មន្ត្រីបរិស្ថានខេត្តក្រចេះ បើកដៃ​ឲ្យ​ឈ្មួញ​កាប់ និង​ដឹកជញ្ជូន​ឈើ យ៉ាង​រលូន​ចេញពី​តំបន់​ព្រៃ​ឡង់

ខេត្តក្រចេះ​៖ សកម្មភាព​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់ កំពុង​កើតឡើង​យ៉ាង​គក្រឹកគគ្រេង ចេញពី​ក្នុង​តំបន់​ព្រៃ​អភិរក្ស ព្រៃ​ឡង់ ស្ថិតនៅក្នុង​ទឹកដី​នៃ​ស្រុក​សំបូរ និង​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ដោយ​គេ​ដឹងថា កំពុងស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​។​

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា លោក ញ៉ែម វិសាល ជា​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ និង​ជានា​យក​ដែន​ជម្រក​ព្រៃ​អភិរក្ស ព្រៃ​ការពារ ដែល​គេ​ហៅថា ព្រៃ​ឡង់​នោះ សព្វថ្ងៃ​កំពុង​ឈរជើង​នៅ​តំបន់​ខាងលើ ហើយ​បាន​ឃុបឃិត​គ្នា​ជាមួយ​មេ​ឈ្មួញ​ម្នាក់ ឈ្មោះ សុខ នី ហៅ​ចែ​ម៉ាប់ ដោយបាន​បើកដៃ​ឲ្យ​ចូល​កាប់ និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​យ៉ាង​អណាធិបតេយ្យ និង​ដោយ​រលូន​តាម​គោយន្ត​កន្ត្រៃ​ជាច្រើន​គ្រឿង ដោយ​ក្នុង​មួយ​គោយន្ត​កន្ត្រៃ​ត្រូវ​បង់​ឲ្យ​លោក ញ៉ែម វិសាល មន្ត្រី​បរិស្ថាន​ពី​២០​ម៉ឺន ទៅ​២៥​ម៉ឺន​រៀល ហើយ​ត្រូវ​ប្រាប់​មុន ព្រោះ​លោកធំ​ជាងគេ​នៅ​ទីនោះ​។ ចំណែកឯ​ប្រជាពលរដ្ឋ​វិញ គ្រាន់តែ​ដឹកជញ្ជូន​ឈើ​គ្រាក់ៗ​យកមក​អា​ជន្លង់ម្រេច និង​ធ្វើ​ផ្ទះ ដើម្បី​ស្នាក់នៅ​ក៏​មិនបាន​ផង កុំថាឡើយ​ចូលទៅ​កាប់​អារឈើ​យកទៅលក់​នោះ​។​

ប្រភព​ដដែល​បន្តថា មេ​ឈ្មួញ​ឈ្មោះ សុខ នី ហៅ​ចែ​ម៉ាប់ កន្លងមក​គឺជា​ឈ្មួញ​រកស៊ី​ជំនួញ​ឈើ ដែលមាន​ឥទ្ធិពល​មួយរូប នៅ​ខេត្តរតនៈគិរី ហើយ​ឥឡូវ​បានមក​ត្រូវ​រូ​វ​គ្នា​ជាមួយ​លោក ញ៉ែម វិសាល ដែលមាន​តួនាទី​ជា​មន្ត្រី​បរិស្ថាន​ខេត្តក្រចេះ និង​ជានា​យក​ដែន​ជម្រក​ព្រៃ​ការពារ ដែល​ឈរជើង និង​ប្រចាំការ​នៅ​តំបន់​នោះ​។​

យោងតាម​ប្រភព​ច្បាស់ការ បាន​ឲ្យ​ដឹង​បន្ថែមថា សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​តាម​គោយន្ត​កន្ត្រៃ ត្រូវបាន​គេ​មើលឃើញថា ដឹក​ចេញ​ជា​រៀងរាល់​យប់ ចេញពី​ព្រៃ​អភិរក្ស​ការពារ​ព្រៃ​ឡង់ ដែលមាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​បី ខេត្តកំពង់ធំ ស្ទឹងត្រែង និង​ខេត្តក្រចេះ ដែល​ជាប់​នឹង​ស្រុក​សំបូរ ដោយ​ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ ដោយ​ក្នុង​មួយ​គោយន្ត​ច្នៃ​មិន​ក្រោម ៥​ម៉ែត្រ តម្រង់​ឆ្ពោះ​យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​។​

ទាក់ទិន​ជុំវិញ​ករណី​ខាងលើនេះ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ឌួង ឆាយ​សា​វុ​ឌ្ឍ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បានឡើយ ដោយ​ទូរស័ព្ទ​ហៅចូល​ជាច្រើន​ដង ប៉ុន្តែ​លោក​ប្រធាន​ចុច​បិទ​ចោល​ជាប់រវល់​រហូត​។ ចំណែក​លោក ញ៉ែម វិសាល គឺ​ទូរស័ព្ទ​​មិន​ចូល​ឡើយ​៕

Loading...