មន្ត្រីក្រសួងកសិកម្មនៅបន្តដេកភ័យក្រោមកំណែទម្រង់របស់លោកវេង សាខុន

ភ្នំពេញ៖ ភាពរំជើបរំជួលនៅតែបន្តកើតមានក្នុងក្រសួងកសិកម្ម ក៏ដូចជានៅតាមមន្ទីរកសិកម្មខេត្ត ក្រុង ក៏ព្រោះតែការប្រកាសរបស់លោករដ្ឋមន្ត្រីវេង សាខុន បន្តកំណែទម្រង់ស៊ីជម្រៅគ្មានពេលឈប់សម្រាក ។ អ្វីដែលក្រុមមន្ត្រីទាំងនោះព្រួយបារម្ភ គឺកំណែទម្រង់របស់លោករដ្ឋមន្ត្រីគ្មានអ្វីក្រៅពីដកមន្ត្រីសកម្ម ដាក់មន្ត្រីមានលុយនោះទេ ។

ភ្លាមៗបន្ទាប់ពីចូលកាន់តំណែងបានប៉ុន្មានថ្ងៃ លោករដ្ឋមន្ត្រីបានធ្វើឲ្យក្រុមមន្ត្រីនៅតាមអគ្គនាយកដ្ឋាន និងនាយកដ្ឋានភ័យលោះព្រលឹងម្តងរួចទៅហើយ ។ បន្ទាប់ពីការប្រកាសដកមន្ត្រីនៅក្នុងក្រសួងបានប៉ុន្មានម៉ោង លោកក៏បាននិរាករណ៍សេចក្តីប្រកាសនោះវិញ ដែលប្រការនេះធ្វើឲ្យមានការសើចចំអកចំពោះចំណាត់ការរបៀបរបបដឹកនាំរបស់លោករដ្ឋមន្ត្រីថា ធ្វើការតាមតែនឹកឃើញ និងគ្មានគោលការណ៍ច្បាស់លាស់ ។ ទំនងជាមានការរិះគន់ខ្លាំង លោកបានដកថយពីកំណែទម្រង់ក្នុងក្រសួងដោយងាកទៅរកកំណែទម្រង់តាមមន្ទីរកសិកម្មខេត្តវិញ ។ ឥឡូវនេះ ប្រធានមន្ទីរកសិកម្ម ដែលមិនទាន់ដល់អាយុចូលនិវត្តន៍​ត្រូវបានលោករដ្ឋមន្ត្រីដកឲ្យនៅក្រសួងហើយដាក់មន្ត្រីមានលុយដែលភាគច្រើនជានាយខណ្ឌរដ្ឋបាលព្រៃឈើធ្វើជាប្រធានមន្ទីរវិញ ។ ដោយសារតែការដកមន្ត្រីជាប្រធានមន្ទីរច្រើនពេកធ្វើឲ្យប្រធានមន្ទីរកសិកម្មមួយចំនួនកំពុងធ្វើការក្នុងសេចក្តីភ័យខ្លាច ។

រឿងកំណែទម្រង់នេះ សូម្បីតែអនុរដ្ឋលេខាធិការ២នាក់ ក៏សុំចាកចេញពីក្រសួងកសិកម្មទៅនៅក្រសួងបរិស្ថាន ។ មន្ត្រីជាន់ខ្ពស់ទាំងពីរនាក់នេះ និយាយដើមលោករដ្ឋមន្ត្រី វេង សាខុន ពេញក្រសួងបរិស្ថាន ។ មន្ត្រីទាំងពីរនាក់នោះ សុទ្ធតែមានខ្នងបង្អែករឹងមាំជាកូនមន្ត្រីជាន់ខ្ពស់ ក៏នៅតែមិនអាចសុំសុខជាមួយលោក វេង សាខុន បាន ។​

ថ្មីៗនេះ លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានអនុញ្ញាតឲ្យក្រុមហ៊ុនមួយកែច្នៃឈើនៅស្រុកស្នួល ។ ក្នុងពេលដែលរាជរដ្ឋាភិបាលបញ្ចប់ការកាប់បំផ្លាញព្រៃឈើ បែរជាលោករដ្ឋមន្ត្រីអនុញ្ញាតឲ្យក្រុមហ៊ុន លឹម រ៉ូយ៉ាល់ មានសិទ្ធិបង្កើតរោងចក្រអារឈើថែមទៀត ។ ប្រការនេះ រាជរដ្ឋាភិបាលគួរពិនិត្យមើលជំហររបស់មន្ត្រីឲ្យបានច្បាស់លាស់ផង ។ រឿងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន នេះមានច្រើនតទៀត ៕

 

Loading...