មន្ត្រីមានអំណាច មិនអើពើពីការបំផ្លាញព្រៃឈើ យកធ្វើជន្លង់ម្រេច នៅស្រុកកូនមុំ

ខេត្តរតនគិរី ៖ ព្រៃឈើបំរុងទុករបស់រដ្ឋ នៅក្នុងស្រុកកូនមុំ ខេត្តរតនគិរី បានរងនូវការកាប់បំផ្លាញយ៉ាងរង្គាល ប៉ុន្តែសមត្ថកិច្ច និងមន្ត្រីជំនាញ មិនបានចាត់វិធានការក្តៅ ទៅលើក្រុមឈ្មួញ ដែលនាំឲ្យ មានការកាប់បំផ្លាញ ព្រៃឈើ នោះឡើយ។ ព្រៃបំរុងទុករបស់រដ្ឋ នៅចំណុចភ្នំទទឹង ចំណុចវាលឆ្កែហត់ ចំណុចអូរខ្វេះ និងតំបន់សំខាន់ៗ មួយចំនួនទៀត កំពុងរងការកាប់បំផ្លាញធ្វើជំនួញ យកធ្វើជន្លង់ម្រេច ហើយមួយចំនួនទៀត ត្រូវគេអារច្រៀក ធ្វើជាសំណង់ផ្ទះ។

គំនរឈើ ដែលជាប្រភេទឈើផ្ចឹក ត្រូវបានគេប្រទះឃើញដាក់គរ រាយប៉ាយនៅពេញព្រៃ និងមួយចំនួនទៀត ត្រូវគេគរនៅតាមផ្លូវលំ នៅក្នុងភូមិអ្នកស្រុក និងនៅតាម បណ្តោយផ្លូវជាតិសំខាន់។ រថយន្តកែច្នៃរាប់សិបគ្រឿង កំពុងតែមមាញឹក ក្នុងការប្រមូលព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ របស់រដ្ឋ ចេញពីតំបន់សំខាន់ៗ ដូចបានរៀបរាប់ខាងលើនេះ ទាំងយប់ទាំងថ្ងៃ ប៉ុន្តែសកម្មភាពកាប់ និងដឹកជញ្ជូន ផលព្រៃឈើទាំងនោះ មិនត្រូវបានបង្ក្រាប ដោយសមត្ថកិច្ច និងស្ថាប័នជំនាញឡើយ។

ប្រភពពីមន្ត្រីប្រដាប់អាវុធ បានឲ្យដឹងថា មន្ត្រីមានអំណាចធំៗ នៅក្នុងខេត្ត សុទ្ធតែស្ថិតនៅក្នុងជំនួញព្រៃឈើ ដ៏សំខាន់នេះ។ គេកំពុងតែឆ្ងល់ថា រថយន្តដឹកឈើ ចេញពីស្រុកកូនមុំ ទាំងយប់ទាំងថ្ងៃ គឺត្រូវគេបានឃើញ ជាសាធារណៈ ចុះមូលហេតុអ្វី បានជាអាជ្ញាធរខេត្ត មិនមានចំណាត់ការ។ ហើយថាតើសកម្មភាព ធ្វើឡើងស្របតាម គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពដែរទេ ហើយការប្រើប្រាស់ព្រៃឈើបែបនេះ វាជាការប្រើប្រាស់ព្រៃឈើ ប្រកបដោយនិរន្តភាពដែរឫទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *