មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីកម្មសំណង់ និងសូរិយោដី ជម្រុញមន្ត្រីជំនាញមូលដ្ឋាន ក្នុងខេត្តរតនគិរី ពន្លឿនលើការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីការរៀបចំដែនដី គោលនយោបាយ វិមជ្ឈការ និងសហវិមជ្ឈការ ឲ្យបានលឿន និងប្រកបដោយតម្លាភាព !

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលមួយ ស្តីពី គម្រោងសាសង់ប្លង់គោលប្រើប្រាស់ដីនៅក្នុងស្រុកពីរ នៃខេត្តរតនគិរី គឺស្រុកអូរជុំ និងស្រុកបរកែវ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២កញ្ញាម្សិលមិញ ក្រោមអធិបតីភាព អនុរដ្ឋលេខាធិការក្រសួងដែនដីនគររូប នីកម្មសំណង់ និងសូរិយោដី លោក ឌុចវន ទីតូ ,អភិបាលខេត្តរតនគិរី លោក ថង សាវុន ដោយមានការចូល រួមពីមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើនរូប ផងដែរ។
អភិបាលខេត្តរតនគិរី លោក ថង សាវុន បានថ្លែងថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី នៅរយះកាលកន្លងមក តែងបានផ្តល់មន្ត្រីបច្ចេកទេស ឲ្យចុះសហការជាមួយអាជ្ញាធរខេត្ត និងមន្ត្រីជំនាញក្នុងខេត្ត ក្នុងការសិក្សាប្លង់គោលប្រើប្រាស់ដី ដែលបច្ចុប្បន្ន រដ្ឋបាលខេត្តរតនគិរី កំពុងត្រូវ ការជាចាំបាច់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍតំបន់ទីប្រជុំជន។ លោក ថង សាវុន បានស្នើដល់អ្នកចូលរួម សិក្ខានៅក្នុងពេលនេះទាំងអស់ ចូលរួមសហការ ពិភាក្សារកធាតុចូល និងព័ត៌មានឲ្យបានសមស្រប ជាមួយនឹងការរីកចម្រើនរបស់ខេត្ត ដោយផ្អែកលើសក្តានុពលក្នុងមូលដ្ឋាន កំពុងមានការអភិវឌ្ឍលើគ្រប់ វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលការអភិវឌ្ឍន៍នោះ បានស្របជាមួយផែនការរៀបចំដែនដីថ្នាក់តំបន់ ហើយ ក៏ឆ្លើយតបទៅនឹងផែនការរៀបចំដែនដីថ្នាក់ជាតិ ជាពិសេស ដើម្បីឲ្យការរៀបចំកសាងប្លង់គោលប្រើប្រាស់ ដីស្រុកអូរជុំ និងស្រុកបរកែវ ទទួលបានជោគជ័យ។

អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីកម្ម សំណង់ និងសូរិយោដី លោក ឌុចវន ទីតូ បានមានប្រសាសន៍ថា ការរៀបចំកិច្ចការងារដី្លធ្លីឲ្យមានប្លង់គោលនេះ គឺជាគោលដៅជម្រុញកំណើនការងារ ប្រកបដោយសមធម៌ តម្លាភាព និងប្រសិទ្ធភាព ការកសាងផែនការរៀបចំដែនដី គឺពិតជាចូលរួមចំណែក ដ៏សំខាន់ ក្នុងការសម្រេចឲ្យបាន នូវទិសដៅអភិវឌ្ឍជាតិរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌគម្រោងសហប្រតិបត្តិការ បណ្តា ប្រទេស ក្នុងមហាអនុតំបន់ទន្លេមេគង្គ « GMS » រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយ រដ្ឋាភិបាល នៃប្រទេសវៀតណាម និងឡាវ ដើម្បីធ្វើការអភិវឌ្ឍន៍តំបន់ព្រំដែន ឲ្យក្លាយទៅជាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ និងវៀតណាម « CLV » ដោយប្រទេសកម្ពុជា មានខេត្តចំនួន ៤ គឺខេត្តក្រចេះ មណ្ឌលគីរី រតនគីរី និងខេត្តស្ទឹងត្រែង សំដៅលើកកំពស់កិច្ចសហប្រតិបត្តិការ រវាងខេត្តជាប់ព្រំដែន ប្រើប្រាស់សក្តា នុពលធនធានធម្មជាតិ កេរ្តិ៍ដំណែលវប្បធម៌ និងប្រពៃណីជនជាតិដើមភាគតិច សម្រាប់ទាក់ទាញ ទេសចរណ៍ ក្នុងន័យ ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងតំបន់។

លោក ឌុចវន ទីតូ បានបញ្ជាក់ទៀតថា ខេត្តរតនគិរី ក៏ជាខេត្តមួយ ស្ថិតនៅក្នុងច្រករបៀងសេដ្ឋកិច្ច ខាងត្បូង នៃមហាអនុតំបន់ទន្លេមេគង្គ ដែលទាំងនេះអាចជាចំណុចពិសេសមួយ។ ដូច្នេះ ការសិក្សាស្ដីពី ប្លង់គោលប្រើប្រាស់ដីស្រុកអូរជុំ និងស្រុកបរកែវ នៃខេត្តរតនគិរី ក៏ជាផ្នែកមួយនឹងជួយជម្រុញឲ្យភូមិភាគ ឦសាន ដែលជាតំបន់កន្ទុយនាគ ឲ្យក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ តាមរយៈការប្រែក្លាយសក្តានុពលដី មានជីរជាតិ សម្បូរធនធានធម្មជាតិ រួមផ្សំនឹងកត្តាភូមិសាស្ត្រផង ទៅជាការអភិរក្ស និងអភិវឌ្ឍប្រកប ដោយចីរភាព មានគោលដៅរួម និងមានចរឹតជាអន្តរវិស័យ។ លោកអនុរដ្ឋលេខាក្រសួង បានជម្រុញ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តរតនគិរី ពន្លឿនលើការងារអនុវត្ត គោលនយោបាយជាតិ ស្តីពីការ រៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រចតុកោណ តំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាជាតិ ឲ្យបានលឿន មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព ៕

Loading...