មន្ត្រីយោធាជាន់ខ្ពស់ នៃអគ្គបញ្ជាការកងទ័ពម្នាក់ បានរងការចោទពីប្រជាពលរដ្ឋ ១២គ្រួសារ ថាបានប្រើអំណាចបាញ់បោះ ក្នុងជម្លោះដីធ្លីមួយកន្លែង ដើម្បីរារាំងមិនអោយពួកគេកាប់ឆ្ការដីព្រៃ តែនៅក្នុងថ្ងៃនេះ លោកឧត្តមសេនីយ៍ បានចេញបកស្រាយ និងបដិសេធជុំវិញការចោទប្រកាន់ ដែលគ្មានមូលដ្ឋានពិតប្រាកដនោះ !

ខេត្តឧត្តរមានជ័យ៖ នៅច្រើនថ្ងៃបន្តបន្ទាប់គ្នាមកនេះ មានអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន បានផ្សព្វផ្សាយពីករណីជម្លោះដីធ្លីមួយ រវាងប្រជាពលរដ្ឋមួយក្រុមតូច និងមន្ត្រីយោធាជាន់ខ្ពស់ មានឋានន្តរសក្តិផ្កាយ២ នៃអគ្គមេបញ្ជាការកងទ័ព ដោយចោទថាលោក បានប្រើប្រាស់អំណាចរដ្ឋ យកអាវុធមកបាញ់បោះ២គ្រាប់ ក្នុងការរារាំងពួកគាត់មិនអោយចូលកាប់រុករានទន្ទ្រានដីរដ្ឋជាកម្មសិទ្ធ ហើយលោកផ្កាយ២ បានហួងហែងនេះ ដើម្បីទុកយកខ្លួនឯង។

ប៉ុន្តែ នៅថ្ងៃទី២២មិថុនាឆ្នាំ២០២០នេះ នាយករង នៃនាយកដ្ឋានបញ្ជូនសារ អគ្គមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ទោ ទេស សំអាត លោកបានច្រានចោលរាល់ការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ ១២គ្រួសារ ក្នុងនោះមានជនពិការមួយគ្រួសារផងដែរ ថាការចោទនោះ គ្មានមូលដ្ឋានពិតប្រាកដនោះទេ និងដីដែលរងការចូលកាប់រុករាន ទន្ទ្រានជាកម្មសិទ្ធ ពីប្រជាពលរដ្ឋទាំង ១២គ្រួសារនោះ គឺជាដីមានប្លង់កម្មសិទ្ធស្របច្បាប់ ចេញដោយប្រធានភូមិបាលខេត្ត ដែលដីនោះមានទំហំ ៨៥ហិចតា មានមូលដ្ឋាន ស្ថិតនៅក្នុងភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ទេស សំអាត បានមានប្រសាសន៍អោយដឹង នៅថ្ងៃទី២២មិថុនានេះថា ផ្ទៃដីដែលរងការចូលកាប់រុករាន ទន្ទ្រានកាន់កាប់ពីប្រជាពលរដ្ឋ ទាំង១២ គ្រួសារនោះ លាតសន្ធឹងលើផ្ទៃដីបុស្សចាស់ក្នុងទំហំ ៨៥ហិចតា ហើយដីនេះមិនមែនជាដីរបស់ លោកឧត្តមសេនីយ៍នោះទេ គឺជាដីរបស់ឈ្មោះ ឈិត គឹមយាត ត្រូវជាសាច់ញាតិជាមួយលោក ដែលគ្រាបច្ចុប្បន្ន ម្ចាស់ដីរស់នៅភ្នំពេញថ្មី នៃរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ បានបន្តថា ផ្ទៃដីទាំង ៨៥ហិចតានេះ គឺលោក ឈិត គឹមយាត បានប្រមូលទិញពីប្រជាពលរដ្ឋ ជាច្រើនគ្រួសារ និងប្រធានភូមិបាលខេត្ត បានចេញប្លង់រឹងអោយពួកគាត់ត្រឹមត្រូវ ទើបលោកឈិត គឹមយាត ហ៊ានទិញពីប្រជាពលរដ្ឋ យកមកកាន់កាប់ដោយស្របច្បាប់។

លោកបានបន្តថា ក្រោយការទិញដីនេះពីប្រជាពលរដ្ឋហើយ ម្ចាស់ដីមិនបានធ្វើរបងព័ទ្ធ ឬដាំដំណាំនោះទេ ហើយដីចាស់បានដុះព្រៃឡើងវិញ ស្រាប់តែមានប្រជាពលរដ្ឋ ១គ្រួសារ ប្តីឈ្មោះ ធឹម ឆន និងប្រពន្ធ ឈ្មោះ ញ៉េប ពៅ បានទៅបំផុសប្រជាពលរដ្ឋ ១២គ្រួសារ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង អោយចូលមកកាប់ឆ្ការដៃបុស្សចាស់ ដែលមានប្លង់កម្មសិទ្ធស្របច្បាប់នោះ យកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ទាំងបំពានច្បាប់។ រីឯ សារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័ន បានសរសេរចោទប្រកាន់ ថាលោកបានជួលប្រជាពលរដ្ឋទាំងនោះ អោយចូលទៅកាប់រានទន្ទ្រានយកដីនោះទៅវិញ តែធាតុពិត ក្រោយពីដឹងថា មានប្រជាពលរដ្ឋមួយក្រុម បានចូលទៅកាប់រានយកដីនោះ ដោយមានការពឹងពាក់ពីម្ចាស់ដី លោក ឈិត គឹមយាត លោកឧត្តមសេនីយ៍ បានចុះទៅប្រាប់ប្រជាពលរដ្ឋ អោយបញ្ឈប់ការកាប់ឆ្ការដីនោះទៀតទៅ ព្រោះដីនេះជាដីមានម្ចាស់ និងមានប្លង់រឹងត្រឹមត្រូវ តាមច្បាប់ភូមិបាលរួចហើយ។

