មន្ត្រីបីរូបនៃក្រសួងសាធារណការមានវិជ្ជមានកូវីដ១៩

ភ្នំពេញៈក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ និងបុគ្គលិកមន្ត្រីរាជការ ទាំងអស់មេត្តាជ្រាបថា៖ មន្ត្រីរាជការចំនួន០៣រូប របស់ក្រសួងបានជួបនិងប៉ះពាល់ដោយផ្ទាល់ជាមួយ សាច់ញាតិដែលមានផ្ទុកវីរុសកូវីដ-១៩ ហើយក្រោយពីមានអាការៈ និងសុខភាពមិនប្រក្រតី សាមីខ្លួនបាន ទៅពិនិត្យសុខភាព និងធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផល គឺមានវិជ្ជមានវីរុសកូវីដ-១៩។ មន្ត្រីទាំង០៣រូបនេះ មានអត្តសញ្ញាណរួមមានដូចជា៖

១.លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ២.លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល ៣.លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការ ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ។

ដើម្បីចូលរួមទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩នេះ ក្រសួងសូមដាក់ ចេញនូវចំណាត់ការបន្ទាន់ និងចាំបាច់ ដូចខាងក្រោម៖

១- ត្រូវបិទការិយាល័យរបស់មន្ត្រីទាំង៣រូបខាងលើ និងមន្ត្រីដែលរួមការងារ ជាបណ្តោះអាសន្ន។ ២- នាយកដ្ឋានរដ្ឋបាល ត្រូវធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមការិយាល័យរបស់មន្ត្រីទាំង៣រូប ខាងលើ ព្រមទាំងនៅតាមបណ្តាទីតាំងពាក់ព័ន្ធផ្សេងៗទៀត។

៣- ចំពោះអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយមន្ត្រីទាំង៣រូបខាងលើ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ហើយមានការសង្ស័យអំពីអាការៈ និងបញ្ហាសុខភាព សូម ប្រញាប់រួសរាន់ទៅធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យដែលទទួលពិនិត្យនិងព្យាបាល ជំងឺកូវីដ-១៩ ឬនៅតាមបណ្តាទីតាំងចំនួន០៥ រួមមាន៖ ១.វិទ្យាល័យបាក់ទូក ២.វិទ្យាល័យបឹង ត្របែក ៣.សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារសាមគ្គី) ៤.ព្រះវិហារយេស៊ូ (ទល់មុខប៉េអឹម រាជធានីភ្នំពេញ) ៥.ទួលសង្កែ(ជិតរោងចក្រឌិនហាន់)។

៤- អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយមន្ត្រីទាំង៣រូបខាងលើ ត្រូវដាក់ខ្លួន ឯងនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ (ចត្តាឡីស័ក) នឹងសូមផ្ដល់ព័ត៌មានមក លោក រតន៍ សាម៉ន ប្រធាននាយកដ្ឋានបុគ្គលិក តាមរយៈលេខទូរស័ព្ទកតេឡេក្រាម 011 958 311 ដើម្បី សម្របសម្រួលនិងរៀបចំនីតិវិធីបន្ត ឬទំនាក់ទំនងទៅកាន់លេខ 115។ សូម ឯកឧត្តម លោកជំទាវ និងបុគ្គលិកមន្ត្រីរាជការទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងផ្ដល់កិច្ចសហការជាចាំបាច់ តាមការគួរ។៕

Loading...