មន្ត្រីព្រៃឈើប្រដេញស្ទាក់ចាប់រថយន្តដឹកឈើអឌិតមន្ត្រីនគរបាលខេត្តស្ទឹងត្រែងម្នាក់សង្ស័យឈ្មួញដឹកឈើនោះមិនបង់លុយអោយជាថ្នូរនឹងលាភសក្ការៈ 

ខេត្តស្ទឹងត្រែង៖ កាលពីម៉ោងជាង៥ល្ងាច ថ្ងៃ១២វិច្ឆិកា២០១៧ មន្ត្រីព្រៃឈើខេត្តស្ទឹងត្រែងមួយក្រុម បានប្រដេញស្ទាក់ចាប់រថយន្តដឹកជញ្ជូនឈើមួយគ្រឿង ប្រភេទកាមរីស្វិត ពណ៌ប្រផេះ ពាក់ស្លាកលេខ ង-4950 ភព កែច្នៃកាត់ដំបូលខាងក្រោយ ដឹក ជញ្ជូនឈើប្រណិត ប្រភេទឈើធ្នុង និងឈើនាងនួនពេញប្រៀប ។

ប្រភពបានបង្ហើបឱ្យដឹងថា រថយន្តដឹកជញ្ជូនឈើមួយគ្រឿង ដែលរងការបង្ក្រាបនៅពេលនោះ ជារបស់អឌិតមន្ត្រីនគរបាលខេត្តស្ទឹងត្រែងម្នាក់ ហើយរថយន្តនេះត្រូវបានបង្ក្រាប នៅ ពេលកំពុងដឹកជញ្ជូនឈើ នៅលើដងផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ផ្លូវមន្ទីរធម្មការ និងសាសនាខេត្ត នៅជិតផ្លូវជាតិលេខ៧ ( ផ្លូវអាស៊ាន ) ។ មូលហេតុដែលឈានដល់ការបង្ក្រាបរថយន្តដឹកឈើនោះ គេបានដាក់ការសង្ស័យថា មន្ត្រីព្រៃឈើទាំងនោះ មិនទទួលបានលាភសក្ការៈពីឈ្មួញដឹកឈើ ។

ប្រភពបានបន្តទៀតថា មន្ត្រីព្រៃឈើនៅគ្រានោះ មិនបានឃាត់ខ្លួនជនសង្ស័យដឹកឈើនោះទេ គឺចាប់បានតែរថយន្តដឹកឈើ ចំណែក អ្នកដឹកឈើរត់គេចខ្លួនបានយ៉ាងរំភើយ ។ គេសង្ឃឹមថា សមត្ថកិច្ចនឹងបន្តបើកការស្រាវជ្រាវ ដើម្បីស្វែងរកម្ចាស់រថយន្តដឹកឈើនោះ ឱ្យចូលខ្លួនមកបង់ពិន័យអន្តរកាល តាមច្បាប់ ស្តីពី ព្រៃឈើ ៕

 

Loading...