មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលរួមគ្នា បើកសិក្ខាសាលាដើម្បីលើកកម្ពស់ផលិតផលខ្មែរ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលិកម្ពុជា មកពីស្ថាប័នជាតិសំខាន់ៗចំនួន៤គឺ ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ បានជួបជុំគ្នានៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ត ដើម្បីកំណត់អំពីបញ្ហាប្រឈម និងដាក់ចេញវិធានការឆ្លើយតបនានា សំដៅលើកកម្ពស់ចង្វាក់ផលិតកម្ម ជំរុញឲ្យការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលខ្មែរ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នេះ សណ្ឋាគារ ភ្នំពេញ ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលាពិគ្រោះយោបល់ និងបានស្នើដល់សហគ្រាសធុនតូច និងធម្យមទាំងអស់ ធ្វើការសម្របខ្លួនជាប្រចាំទៅនឹងលក្ខខណ្ឌថ្មីៗ ព្រមទាំងរក្សានូវឥរិយាបទបើកចំហរ និងទន់ភ្លន់ ដើម្បីទទួលបានការរីកចម្រើននៅក្នុងទីផ្សារសកលដែលកំពុងផ្លាស់ប្តូរ។

“កម្ពុជាបានចាប់យកយុទ្ធសាស្ត្រកំណើនថ្មី តាមរយៈការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលបានឆ្លុះបញ្ចាំងនូវមហិច្ឆិតានៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញឧស្សាហកម្មដែលពឹងផ្អែកលើជំនាញកាន់តែច្រើនឡើង ស្របគ្នានឹងការធ្វើសមាហរណកម្មជាបណ្តើរៗទៅក្នុងខ្សែសង្វាក់តម្លៃសកល និងតំបន់ តាមរយៈការតភ្ជាប់នូវបណ្ដាញផលិតកម្មឆ្លងកាត់ព្រំដែន” លោក ប៉ាន សូរស័ក្តិមានប្រសាសន៍។

លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងអំពីការរួមចំណែកនៃវិស័យទេសចរណ៍ ក្នុងការរក្សាលំនឹងជញ្ជើងពាណិជ្ជកម្ម ចាប់ពី ២០% ដល់ ២៥% តាមរយៈការជំរុញនាំចេញនៅនឹងកន្លែង។“នៅក្នុងឆ្នាំ ២០១៦ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេស ៥លាននាក់ និងទេសចរក្នុងស្រុក ១០លាននាក់។ វត្តមាននៃភ្ញៀវទេសចរណ៍ទាំងនេះ មិនត្រឹមតែប្រើប្រាស់ផលិតផល និងសេវាកម្មខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកកម្លាំងពលកម្មប្រមាណ ៦២ម៉ឺននាក់” លោករដ្ឋលេខាធិការ បានគូសបញ្ជាក់។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញផលិតករ និងប្រជាកសិករ ធ្វើការ លើកកម្ពស់បច្ចេកទេសដាំដុះ ពង្រឹងគុណភាព និងការវេចខ្ចប់ផលិតផលកសិកម្ម សំដៅឆ្លើយតបតម្រូវការទីផ្សារនៃប្រទេសនាំចូល។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ ការនាំចេញវិស័យកសិកម្មបានកើនឡើងដល់ទៅជាង ៥,០០០លានដុល្លារ ប៉ុន្តែទិន្ន័យនេះនឹងបន្តកើនឡើងថែមទៀត បើសិនកម្ពុជាអាចដោះស្រាយបញ្ហាភូតគាមអនាម័យ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបម្រើការផលិត និងការនាំចេញកសិផល។

ទន្ទឹមគ្នានេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្នើដល់ម្ចាស់សហគ្រាសធុនតូច និងធុនមធ្យមទាំងអស់ ធ្វើការសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីចុះបញ្ជីឲ្យបានត្រឹមត្រូវ ដោយអនុលោមតាមស្តង់ដារជាតិ ចំនួនជាង ៨០៤ ដែលក្រសួងបានបង្កើត នៅក្នុងរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ។ លើសពីនេះ លោកទេសរដ្ឋមន្ត្រី លើកទឹកចិត្តដល់ម្ចាស់សហគ្រាសធ្វើការគិតគូរតម្រូវការទីផ្សារក្នុងស្រុកឲ្យបានអតិបរិមា ខណៈដែលកម្ពុជានៅមានបញ្ហាប្រឈមលើផ្នែកភូតគាមអនាម័យ ។

សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏បានផ្តល់ឱកាសជូនតំណាងវិស័យឯកជនមានដូចជា ពាណិជ្ជករ អាជីវករ សិប្បករ អ្នកនាំចេញ ម្ចាស់កសិដ្ឋាន ផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋាននានា ធ្វើការពិភាក្សា និង ផ្លាស់ប្តូរយោបល់គ្នា ទៅវិញទៅមក សំដៅលើកជាយោបល់ និង សំណូមពរផ្សេងៗជូនដល់គណៈអធិបតី នៃអង្គសិក្ខាសាលា ដើម្បីទទួលបានព័ត៌មាន និងស្វែងរកដំណោះស្រាយ ឬដាក់ចេញទៅតាមការសមស្រប៕

 

Loading...