុណ! Trump បានសរសេរដូច្នេះ។

ទីក្រុងម៉ូស្គូបាននិយាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ។

កាលពីខែមុន រដ្ឋមន្ត្រីការបរទេសរបស់កូរ៉េខាងជើង លោក Ri Yong Ho បានរៀបចំកិច្ចពិភាក្សាដ៏កម្រជាមួយលោក Sergei Lavrov នៅទីក្រុងម៉ូស្គូ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏តានតឹងជាមួយនឹងមហាអំណាចពិភពលោក ។

ប្រទេសរុស្ស៊ីគឺជាសមាជិកនៃកិច្ចចរចា 6 ប្រទេសដែលបានធ្វើឡើងរវាងឆ្នាំ 2003-8 ដែលមានបំណងបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។

ប្រទេសជប៉ុនក៏កំពុងសម្លឹងមើលការត្រៀមលក្ខណៈរបស់កិច្ចប្រជុំកំពូលនេះផងដែរ។ អ្នកនាំពាក្យសេតវិមាន Sarah Sanders បាននិយាយថា លោក Trump នឹងជួបជាមួយលោកនាយករដ្ឋមន្រ្តី Shinzo Abe នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី 7 ខែមិថុនា ឆ្នាំ២០១៨។

លោកស្រីSarah បាននិយាយថា “ចាប់តាំងពីលិខិតរបស់ប្រធានាធិបតីកាលពីថ្ងៃទី 24 ខែឧសភា ផ្ញើទៅកាន់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន, ប្រជាជនកូរ៉េខាងជើងត្រូវបានភ្ជាប់ចូលជាមួយ” ។

“សហរដ្ឋអាមេរិកបន្តរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលដែលរំពឹងទុករបស់ប្រធានាធិបតី Trump ជាមួយមេដឹកនាំគីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី” ។

លោក Kim Yong Chol កំពុងធ្វើដំណើរទៅទីក្រុងញូវយ៉កតាមព្រលានយន្តហោះទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ។ យោងតាមអ្នកកាសែត AFP បានឱ្យដឹងថា គាត់បានប្រើប្រាស់ច្រកចូលលំដាប់ VIP ។

អ្នកនាំពាក្យរបស់លោក Pompeo បាននិយាយថា វានឹងក្លាយជាកិច្ចប្រជុំលើកទី 3 រវាង លោកPompeo ដែលបានបើកទំនាក់ទំនងជាមួយរបបឯកោក្រុងព្យុងយ៉ាងឯកោ ពេលគាត់នៅធ្វើជានាយក សេអ៊ីអា ។

អ្នកស្រីបាននិយាយថា “យើងកំពុងបញ្ចប់នូវអ្វីដែលកិច្ចប្រជុំទាំងនេះនឹងមានលក្ខណៈដូចគ្នា” ។

ការធ្វើដំណើរនេះគឺជាផ្នែកមួយនៃការរីកចំរើនផ្នែកការទូត មុនពេលកិច្ចប្រជុំកំពូលម្តងហើយម្តងទៀត។

– ភូមិ ឈប់បាញ់ –

លោក Trump បានលុបចោលកិច្ចចរចាភ្លាមៗកាលពីសប្តាហ៍មុន ដោយលេសថា “អរិភាពបើកចំហរ” ពីកូរ៉េខាងជើង ប៉ុន្តែចាប់តាំងពីពេលនោះមក ភាគីទាំងសងខាងបានបន្ថយវោហាសាស្ត្រដាក់គ្នា ហើយដំណើរការនេះ ទំនងជាវិលត្រឡប់ទៅរកស្ថានការណ៍ដែលបានគ្រោងទុកវិញ។

កាលពីថ្ងៃអាទិត្យអ្នកចរចាអាមេរិកដែលដឹកនាំដោយឯកអគ្គរដ្ឋទូតទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅប្រទេសហ្វីលីពីន លោកSung Kim បានចាប់ផ្តើមកិច្ចប្រជុំជាមួយសមភាគីកូរ៉េខាងជើង នៅក្នុងភូមិឈប់បាញ់ Panmunjom ដែលបែងចែកកូរ៉េទាំងពីរ ។

លោកស្រី Sanders បានថ្លែងថា: «ពួកគេគ្រោងនឹងមានកិច្ចប្រជុំបន្ថែមទៀតនៅសប្តាហ៍នេះ» ។

លោក Kim Yong Chol នឹងក្លាយជាមេដឹកនាំកូរ៉េខាងជើងដែលមានឋានៈខ្ពស់បំផុតមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិច ចាប់តាំងពីមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង Marshal Jo Myong Rok បានជួបជាមួយលោក បន្ទាប់មកជាប្រធានាធិបតី Bill Clinton កាលពីឆ្នាំ 2000 ។