លោកឧត្តមសេនីយ៍ទោ ទេស សំអាត បានថ្លែងអោយដឹងទៀតថា នៅក្នុងពេលនេះ ម្ចាស់ដី លោក ឈិត គឹមយាត បានធ្លាក់ខ្លួនមានជំងឺប្រចាំកាយ ដោយមិនអាចមកគ្រប់គ្រងដីបាន ក៏បានធ្វើលិខិតផ្ទេរសិទ្ធមកអោយលោកឧត្តមសេនីយ៍ ជាអ្នកគ្រប់គ្រងជំនួសជាបណ្តោះអាសន្ន ស្របពេលដែលលោក កំពុងបំពេញបេសកកម្មការងារ នៅខេត្តឧត្តរមានជ័យ ជួយចាត់ចែង និងមើលការខុសត្រូវដីនោះជាបន្ត។ លោកថា ក្រោយពីទទួលបានសិទ្ធិគ្រប់គ្រងដីនោះ ជាបណ្តោះអាសន្ន ហើយប្រជាពលរដ្ឋ នៅតែបន្តសកម្មភាពកាប់ឆ្ការកាន់កាប់ លោកបានដាក់ពាក្យប្តឹងទៅតុលាការខេត្ត អោយជួយចាត់ការលើរឿងនេះ ហើយព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យជាក់ស្តែង និងបានហាមឃាត់ ប្រជាពលរដ្ឋទាំងជាង ១០គ្រួសារនោះ ហៅមកធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពកាប់រានដីនេះ ជាបន្តទៀត ព្រោះដីនេះមានប្លង់រឹងត្រឹមត្រូវតាមច្បាប់ភូមិបាលខេត្ត។

នៅក្នុងខណៈនោះ ប្រជាពលរដ្ឋទាំង ១២គ្រួសារ បានឆ្លើយប្រាប់កម្លាំងសមត្ថកិច្ច នៅចំពោះមុខ ព្រះរាជអាជ្ញាខេត្តថា ពួកគេមិនបានដឹងថា ដីនេះជាដីមានប្លង់ត្រឹមត្រូវនោះទេ ដោយមានគេប្រាប់ថា ដីទាំងអស់នេះ គឺជាដីទំនេរ ជាដីរបស់រដ្ឋ ហេតុនេះហើយ បានជាពួកគាត់ នាំគ្នាចូលមកកាប់ឆ្ការយក ដើម្បីដាំដំណាំចិញ្ចឹមជីវិត។

លោកឧត្តមសេនីយ៍ទោ ទេស សំអាត លោកបានបដិសេធថា ពាក់ព័ន្ធនឹងការបាញ់បោះ ដែលជាទង្វើល្មើសច្បាប់ លោកមិនបានប្រព្រឹត្ត ដូចការចោទប្រកាន់ ពីប្រជាពលរដ្ឋមួយក្រុមតូច និងការសរសេរគ្មានការពិត ពីអ្នកសារព័ត៌មានក្នុងស្រុក ជាច្រើនស្ថាប័ន ក្នុងពេលកន្លងមកនោះឡើយ។ រីឯ ការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់នោះ បានធ្វើអោយប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូ មកដល់រូបលោក ដែលជាមន្ត្រីយោធាជាន់ខ្ពស់ ជាពិសេស ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ស្ថាប័នកងទ័ព ហើយនៅក្នុងពេលនេះ លោកបាន និងកំពុងដាក់ពាក្យប្តឹងទៅតុលាការខេត្ត ដើម្បីផ្តល់យុត្តិធម៌ដល់លោក និងអង្គភាពកងទ័ព បញ្ជាក់ពីភាពស្អាតស្អំ កុំអោយដូចការសរសេរចោទ ថាលោកបានប្រើអំណាចរដ្ឋ បានបាញ់បោះគម្រាមប្រជាពលរដ្ឋ ប្រើជនពិការឆបោកមិនអោយលុយ និងការគាបសង្កត់សិទ្ធពលរដ្ឋជាដើម។ល។ លោកឧត្តមសេនីយ៍ សង្ឃឹមថា តុលាការខេត្ត នឹងជួយរកយុត្តិធម៌ ដល់លោកជាក់ជាមិនខានឡើយ៕

Loading...