មន្ត្រីជាន់ខ្ពស់ក្រសួង៖ រដ្ឋាបាលចិននឹងបញ្ជូនបេសកជនជាង១ពាន់នាក់មកទស្សនាកម្ពុជា

ភ្នំពេញ៖ថ្លែងក្រោយជំនួបពិភាក្សាការងារ រវាង លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ទូ ជាំង អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងវប្បធម៌ចិន កាលពីព្រឹកថ្ងៃទីទី១៧ខែឧសភាឆ្នាំ២០១៨ នៅសណ្ឋាគារសុខា លោក ទិត ចន្ថា រដ្ឋលេខាធិកាក្រសួងទេសចរណ៍ បញ្ជាក់ថា នៅអំឡុងខែមិថុនា រដ្ឋាភិបាលចិន និងបេសកជនចិនប្រមាណជាង១ពាន់នាក់ មកធ្វើទស្សនកិច្ចនិងកំសាន្ត នៅប្រទេសកម្ពុជា ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបទំនាក់ទំនងការទូតលើកទី៦០ កម្ពុជា-ចិន ។

លោក ទិត ចន្ថា បានឲ្យដឹងថា ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងអនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងវប្បធម៌ចិននាពេលនោះ បានផ្ដោតសំខាន់ទៅលើការអភិវឌ្ឍវិស័យទេសចរណ៍ ការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍នៅកម្ពុជា ជំរុញការផ្សព្វផ្សាយទេសចរណ៍ និងទាក់ទាញទេសចរពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជា ហើយថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា លើអនុស្សារណៈយោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក រវាងកម្ពុជា-ចិន ស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ នៅកម្ពុជា ពិសេសនៅខេត្តសៀមរាប តំបន់ឆ្នេរសមុទ្រ និងតំបន់គោលដៅ ទេសចរណ៍ធំៗ ដែលមានការជួយគាំទ្រ ពីភាគីចិន លើការរៀបចំផែនការមេ ។

លោកបានបន្តថា ស្របពេលដែលទេសចរកាន់តែកើនឡើងជាបន្តបន្ទាប់ កម្ពុជាពិតជាត្រូវការអ្នកវិនិយោគ មកវិនិយោគលើការបង្កើត សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការ ជាច្រើនពីគ្រប់ភាគីពាក់ព័ន្ធ ។ លោកថា ជាមួយគ្នានោះភាគីទាំងពីរ បានឯកភាពគ្នា បន្តអនុវត្តការងារ ស្របតាមស្មារតី នៃអនុស្សារណៈ ដែលភាគីទាំងពីរ បានចុះហត្ថលេខា កាលពីពេលកន្លងទៅ ហើយភាគីកម្ពុជា បានស្នើដល់ភាគីចិន ជួយទាក់ទាញទេសចរ និងអ្នកវិនិយោគ ពីប្រទេសចិន ព្រមទាំងស្នើដល់ភាគីចិន ជួយបង្កើនការបណ្ដុះបណ្ដាល ធនធានមនុស្សកម្ពុជា ក្នុងវិស័យទេសចរណ៍ ដូចជា ផ្នែកបដិសណ្ឋារកិច្ច និងមគ្គុទ្ទេសក៍ទេសចរណ៍ ខណៈពេលដែលកម្ពុជា ទើបតែមាន មគ្គុទ្ទេសក៍ទេសចរណ៍ និយាយភាសាចិន ប្រមាណ ២ពាន់នាក់តែប៉ុណ្ណោះ។

ជាការឆ្លើយតប លោក ទូ ជាំង អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងវប្បធម៌ចិន បានទទួលការសំណូមពរ និងការស្នើសុំ ពីសំណាក់ ភាគីកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន លោក ទូ ជាំងមានប្រសាសន៍ថា “នៅខែក្រោយនេះ ចិននឹងបញ្ជូនបេសកជនរបស់ចិនជាង ១ពាន់នាក់ មកកម្សាន្តនៅប្រទេសកម្ពុជា ដែលជាការចូលរួម លើកកម្ពស់នូវការអនុវត្ត ការជំរុញវិស័យទេសចរណ៍ នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង” ៕



Loading...