មន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់លួងលោមក្មេងស្រី២នាក់យកទៅរំលោភបានសម្រេច

ខេត្តរតនគិរី​៖​ មន្ត្រីនគរបាលព្រហ្មទណ្ឌម្នាក់​ បានលួងលោម ក្មេងស្រីរងគ្រោះចំនួន២នាក់​ យកទៅផ្ទះសំណាក់ រំលោភបាន​សម្រេចជាមួយពាក្យសន្យាទិញខ្សែ.ក និងទូរស័ព្ទដៃឲ្យម្នាក់មួយគ្រឿង​ ប៉ុន្តែពេលបានសម្រេចដូចបំណងហើយនោះទូរស័ព្ទដែលទិញឱ្យបានដកយកមកវិញបាត់​។

ករណីមន្ត្រីនគរបាលលួងលោមក​អនីតិជនយកទៅរំលោភសេពសន្ថវ:បាន​សម្រេចដល់ទីជម្រៅ​ កើតឡើងតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧​កន្លងទៅ នៅក្នុងផ្ទះសំណាក់នោះ។

ក្មេងស្រីរងគ្រោះម ទី១-ឈ្មោះ ព​.ច.ន​ អាយុ១៣ឆ្នាំ ជនជាតិច្រាយ និងទី២-ឈ្មោះ ស.ល អាយុ១២ឆ្នាំ ជនជាតិច្រាយដូចគ្នា មានទីលំនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ។

ចំណែកមន្ត្រីនគរបាលជាប់ចោទលួងលោមក្មេងស្រីទាំង ២នាក់នោះយកទៅរំលោភមាន ឈ្មោះ មាស សុភ័ណ្ណ មានលំនៅភូមិ-ឃុំជាមួយគ្នា ជាមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការស្រុកអូរយ៉ាដាវ។

ក្មេងស្រីរងគ្រោះបានរៀបរាប់ថា​ ជាធម្មតាពួកនាងតែងតែទៅផ្ទះឈ្មោះ មាស សូភ័ណ្ណ ដែលនៅជិតគ្នា​ និងជួយធ្វើការងារផ្ទះស្ទើររៀងរាល់ថ្ងៃបានប្រាក់ក្នុង១ខែ​ ៥ម៉ឺន​រៀល​។​ ជនរងគ្រោះបានបន្តទៀតថា​ នៅថ្ងៃកើតហេតុ ឈ្មោះ​ មាស សូភ័ណ្ណ បានលួងលោមនាំទៅខេត្តនឹងទិញខ្សែ.ក ឲ្យម្នាក់មួយខ្សែ ព្រមទាំងទូរស័ព្ទដៃម្នាក់មួយគ្រឿងផងដែរ។

ក្មេងស្រីបន្តថា​ បន្ទាប់ពីត្រូវរ៉ូវគ្នាម៉ោងជាង​ ៣ រសៀល លោកប៉ូលិសបានឈប់ឡានចាំនៅក្រៅភូមិឲ្យពួកគាត់ទាំងពីរដើរកាត់ក្រោយភូមិទៅជួបគ្នាជិះរថយន្តទៅដល់ក្រុងបានលុង ពូភ័ណ្ណ​ នាំពួកនាងចូលផ្ទះសំណាក់ ក៏ប៉ុន្តែនាងមិនស្គាល់«យីហោ»ទេ។ ពួកនាងបានបន្តទៀតថា ក្រោយពីរំលោភបានសម្រេចហើយទាំងពីរនាក់​ ឈ្មោះ មាស សូភ័ណ្ណ បាននាំនាងទៅផ្សារ ទិញទូរស័ព្ទដៃឲ្យម្នាក់មួយគ្រឿង លុះជិះរថយន្តមកវិញបានទំលាក់ពួកនាងចោលតាមផ្លូវ​ ហើយដកយកទូរស័ព្ទដែលទិញឲ្យម្នាក់មួយនោះ យកវិញទាំងអស់។

