មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចុះពិនិត្យការសាងសង់លំនៅដ្ឋានជូនគ្រួសារកងទ័ព និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធ ប្រចាំតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី គនររូបនីកម្ម និងសំណង់ លោកជា សុផារ៉ា រួមជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ លោក អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈប្រតិភូចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីពិនិត្យពីគុណភាព នៃការសាងសង់លំនៅដ្ឋានជូនគ្រួសារកងទ័ព ការកសាងផ្លូវ និងស្ពាននៅតាមខ្សែក្រវ៉ាត់ព្រំដែន និងនាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅឧបត្ថម្ភដល់កងទ័ព និងកងនគរបាលជាតិ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ នាព្រឹកថ្ងៃទី២៧មីនា២០១៨នេះ នៅចំណុចស្រែចំប៉ា ចន្លោះបង្គោលសីមាលេខ០៣៦-០៤០ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅក្នុងដំណើរឆ្ពោះទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវនោះ គណៈប្រតិភូ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិន្ទ នាយឧត្តមសេនីយ៍គន់ គីម មេបញ្ជាការរងយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ នៀម អ៊ាង មេបញ្ជាការយោធាខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការយោធា មេបញ្ជាការនគរបាលវរៈការពារព្រំដែន គណៈអភិបាលខេត្តស្ទឹងត្រែង មន្ត្រីខេត្ត ក្រុង និងស្រុកជាច្រើនរូប បានចុះពិនិត្យផ្លូវខ្សែក្រវ៉ាត់ព្រំដែន ការសាងសង់ស្ពាន និងពិនិត្យពីគុណភាព នៃការសាងសង់ផ្ទះជូនគ្រួសារកងទ័ពផងនោះទៀត។

បន្ទាប់មកគណៈប្រតិភូ ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធប្រចាំព្រំដែន មានអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨ នូវអង្ករ១០តោន និងគ្រប់បណ្តាអង្គភាពចំណុះរបស់កងពល អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង អង្ករ១តោន និងអង្គភាពនគរបាលវរៈការពារព្រំដែនលេខ៧០១ របស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង អង្ក១តោន ក្រៅពីអង្ករ អង្គភាពនិមួយៗ ក៏ទទួលបានគ្រឿងបរិភោគជាច្រើនមុខទៀតផងដែរ។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី គនររូបនីកម្ម និងសំណង់ លោកជា សុផារ៉ា ក្រោយពីបានពិនិត្យ នៅក្នុងការសាងសង់សំណង់ទាំងអស់នោះរួចមក លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់អ្នកគ្រប់គ្រងការសាងសង់ផ្លូវ ស្ពានខ្សែក្រវ៉ាត់ព្រំដែន និងការកសាងផ្ទះជូនគ្រួសារកងទ័ព នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែននោះ ត្រូវធ្វើការសាងសង់ប្រកបដោយគុណភាពខ្ពស់ ហើយបើនៅមានចន្លោះប្រហោងកន្លែងណា ដែលគិតថាមិនមានគុណភាព ត្រូវតែធ្វើការកែសម្រួលឡើងវិញ ដើម្បីគ្រួសារកងទ័ពយើង រស់នៅដោយមិនមានការបារម្ភ ពីសំណង់ផ្ទះនេះ។

លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផ្ទះកងទ័ពដែលត្រូវសាងសង់នេះ មានចំនួន៥០០ខ្នង ជាគម្រោងរបស់រាជរដ្ឋាភិបាល ទុកសំរាប់ចែកជូនគ្រួសារកងទ័ព បានរស់នៅសមរម្យ ហើយនៅគ្រាបច្ចុប្បន្ន សង់បាន២៥០ខ្នងហើយ ដោយផ្ទះ១ខ្នងសង់ក្នុងទំហំទទឹង៦,៧ម៉ែត្រ និងបណ្តោយទំហំ៧,៥ ម៉ែត្រ មាន២បន្ទប់ ដែលនឹងត្រូវចែកជូនគ្រួសារកងទ័ព នៅក្នុងឆ្នាំ២០១៨នេះ។

ក្រៅពីនេះ កម្លាំងកងវិស្វកម្មអគ្គបញ្ជាការ ក៏កំពុងសម្រុកសាងសង់ស្ពាន១ខ្សែ ឆ្លងទន្លេកុងពីត្រើយខាងលិចទៅត្រើយខាងកើត នៅចំណុចបង្គោលសីមាលេខ០៧៨ ដើម្បីតភ្ជាប់ផ្លូវក្រវ៉ាត់ព្រំដែន ឆ្ពោះទៅកាន់តំបន់អូរអាឡៃ និងអូរតាង៉ាវ ហើយនៅចំពោះមុខនេះ រាជរដ្ឋាភិបាល បានសំរេចឲ្យសាងសង់ស្ពានឆ្លងទន្លេកុង១ខ្សែបន្ថែមទៀត នៅចំណុចកោះទន្សាយ ស្ពាននេះ គឺជាស្ពានយុទ្ធសាស្ត្រកងទ័ព ប្រចាំព្រំដែនកម្ពុជា-ឡាវ ដើម្បីទុកជាប្រវត្តិសាស្ត្រសំរាប់កូនចៅជំនាន់ក្រោយៗទៀត។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ លោក អ៊ុក រ៉ាប៊ុន លោកបានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នាយនគរបាល និងពលនគរបាលជាតិទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែងនេះ ថារាជរដ្ឋាភិបាល នៅតែចងចាំជានិច្ច នូវគុណបំណាច់ និងការលះបង់សាច់ស្រស់ឈាមស្រស់ របស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ហើយសម្តេចទាំងពីរនៅតែយកចិត្តទុកដាក់ និងគិតគូខ្ពស់ជាប់ជានិច្ចចំពោះបងប្អូន មិនចំពោះនៅសមរភូមិមុខ ឬនៅសមរភូមិក្រោយនោះឡើយ។

លោករដ្ឋមន្ត្រី បានថ្លែងផ្តាំផ្ញើដល់កងទ័ព និងកងនគរបាលជាតិ ដែលកំពុងឈរជើងការពារទឹកដី នៅតំបន់ព្រំដែនកម្ពុជា-ឡាវទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយបើទោះបីជាព្រំដែន មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះមែន តែក៏មិនត្រូវធ្វេសប្រហែស នៅក្នុងកិច្ចការពារបូរណភាពទឹកដីជាដាច់ខាត កងទ័ពត្រូវតែឈរលើស្មារតីរឹងមាំ និងមុតស្រួច ដើម្បីការបុព្វជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ឲ្យបានគង់វង្ស និងសំបូររុងរឿង ក្រោមការដឹកនាំប្រទេស របស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

Loading...