មន្ត្រីប៉ុស្តិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀលឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងឆែកឆេររកឃើញថ្នាំញៀន៣កញ្ចប់ឃាត់ខ្លួនមនុស្សម្នាក់បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ បុរសសង្ស័យម្នាក់ រួមជាមួយថ្នាំញៀនម៉ាទឹកកក៣កញ្ចប់ និងរថយន្តស៊េរីទំនើបមួយគ្រឿង បានរងការចាប់ឃាត់ និងដកហូតពីមន្ត្រីប៉ុស្តិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃ៨ធ្នូ២០១៧ នៅចំណុចច្រកទ្វារត្រពាំងក្រៀល ស្ថិតនៅក្នុង ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ក្រោយការឃាត់ខ្លួននោះរួច ជនសង្ស័យរួមជាមួយវត្ថុតាងបតល្មើស ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឲ្យដឹងថា ជនសង្ស័យជួញដូរថ្នាំញៀនម្នាក់ ដែលសមត្ថកិច្ចច្រកទ្វារព្រំដែន ឃាត់ខ្លួនបាននោះ ឈ្មោះ ប៊ុន ចាន់សុគី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅសង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ លោកថា សមត្ថកិច្ចបានឃាត់ និងដកហូតរថយន្តមួយគ្រឿង ប្រភេទ HILUX REVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-5565 និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ice ចំនួន៣កញ្ចប់តូច មានទម្ងន់ស្មើនឹង ៤៧,៧ក្រាម ។

មន្ត្រីនដដែលបានបា្រប់ទៀតថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យរូបនេះបាន គឺជនសង្ស័យបើកបររថយន្ត១គ្រឿង គ្រោងនឹងចូលទៅកាន់ប្រទេសឡាវ នោះគ្រានោះដោយមានការសង្ស័យ មន្ត្រីប៉ុស្តិ៍ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានឃាត់ហើយធ្វើការត្រួតពិនិត្យរថយន្តនោះ ក៏បានរកឃើញសារធាតុញៀន ម្សៅក្រាមសថ្លា៣កញ្ចប់ ។ ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះគេបាននាំយកចូលទៅប្រទេសឡាវ ដើម្បីយកទៅឲ្យគេធ្វើប៉ាន់ផលិតថ្នាំញៀននេះ រួចនាំចូលមកកម្ពុជាវិញ ។

ក្រោយទទួលបានចម្លើយនោះរួច មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានចងក្រងសំណុំរឿង បទល្មើសគ្រឿងញៀនឆ្លងដែននេះ ដើម្បីបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងបទល្មើស ដែលដកហូតបាននេះ ទៅកាន់សាលាដំបូង និងអយ្យការខេត្តស្ទឹងត្រែង ចាត់ការជាបន្តទៅតាមនីតិវិធីច្បាប់ ។ ខណៈនេះសមត្ថកិច្ច កំពុងបន្តបើកការស្រាវជ្រាវ ស្វែងរកមុខសញ្ញាពាក់ព័ន្ធមួយចំនួនទៀត នាំខ្លួនមកផ្តន្ទាទោសនោះហើយ ៕

 

Loading...