មន្ត្រីនគរបាលប្រចាំគោលដៅ ការពារសណ្តាប់ធ្នាប់ម្នាក់ រងរបួសធ្ងន់ធ្ងរ ខណ:រថយន្តពាក់ស្លាក់លេខ ខ.ម មួយគ្រឿងបើកបុកទាំងកំរោល នៅស្រុកកូនមុំ

ខេត្តរតនគិរី÷ មន្ត្រីនគរបាលការពារគោដៅសណ្តាប់ធ្នាប់ម្នាក់បានរងរបួសធ្ងន់ ខណ:ឈរបញ្ជាយានយន្តគ្រប់ប្រភេទឲ្យឈប់ដើម្បីត្រួតពិនិត្យសណ្តាប់ធ្នាប់ នៅលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចហួសផ្លូវកែងប្រមាណជាង៣០០ម៉ែត្រស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ស្រាប់តែឃាត់ប៉ះចំរថយន្តពាក់ស្លាក់លេខ ខ.ម (ខេមរភូមិន្ទ)មិនបានគោរពច្បាប់ចរាចរនោះឡើយ គឺបើកសំដៅ
បុកយ៉ាងពេញទំហឹងតែម្តង ទៅលើមន្ត្រីនគរបាលម្នាក់នេះបង្កឲ្យរងរបួសយ៉ាងដំណំ។

ករណីរថយន្តបើកបំបុកមនុស្សដើរថ្មើជើងបែបនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទីព្រលឹម ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០នេះ។

តាមប្រភពពីសមត្ថកិច្ចប្រចាំគោលដៅនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Masada ពណ៌ត្រេអុី ១គ្រឿងពាក់ស្លាកលេខ ខ.ម 02. 2-1215 មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរក្នុងទិសដៅពីកើតទៅលិច (ពីរតនគិរីទៅស្ទឹងត្រែង)ខណ:មកដល់គោលដៅប្រចាំការរបស់នគរបាលការពារសណ្តាប់ធ្នាប់ខាងលើ អ្នកបើកបរមិនបានគោរពតាមបទបញ្ជារបស់សមត្ថកិច្ចត្រួតពិនិត្យក្នុងគោលដៅនោះឡើយ គឺបំពានច្បាប់ចរាចរបំបោលបុកតែម្តង កៀរមន្ត្រីនគរបាលម្នាក់ឲ្យរងរបួសយ៉ាងដំណំ។

ប្រភពដដែលបន្តថា
មន្ត្រីនគរបាលដែលរងរបួសនោះមាន ឈ្មោះ ព្រំ ចន្ធី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលការពារសណ្តាប់ធ្នាប់ បានរងរបួសត្រង់ក្បាល និងចង្កេះធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់។

ចំណែករថយន្តបង្ក ក្រោយពីកើតហេតុបានបន្ថែមល្បឿនបើកទៅប្លុងចោលដល់ភូមិស្រែបវឹក ស ស្ថិតនៅក្នុងភូមិស្រែអង្ក្រង ឃុំត្រពាំងក្រហម ម្ចាស់រថយន្តដកសោររត់គេចខ្លួនបាត់ស្រមោល។

កម្លាំងនគរបាលអធិការនិងកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំ បានដេញតាមនិងស្ទូចយករថយន្តបង្កនោះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីចាត់ការតាមនិតិវិធីបន្ត៕

Loading...