មន្ត្រីយោធាបើករថយន្តបុកម៉ូតូមន្ត្រីអាវុធហត្ថ ស្លាប់ម្នាក់

ខេត្តប៉ៃលិន៖ មន្ត្រីអាវុធហត្ថម្នាក់ ខណៈកំពុងជិះម៉ូតូប្រុងនឹងកាច់បត់ ក៏ត្រូវរថយន្តឡិចស៊ីស១គ្រឿងបើកបរដោយមន្ត្រីយោធាវរសេនាតូច៥០៧ បើកបុកពេញទំហឹងត្រង់ចំណុចផ្លូវកោង បណ្តាលឲ្យជនរងគ្រោះផ្លោងប្រមាណ៣០ម៉ែត្រ ស្លាប់យ៉ាងអណោចអធម្ម។
ករណីនេះគឺបានកើតឡើងកាលពីវេលាម៉ោង ៥រសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមុខផ្លូវចូលវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិត ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡី សុផល ភេទប្រុស អាយុ៤៨ឆ្នាំ មានតួនាទីជាលេខាធិការនៃបញ្ជាការកងរាជអាវុធហត្ថខេត្ត បើកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ស្លាកលេខ ប៉ៃលិន 1A-1329។ ចំណែកអ្នកបើកថយន្តបង្កមានឈ្មោះ ដា ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីយោធានៃទីបញ្ជាការវរសេនាតូចលេខ507 ពាក់សក្តិ២ បើកបររថយន្តម៉ាកឡិចស៊ីស 470 ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2V- 3924។
ប្រភពព័ត៌មានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូក្នុងស្ថានភាពស្រវឹង ទិសដៅពីកើតទៅលិច លុះដល់កន្លែងកើតហេតុក៏កាច់បត់ឆ្វេងប្រុងចូលផ្ទះ ក៏ស្រាប់តែត្រូវរថយន្តឡិចស៊ិស បើកដោយជនបង្កក្នុងស្ថានភាពស្រវឹងដូចគ្នា បានបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង បណ្តាលឲ្យខ្ទាតជនរងគ្រោះពីម៉ូតូជាង៣០ម៉ែត្រ ស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនមិនបានប៉ុន្មានក៏ចត ចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៥៧ ក្បែរផ្សារសាមគ្គីហៅប៉ាហ៊ី ហើយក៏ចុះគេចខ្លួនបាត់ស្រមោល។ រថយន្ត និងម៉ូតូ ក្រោយពីសមត្ថកិច្ចវាស់វែងរួច បានដឹកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកសពជនរងគ្រោះត្រូវគេយកទៅធ្វើបុណ្យនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ៕

IMG-02

Loading...

Leave a Reply

Your email address will not be published. Required fields are marked *