លោកឧត្តមសេនីយ៍បានដើរតួនាទីជាអ្នកអង្គុយកៅអីជួរមុខ នៅក្នុងអំឡុងពេលនៃកិច្ចចរចាការទូតនាពេលថ្មីៗនេះ ក្នុងបំណងបញ្ចប់ការជាប់គាំងនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

លោកឧត្តមសេនីយ៍Kim Yong Chol បានអង្គុយនៅក្បែរកូនស្រីលោកដូណាល់ ត្រាំIvanka ដែលក៏ជាជំនួយការសេតវិមានផងដែរ ក្នុងអំឡុងពិធីបិទការប្រកួតកីឡាអូឡាំពិករដូវរងារ នៅកូរ៉េខាងត្បូងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ។ ព្រឹត្តិការណ៍កីឡាមួយនេះត្រូវបានគេមើលឃើញថា ជាចំណុចប្រែប្រួលមួយនៅក្នុងបញ្ហាវិបត្តិអាវុធនុយក្លេអ៊ែរ។

លោក Kim Yong Chol ក៏បានអមដំណើរលោក គីម ជុងអ៊ុន ក្នុងដំណើរទស្សនកិច្ចរបស់លោកទាំងពីរ ទៅកាន់ប្រទេសចិនដើម្បីជួបជាមួយលោកប្រធានាធិបតីស៊ី ជីនពីង និងបានធ្វើកិច្ចចរចាជាមួយ លោក Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក នៅពេលដែលលោកបានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាង ។

– ការគម្លាតគ្នា –

លោកឧត្តមសេនីយ៍រូបនេះគឺជាមន្ត្រីមួយរូបដែលល្បីឈ្មោះយ៉ាងអាសោចនៅក្នុងប្រទេសកូរ៉េខាងត្បូង ។ លោកត្រូវបានចោទប្រកាន់ថា ជាមេគំនិតឲ្យមានការវាយពន្លិចនាវា Corvette របស់កងនាវាចរ Cheonan កូរ៉េខាងត្បូងកាលពីឆ្នាំ 2010 សម្លាប់ទាហានជើងទឹករហូតដល់ 46 នាក់ ជាការវាយប្រហារ ដែលកូរ៉េខាងជើងតែងតែប្រកាសបដិសេធមិនទទួលខុសត្រូវ ។

ពីឆ្នាំ 2009 ដល់ឆ្នាំ 2016 លោក Kim Yong Chol ក៏បានដឹកនាំការិយាល័យសើរើទូទៅរបស់កូរ៉េខាងជើង ជាអង្គភាពមួយ មានភារកិច្ចប្រយុទ្ធប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត និងប្រមូលព័ត៌មានសម្ងាត់ ។

លោកឧត្តមសេនីយ៍ Kim Yong Chol គឺជា មន្ត្រីម្នាក់ក្នុងចំណោមមន្រ្តីកូរ៉េខាងជើងជាច្រើនរូប ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Heather Nauertបាននិយាយថា លោកស្រីជឿជាក់ថា សហរដ្ឋអាមេរិកបានចាត់វិធានការសមស្របដើម្បីអនុញ្ញាតឱ្យលោកទៅទស្សនាទីក្រុងញូវយ៉ក ដោយគ្មានការថ្កោលទោស។

ការធ្វើដំណើររបស់លោកឧត្តមសេនីយ៍រូបនេះ ទៅកាន់សហរដ្ឋអាមេរិក បានធ្វើឱ្យមានការជួបគ្នាពីរបីថ្ងៃរវាងមន្ត្រីកូរ៉េខាងជើង នឹងអាមេរិក។

អ្នកថតរូប AFP ម្នាក់បានឃើញលោក Kim Chang Son នាយសេនាធិការផ្តាច់មុខរបស់លោកគីម ជុងអ៊ុន ស្ថិតនៅក្នុងប្រទេសសឹង្ហបុរីកាលពីថ្ងៃអង្គារសម្រាប់ការពិភាក្សារៀបចំនៅទីនោះ ។

ភារកិច្ចសំខាន់គឺដើម្បីដោះស្រាយរបៀបវារៈ ។ ចំណុចសំខាន់ទំនងជាគំនិត “ការលុបបំបាត់អាវុធនុយក្លេអ៊ែរ” – ដែលភាគីទាំងពីរសុទ្ធតែនិយាយថាចង់បាន ប៉ុន្តែវាមានគម្លាតរវាងការបកស្រាយរបស់ពួកគេ ។

ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស តាមវិធីដែលអាចផ្ទៀងផ្ទាត់ទៅបាន ថ្នូរមកវិញការលើកលែងទណ្ឌកម្ម និងជំនួយសង្គ្រោះសេដ្ឋកិច្ច ។

ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា កូរ៉េខាងជើងនឹងមិនព្រមលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ខ្លួនទេ លុះត្រាតែមានការធានាសន្តិសុខថា សហរដ្ឋអាមេរិកនឹងមិនព្យាយាមផ្តួលរំលំរបបមួយនេះ ៕

Loading...