មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកំពង់ធំម្នាក់ បានងរងការចោទពីអ្នកគ្រប់គ្រងបរិស្ថាន នៅតំបន់ រមណីដ្ឋានភ្នំសន្ទុក ថាបានប្រើហឹង្សាទះកំផ្លៀង និងទាញអាវុធខ្លីមកគម្រាមថែមទៀតផង

ខេត្តកំពង់ធំ៖ មន្ត្រីជាន់ខ្ពស់អាវុធហត្ថខេត្តម្នាក់ ដែលរងការចោទពី អ្នកគ្រប់គ្រងការអនាម័យបរិស្ថាន នៅតំបន់រមណីដ្ឋានភ្នំសន្ទុកនោះ ត្រូវគេស្គាល់ គឺជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ មានឈ្មោះ យី សំអូន មានឋានន្តរសក្កិ ថ្នាក់វរៈសេនីយ៍ឯក « សក្តិ៥ » ហើយជម្លោះឈានដល់ផ្ទុះអំពើហឹង្សានោះ បានផ្តើមចេញពីការមិនបង់ប្រាក់សេវាប្រមូលកាកសំណល់ ដើម្បីទ្រទ្រង់លើការសំអាតបរិស្ថាន នៅក្នុង តំបន់រមណីដ្ឋានភ្នំសន្ទុក ខេត្តកំពង់ធំ។ ហេតុការណ៍នោះ បានកាលពីថ្ងៃទី៨កក្កដាឆ្នាំ២០២០ កន្លងមក នេះ។ ហើយរហូតមកដល់ពេលនេះ នៅពុំទាន់បានដោះស្រាយចប់សព្វគ្រប់នៅឡើយទេ។

អ្នកគ្រប់គ្រងរមនីយដ្ឋានភ្នំសន្ទុក លោក ប្រាក់ សុខប៊ុន ដែលគេនិយម ហៅ ទី បានថ្លែងប្រាប់អ្នក សារព័ត៌មានអោយដឹងនៅថ្ងៃម្សិលមិញថា រមណីដ្ឋានភ្នំសន្ទុក តែងទទួលបានភ្ញៀវមកកម្សាន្តជារៀងរាល់ថ្ងៃ ទោះជាមានចំនួនតិច ឬច្រើន គឺមានជាប់ជារហូត។ លោកបានបន្តទៀតថា កាលពីថ្ងៃ៨កក្កដាកន្លងទៅនេះ មានភ្ញៀវបានចូលមកកម្សាន្តជាបន្តបន្ទាប់ មានទាំងអ្នកធ្វើដំណើរតាមម៉ូតូ និងរថយន្ត ហើយភ្ញៀវទាំងអស់ តែងបានបង់សួយសារអាករ នូវថ្លៃសេវាប្រមូលកាកសំណល់ ដើម្បីអនាម័យសម្អាតបរិស្ថាន នៅក្នុង រមណីដ្ឋានភ្នំសន្ទុក និងការយកថវិកាទាំងនោះ មួយផ្នែកយកទៅឧបត្ថម្ភដល់សហការី«កម្មករ»ដែលសម្អាត បរិស្ថាន មួយផ្នែកបង់ចូលខេត្ត និងមួយផ្នែកទៀត បង់ចំណូលចូលទៅក្រសួងទេសចរណ៍ផងដែរ។ ចំពោះសេវាដែលតម្រូវអោយភ្ញៀវបង់នោះ គឺម្នាក់ចំនួន ១ពាន់រៀល តែប៉ុណ្ណោះ។

លោក ទី បានបន្តទៀតថា នៅក្នុងចំណោមភ្ញៀវជាច្រើន ដែលចូលមកលេងរមណីដ្ឋានភ្នំសន្ទុក នៅក្នុងថ្ងៃនោះ គឺមានរថយន្តភ្ញៀវម្នាក់មិនព្រមបង់សេវាអនាម័យ តាមច្បាប់ដែលកំណត់អោយនោះឡើយ ដោយរថយន្តនោះបានបើកហួស កន្លែងបង់ប្រាក់ នៅពេលនោះ លោកក៏បានជិះម៉ូតូតាម ដើម្បីសុំលុយ ៣ពាន់រៀលពីភ្ញៀវ ដែលជិះនៅក្នុងរថយន្តមួយគ្រឿងនោះ មានគ្នា៣នាក់។ លោកថា នៅពេលដែលសុំ លុយសេវាប្រមូលកាកសំណល់ ៣ពាន់រៀល លោកបានលើកដៃសំពះជម្រាបសួរត្រឹមត្រូវ ប៉ុន្តែ ត្រូវបាន អ្នកបើកបររថយន្ត លោក យី សំអូន ស្រែកប្រាប់ថា ហែងមិនមើលស្លាកលេខ ខម ទេអី ? នៅក្នុងពេលនោះ លោកក៏បានតបទៅវិញថា នៅកន្លែងនេះលើកលែងតែជនពិការ កុមារតូចៗ និងអ្នកមានបញ្ជាបេសកម្ម ចេញដោយក្រសួង និងមន្ទីរទេសចរណ៍ខេត្ត ប៉ុណ្ណោះ ដែលហាមមិនអោយយកលុយថ្លៃសេវាអនាម័យ ក្រៅពីនោះ គឺតម្រូវអោយបង់ទាំងអស់ ដើម្បីបានឧបត្ថម្ភថ្លៃកម្មករ និងបង់ចំណូលចូលរដ្ឋ។

