មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ត្រូវប្រកាន់ជំហរការពារសន្តិភាព និងថែរក្សាបេតិកភ័ណ្ឌវប្បធម៌ ដ៏មានតម្លៃរបស់ជាតិ ឲ្យបានគង់វង្ស 

ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹក របស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឃិន បានធ្វើឡើងនៅថ្ងៃទី២០មីនាម្សិលមិញ នៅគ្រាដែលលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាល ធ្វើជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ « សារៈមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន» ស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារនេះ គឺបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅក្នុងអំឡុងឆ្នាំ២០០៩ សង់លើផ្ទៃដីទំហំ១៧៧ហិចតា ចំណាយថវិកាអស់៧៥ម៉ឺន ៣ពាន់៤២៧ដុល្លារ ក្នុងនោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចំណាយថវិកាផ្ទាល់ខ្លួន ចំនួន១៥ម៉ឺនដុល្លារ ១០ម៉ឺនដុល្លារ ជាការចូលរួមរបស់ក្រុមហ៊ុន « អ៊ីអន » ៥ម៉ឺនដុល្លារ ជាការចំណាយរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ២៦ម៉ឺន៧ពាន់៤២៧ដុល្លារ ជាការចំណាយរបស់ អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក សួស យ៉ារ៉ា និងថវិកាជាតិសំរាប់រៀបចំការតាំងពិពណ៌ចំនួន១៨ម៉ឺន ៤ពាន់ដុល្លារនោះថែមទៀត។

លោកស្រីរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន មានអគារសំខាន់ៗចំនួន៦ គឺ អគារបដិសណ្ឋារកិច្ច និងការិយាល័យ អគារពិព័ណ៌អចិន្ត្រៃយ៍២ សាលសោតទូស្សន៍១ អគារពិព័ណ៌មិនអចិន្ត្រៃយ៍១ អគាររោងជាង និងឃ្លាំង១ និងស្តូបបារមីលោកតាឌី១អគារ ទៀតផងដែរ។

បច្ចុប្បន្ន បានបញ្ចប់ នូវការសាងសង់ និងរៀបចំការដាក់តាំងពិព័ណ៌ ជំហានទី១ទាំងស្រុងនោះហើយ អគារទាំងនេះសង់លើផ្ទៃដីក្នុងទំហំប្រមាណ១០ហិចតា ដោយកងវិស្វកម្មក្រុមការងារពិសេសថ្នាក់ជាតិ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អង្គការយូណេស្កូប្រចាំកម្ពុជា និងអ្នកជំនាញជាតិ និងអន្តរជាតិ នោះផងទៀត។ លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅថ្ងៃអនាគត សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ មានគោលដៅចម្បង៣ គឺ សំរាប់ជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ វប្បធម៌ប្រពៃណី ទំនៀទំលាប់ ភាសា សិល្បះ ជំនឿ សាសនា និងការរស់នៅប្រចាំថ្ងៃ របស់បណ្តាជនជាតិដើមភាគតិចទាំងអស់នៅក្នុងប្រទេស ជាមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វនិងរុក្ខជាតិ ព្រមទាំងប្រភេទឧិសថបុរាណ សំរាប់បណ្តាប្រទេសតាមដងទន្លេមេគង្គ និងជាមជ្ឈមណ្ឌលប្រមូលផ្តុំនូវវប្បធម៌ និងទេសចរ សំរាប់ជម្រុញខ្សែក្រវាត់ កិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយប្រទេសថៃ ឡាវ និងវៀតណាមផងដែរ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក ប៊ិន ឈិន លោកបានថ្លែងក្រើនរំលឹក និងអំពាវនាវទៅដល់កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវចូលរួមផ្តល់ពត៌មានឲ្យគ្នាទៅវិញទៅមក ត្រូវប្រកាន់ជំហរការពារសន្តិភាពនៅកម្ពុជា និងត្រូវជួយថែរក្សាសម្បត្តិវប្បមធ៌ ដែលជាបេតិភណ្ឌដ៏មានតម្លៃរបស់ជាតិ មានដូចជា ប្រាង្គប្រាសាទ និងសម្បត្តិធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ ប្រាសាទព្រះវិហារនេះឲ្យបានគង់វង្ស និងយូរអង្វែងតរៀងទៅ។ ហើយកម្ពុជា នឹងមានសុខសន្តិភាពជារៀងរហូត ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច តែងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ស្តារ កសាង និងអភិវឌ្ឍប្រទេស នៅក្នុងចក្ខុវិស័យនៃការការដឹកនាំ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឃិន បានមានប្រសាសន៍ទៀតថា សារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែនព្រះវិហារ គឺជាកន្លែងប្រមូលវត្ថុ សិល្បះ រុក្ខជាតិ និងសត្វ និងជាមជ្ឈមណ្ឌលចងក្រងឯកសារ សំរាប់ការអប់រំផ្សព្វផ្សាយ ដល់សិក្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបញ្ជ្រៀបចំណេះដឹងទូទៅទាក់ទងនឹងវប្បធម៌ អរិយធម៌ ប្រវតិ្តសាស្ត្រ តម្លៃបេតិកភណ្ឌ និងបរិស្ថាន ក្នុងគោលដៅបណ្តុះស្មារតី ឲ្យចេះស្រឡាញ់ ការពារ និងផ្សព្វផ្សាយបន្ត ទៅដល់កូនចៅជំនាន់ក្រោយៗទៀត។

លោកថា សារមន្ទីរធម្មជាតិសកល សម្តេចតេជោ មានតួនាទីយ៉ាងសំខាន់ ក្នុងការអភិរក្សវត្ថុបុរាណ្យ សិល្បះ វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ជំនឿ សាសនា និងភាសាជនជាតិភាគដើមភាគតិច រួមទាំងប្រភេទសត្វ និងរុក្ខជាតិ ក្នុងតំបន់ប្រាសាទ និងតំបន់ផ្សេងៗទៀតផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានប្រកាសដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យចូលរួម និងប្រកាន់ជំហរស្រឡាញ់ ថែរក្សាសន្តិភាព ថែរក្សាសម្បត្តិវប្បធម៌ បេតិកភណ្ឌ និងធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ ឲ្យបានគង់វង្សតរៀងទៅ៕

 

Loading...