ក្រសួងគួរពិនិត្យមើលមន្ត្រីដែនជម្រកមណ្ឌលគីរីផង ដាក់កុងត្រូលជជុះដេកចាំយកលុយ

 

ខេត្តមណ្ឌលគិរី៖ ក្រសួងបរិស្ថានគួរតែពិនិត្យ និងចាត់វិធានការហើយចំពោះមន្ត្រីដែនជម្រកសត្វព្រៃដាក់កុងត្រុលជជុះដេកចាំយកលុយយ៉ាងត្រជាក់ចិត្ត មិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ អ្នករកស៊ីតូចតាច និយាយរួមឲ្យតែឆ្លងដែនគ្រប់គ្រងរបស់ពួកគេ គឺត្រូវតែបង់លុយ បើមិនបង់ គឺប្រឈមនឹងការចាប់ខ្លួនមិនខាន។

គេបានរាយការណ៍មកថា នាយកដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រហូតដល់៣នាក់​ពេលបច្ចុប្បន្ននេះបាននិងកំពុងដាក់កុងត្រុលជជុះ ចងអង្រឹងដេកចាំយកលុយ ទាំងពីក្រុមល្មើសច្បាប់ និងទាំងពីប្រជាពលរដ្ឋតូចតាចរកស៊ីកំប៉ិកកំប៉ុកអង្ករកំប៉ុង ។ គេបានរាយការណ៍ទៀតថា នាយកដែនជម្រកសត្វព្រៃទាំងនោះ មិនបានចាត់វិធានការចំពោះសកម្មភាពបទល្មើសសត្វព្រៃ និងបទល្មើសព្រៃឈើ សូម្បីតែម្តងណាឡើយ ក៏ព្រោះតែសំណែនលាភសក្ការៈជាទីគាប់ចិត្ត ។ មូលហេតុនេះហើយ បានជានាយកដែនជម្រកសត្វព្រៃទាំង៣រូបមិនព្រមឡើងតំណែងទាល់តែសោះ បើទោះបីក្រសួងផ្តល់អាទិភាពឲ្យសម្រេចចិត្តខ្លួនឯងយ៉ាងណាក៏ដោយ ។

ប្រភពបានឲ្យដឹងថា លោក ឌឹម ប៊ុនធឿន នាយកដែនជម្រកស្រែពក និងជាមន្ត្រីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាននិងកំពុងកាកកបក្នុងសកម្មភាពប្រមូលលុយពីបទល្មើសក្នុងដែនសមត្ថកិច្ចកាន់កាប់របស់ខ្លួន ផ្គើននឹងគោលការណ៍ច្បាប់របស់ក្រសួងដែលដាក់ចេញឲ្យបង្ក្រាបបទល្មើសនោះ ។

ដូចគ្នានេះដែរ នៅក្នុងដែនជម្រកសត្វភ្នំព្រិចឯណោះវិញ ត្រូវគេរាយការណ៍ថា ឈ្មោះ ហាន សាខន មានតួនាទីជាប្រធាននាយកដែនជម្រកសត្វភ្នំព្រិច ក៏ពិតមែន ប៉ុន្តែមិនដែលឃើញចំណាត់ការប្រឆាំងបទល្មើសសត្វព្រៃក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនម្តងណាឡើយ ផ្ទុយទៅវិញ គេសង្ស័យថា ស៊ុំគ្រលុំជាមួយក្រុមល្មើស ប្រព្រឹត្តឧក្រិដ្ឋសត្វព្រៃថ្នូរនឹងលុយកាក់ ជាក់ស្តែង គឺបានចងអង្រឹងដេកចាំឲ្យឈ្មួញយកលុយមកបង់ដល់កន្លែង ។ បទល្មើសសត្វព្រៃនៅដែនជម្រកភ្នំព្រិចកើតមានពេញបន្ទុក គ្រប់រូបភាព ប៉ុន្តែលោកហាន សាខន ហាក់មិនខ្វល់នោះទេ ។ លោក ហាន សាខន ក្រៅពីមានតួនាទីជាប្រធាននាយកដែនជម្រកសត្វព្រៃភ្នំព្រិច ក៏នៅមានតួនាទីជាអនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីថែមទៀតផង ។ គេបានដឹងថា ហាន សាខន ស៊ីឈ្មោះហ្វុ៊នស៊ីនបិចនោះទេ តែមិនព្រមទទួលយកការឡើងបុណ្យស័ក្តិតាមកំណែទម្រង់របស់ក្រសួងឡើយ សុខចិត្តយកតួនាទីតូចតាចរហូត ។

