មន្ត្រីនគរបាល ៣នាក់ បាត់បង់ជីវិត ក្រោយការផ្ទុះអាវុធនៅក្នុងអង្គភាព វរៈនគរបាលការពារព្រំដែនគោកលេខ ៩០៥ ក្នុងខេត្តឧត្តរមានជ័យ !  

 

ខេត្តឧត្តរមានជ័យ៖ ស្នូរផ្ទុះអាវុធបានលឺកងរំពង ចេញពីអង្គភាពវរៈនគរបាលការពារព្រំដែនគោកលេខ ៩០៥ ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបណ្តាលឲ្យមន្ត្រីនគរបាល ៣នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលហេតុការណ៍នោះ បានកើតឡើងនៅវេលាល្ងាច ថ្ងៃទី៦វិច្ឆិកាឆ្នាំ២០២០។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពិតជាមានករណីផ្ទុះអាវុធនោះកើតឡើងមែន និងនៅក្រោយការផ្ទុះអាវុធ មានមន្ត្រីនគរបាល ៣នាក់ បានរងការបាត់បង់ជីវិត ក្នុងនោះ ១.ឈ្មោះ អ៊ុំ ឈយ មានឋានៈអនុសេនីយ៍ឯក មានតួនាទីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងព្រិច ,២.ឈ្មោះ ហ៊ុន ប៊ី មានឋានៈអនុសេនីយ៍ឯក មានតួនាទីជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងព្រិច និង ៣.ឈ្មោះ ស្រេង រាសី មានឋានៈអនុសេនីយ៍ឯក មានតួនាទីជានាយផ្នែកស៊ើបការ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា បានបង្កឡើងដោយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងព្រិច អនុសេនីយ៍ឯក អ៊ុំ ឈយ បានយកអាវុធប្រភេទ Ak 47 មកបាញ់ទៅលើ ជនរងគ្រោះ ឈ្មោះ ហ៊ុន ប៊ី និង ឈ្មោះ ស្រេង រាសី បណ្តាលឱ្យស្លាប់ភ្លាមៗ នៅលើផ្លូវយុទ្ធសាស្ត្រ ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ទៀតថា ក្រោយពីជនរងគ្រោះ ដែលជាមន្ត្រីនគរបាលការពារព្រំដែនទាំងពីរបានស្លាប់ហើយ ជនបង្ក អ៊ុំ ឈយ បានបាញ់សម្លាប់ខ្លួនឯងជាក្រោយ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហើយចំពោះករណីនេះ មិនមែនកើតចេញពីរឿងគំនុំនោះទេ ព្រោះត្បិតនៅរយះកាលកន្លងមក ជនដៃដល់ធ្លាប់បានសុំទៅមើលជំងឺសសៃប្រសាទ ក្រោមមកក៏សុំចូលបម្រើការងារវិញ។

ទោះជាយ៉ាងណាក៏ដោយចុះ មន្ត្រីនគរបាល ៣នាក់ បានបាត់បង់ជីវិតទៅហើយ នៅក្រោយការផ្ទុះអាវុធដ៏កក្រើក នៅក្នុងអង្គភាពវរៈនគរបាលការពារព្រំដែនគោកលេខ ៩០៥ ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ប៉ុន្តែ សាធារណៈជននៅតែដាក់មន្ទិលសង្ស័យថា មុនឈានដល់ការបាញ់សម្លាប់គ្នាយ៉ាងសាហាវនេះ មិនមែនមានតែរឿងប៉ុណ្ណោះនោះទេ ទំនងអាចនឹងមានបញ្ហាអ្វីធំជាងនេះ ដែលស្ថិតនៅជាអាថ៌កំបាំងពីក្រោយរឿងនេះ៕

 

Loading...