អ្នកគ្រប់គ្រងរមណីដ្ឋានរូបនេះ បន្តអោយដឹងទៀតថា នៅក្នុងពេលនោះ ស្ត្រីម្នាក់ដែលជាម្តាយរបស់ លោក យី សំអូន បានសួរលោកថា តើមានរឿងអីទៅ? ស្របពេលជាមួយគ្នានេះ លោក យី សំអូន បានស្រែកប្រាប់ម្ដាយលោកថា មិនបាច់អោយលុយវាទេ បើហ៊ានអោយ គឺមានរឿងហើយ។ លោកថា លោកក៏បានសួរទៅស្តី្រដែលជាម្ដាយលោក សំអូន ដោយចង់ដឹងពីការងាររបស់គាត់ ហេតុអីបានសំដី របស់គាត់កាចម្ល៉េះ? ។ លោក ទី បន្តថា គ្រាន់តែលឺលោកសួរដូច្នេះ ស្រាប់តែលោក យី សំអូន បានចុះពី លើរថយន្ត មកទះកំផ្លៀងលោក ថែមទាំងដកកាំភ្លើងខ្លីមកគម្រាបថែមទៀតផង ប៉ុន្តែ ត្រូវបានស្ត្រីជាភរិយា ទាញយកកាំភ្លើងខ្លីនោះទៅទុកវិញ ហើយលោកក៏បានទាញទូរស័ព្ទថត តែត្រូវបាន លោក យី សំអូន ឆក់យកទូរស័ព្ទពីដៃ បើករថយន្តគេចចេញទៅបាត់ ហើយលោកក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរ បាលរដ្ឋបាលសន្ទុក រួចហើយដែរ ដើម្បីទាមទារសំណងជំងឺចិត្ត ១០លានរៀល ពីមេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត លោកវរៈសេនីយ៍ឯក យី សំអូន ដោយសារមិនចង់មានរឿងវែងឆ្ងាយ តទៅទៀត និងដោយមានការអន្ដរគមន៍ពី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល សុំអោយលោកពន្យាពេល និងទុកលទ្ធភាព អោយលោក យី សំអូន ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។

ដោយឡែក លោក យី សំអូន ដែលរងការចោទពីអ្នកគ្រប់គ្រងអនាម័យបរិស្ថានភ្នំសន្ទុក លោក ប្រាក់ សុខប៊ុន ហៅ ទី ដោយលោកបានបដិសេធនៅថ្ងៃនេះថា លោកពុំបានប្រើហឹង្សាទះកំផ្លៀង និងទាញអវុធខ្លី មកគម្រាម ដូចការចោទប្រកាន់ របស់អ្នកគ្រប់គ្រងរមណីដ្ឋានភ្នំសន្ទុក រូបនោះឡើយ។ លោកបញ្ជាក់ថា រឿងអីដែលលោកទៅវ៉ៃគេនោះ ព្រោះលោកតែងបានដើរធ្វើបុណ្យស្ទើរគ្រប់កន្លែង មិនដែលប៉ះពាល់អ្នកណា នោះទេ ហើយនៅពេលនេះ លោកក៏មិនចង់មានរឿងវែងឆ្ងាយទៀតដែរ។

ជុំវិញរឿងនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ អោយដឹងថា ប្រសិនបើរឿងនេះកើតមានមែននោះ លោកមិន កាន់ជើងកូនចៅនោះទេ ហើយនៅក្នុងពេលនេះ លោកឧត្តមសេនីយ៍ កំពុងបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវ បើរកឃើញរឿងនេះកើតមានពិតមែន លោកនឹងចាត់វិធានការ តាមវិន័យកងកម្លាំងនោះហើយ៕

 

Loading...