លោក ពូយ ស្រាក់ ជាឪពុកក្មេងស្រី​ បានរៀប​រាប់ថា ដោយបាត់កូនដល់យប់ មិនឃើញកូនមកផ្ទះក៏ផ្អើលឆោឡោនាំគ្នាដើររកកូនស្រី រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបរកឃើញក្មេងស្រីទាំង២នាក់​ នៅភូមិប៉ក់តូច ដែលនៅចំងាយប្រមាណ ជាង ២គីឡូម៉ែត្រពីភូមិឡំ។

លោកបន្តទៀតថា ក្រោយពីបានសាកសួរកូនស្រីអំពីដំណើររឿងរួច គាត់ក៏បានដាក់​ពាក្យបណ្ដឹងទៅភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាល ក៏ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនជនសង្ស័យឡើយ​។​ ពេលនេះខាងអាជ្ញាធរ បានឲ្យក្រុមគ្រួសារគាត់ធ្វើការសម្របសម្រួលគ្នាជាមួយប្រពន្ធលោក មាស សូភ័ណ្ណ ជាជនជាប់​ចោទដោយពួកគាត់ទាមទារសំណង​ម្នាក់៦ពាន់ដុល្លារ។

លោក ពូយ ស្រាក់ បានបញ្ជាក់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះថា ពួកគាត់ទទួល​ប្រាក់​សំណង​ ចំនួន៦ពាន់ដុល្លារគ្រប់ចំនួនហើយ។

លោក មាស សុភ័ណ្ណ មន្ត្រីនគរបាលអធិការស្រុកអូរយ៉ាដាវ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចុចមិនចូល បើចូលគ្មានអ្នក​ទទួលទេគឺចុចបិទតែម្តង។

ជុំវិញករណីខាងលើនេះ លោកស្រីឧត្ដម​សេនីយ៍ត្រី កែវ ដាវី ស្នងការរងខេត្តរតនគិរី ទទួលបន្ទុកផ្នែកជួញដូរ និងការពារអនិតិជន​(យេនឌ័រ)​ បានឲ្យដឹងថា ករណីខាងលើ​នេះ បើទោះជាមានការសម្របសម្រួលគ្នាយ៉ាង​ណាក៏ដោយ ជនប្រព្រឹទ្ធខុសច្បាប់ទៅលើក្មេងស្រី ដែលមិនគ្រប់អាយុ (អនិតិជន)ត្រូវ​តែមានទោស​ហើយលោកស្រីនឹងឱ្យកម្លាំងស្រាវជ្រាវលើករណីឱ្យបានច្បាស់លាស់។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ ​លោក​ស្រីស្នងការរង​ បានប្រាប់តាមទូរស័ព្ទថា ករណីលួងលោមរំលោភលើក្មេងស្រី ២នាក់ខាងលើសំណុំរឿងត្រូវបានបញ្ជូន​ទៅតុលាការផុតពីដៃលោកស្រីហើយ។ ចំណែកតាមការស្រាវជ្រាវ គឺជាការភាន់​ច្រឡំ ករណីខាងលើនេះមិនពិតដូចការ​ចោទប្រកាន់នោះទេ គ្រាន់តែអាណាព្យាបាល បានបាត់កូនហើយធ្វើការចោទប្រកាន់តែប៉ុណ្ណោះ។

ករណីខាងលើនេះ ត្រូវបានមជ្ឈដ្ឋានទូទៅមានចម្ងល់ថា​ ហាក់ដូចជាមានអាថ៌កំបាំងបន្ទាប់ពីជនសង្ស័យបានបង់ថ្លៃខូចខាតឲ្យជនរងគ្រោះរួច តែបែរជាសមត្ថកិច្ចថារឿងមិនពិតទៅវិញដូចជាអស់សំណើចដែរ។

អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ជុំវិញបញ្ហាខាងលើនេះមិនអាចសុំការបំភ្លឺបាននៅឡើយទេ ៕ជាយដែន

Loading...