ក្រុមល្មើសបានក្អេងក្អាងយ៉ាងមោទនភាពថា ពួកគេមិនញញើតញញើមនៅក្នុងការប្រព្រឹត្តល្មើសសត្វព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចនោះឡើយ ក៏ដោយសារថា មានលោក ហាន សាខន ជាទីពឹង ដោយគ្រាន់តែបង់លុយប៉ុណ្ណោះ ក៏ជាការស្រេច ។ លោក ហាន សាខន ត្រូវប្រភពរាយការណ៍ថា ជាមនុស្សថ្នឹកនឹងលុយកាក់ណាស់ ទោះបីបទល្មើសកើតឡើងក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងយ៉ាងណា ក៏ដោយចុះ ក៏អត់បញ្ហាដែរ សំខាន់បង់លុយជូនគាត់ទៅគឺបានហើយ ។

រីឯដែនជម្រកសីមាវិញ ត្រូវបានគេរាយការណ៍ថា កើតមានកុងក្រុលជជុះផងដែរ ។ លោក រ័ត្ន សុវណ្ណ ប្រធាននាយកដែនជម្រកសីមា បានល្បីល្បាញមិនចាញ់ លោក ហាន សាខនប៉ុន្មានឡើយ ។ ប្រភពបានរាយការណ៍ថា ក្រុមមន្ត្រីបរិស្ថានទាំងនេះបានទុកឱកាសឲ្យក្រុមឈ្មួញចូលបង់លុយ ជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសជាក់ស្តែង ។ ប្រភពរាយកាណ៍ថា រ័ត្ន សុវណ្ណ ជាអនុប្រធានមន្ទីរបរិស្ថាន សុខចិត្តមិនព្រមឡើងបុណ្យស័ក្តិតាមកំណែទម្រង់របស់ក្រសួងបរិស្ថានឡើយ បើទោះបី តួនាទីបច្ចុប្បន្នតួចតាចយ៉ាងណាក្តី ។ តួនាទីតូចតាចក៏ពិតមែន ប៉ុន្តែធ្វើឲ្យលោករកចំណូលបានខ្ពស់ ។

ពាក់ព័ន្ធករណីខាងលើនេះ គេហទំព័រយើងមិនអាចស្វែងរកការបំភ្លឺបានទេពីលោក ហាន សាខន និងលោក រ័ត្ន សុវណ្ណ ដោយសារគ្មានលេខទូរស័ព្ទ ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរតែពិនិត្យមន្ត្រីក្រោមឱវាទរបស់ខ្លួន តួយ៉ាងដូចជាលោក ឌឹម ប៊ុនធឿន នាយកដែនជម្រកស្រែពក, លោក ហាន សាខន ប្រធាននាយកដែនជម្រកសត្វភ្នំព្រិច និងលោក រ័ត្ន សុវណ្ណ ប្រធាននាយកដែនជម្រកសីមា កំពុងតែធ្វើឲ្យកេរ្តិ៍ឈ្មោះក្រសួងបរិស្ថានស្អុយគគ្រុកនេះផង ។ លោករដ្ឋមន្ត្រី ត្រូវតែហ៊ានកាត់សាច់ស្អុយចោល ពីព្រោះថា ត្រីមួយកន្ត្រក ហ៊ានតែស្អុយមួយហើយ គឺស្អុយទាំងអស់ ៕

Loading...