មន្ត្រីក្រសួងបរិស្ថាន​និងរដ្ឋបាលព្រៃឈើ សហការគ្នាស្វែងរកសត្វដំរីញីមួយក្បាលដែលបានឆ្លងពីប្រទេសថៃ

ខេត្តបាត់ដំបង៖ មន្ត្រីមន្ទីរបរិស្ថានខេត្តបាត់ដំបងនៃក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរួមនឹងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធចំនួនប្រមាណ ២០នាក់
បាននឹងកំពុងសហការគ្នាស្វែងរកសត្វដំរីញីមួយក្បាលដែលបានឆ្លងពីប្រទេសថៃ ចូល
មកក្នុងទឹកដីកម្ពុជាដែលដំបូងឡើយបង្ហាញវត្តមានក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីសបា្តហ៍មុននិងចុងក្រោយនេះត្រូវបានគេដឹងថាកំពុងមានវត្តមាននៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រុមមន្ត្រីទាំងនេះបាននិងកំពុងមានវត្តមាននៅតំបន់នោះផ្ទាល់
ដើម្បីតាមដាន វត្តមានសត្វដំរីញីមួយក្បាលនោះ និងត្រៀមចាត់វិធានការចាំបាច់នានា
ដើម្បីគ្រប់គ្រង លើសត្វដំរីនោះនិងការពារសុវត្ថិភាពជូនបងប្អូនពលរដ្ឋនៅតំបន់នោះ។

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ដែលកំពុងចុះប្រតិបត្តិការ ស្វែងរកសត្វដំរីជាមួយមន្ត្រីពាក់ព័ន្ធនានាបានថ្លែងឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨ នេះថា ក្រុមកម្លាំងចម្រុះក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើបាននិងកំពុងតែ តាមដានស្វែងរកដានសត្វដំរីនោះ ប៉ុន្តែរហូតមកទល់នឹងម៉ោង ៨ យប់នេះនៅមិនទាន់ អាចកំណត់ថាសត្វដំរីនេះមានវត្តមាននៅទីណាពិតប្រាកដនៅឡើយទេ ក្រោយពីកាល ពីយប់រំលងអាធ្រាតថ្ងៃទី១៩ ខែមករា ប្រជាពលរដ្ឋនៅក្នុងភូមិគគីរ ឃុំបារាំងធ្លាក់ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបងបានដេញសត្វដំរីនោះពីចម្ការរបស់ពួកគាត់ ហើយរត់ឡើងភ្នំ នៅក្នុងតំបន់ភ្នំនោះ។

ខណៈកម្លាំងចម្រុះកំពុងតាមដានស្វែងរកសត្វដំរីញីមួយក្បាលនេះដែលបានបង្ក ឱ្យស្រ្តីម្នាក់រស់នៅក្នុងស្រុកភ្នំព្រឹកខេត្តបាត់ដំបងរងរបួសបាក់ឆ្អឹងចំនី ១០ កាំ និងកំពុង
តែសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ប្រសិនបើបានឃើញសត្វដំរីមួយ ក្បាលនោះ សូមជួយផ្តល់ដំណឹងដល់ក្រុមកម្លាំងចម្រុះ និងសូមបងប្អូនប្រជាពលរដ្ឋប្រុង ប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពដោយកុំចូលទៅជិតសត្វដំរីនោះ ប្រសិនបើឃើញវា៕

 

Loading...