មន្ត្រីយោធា ហ៊ត់ ប៊ុនគឹម ប្រើស្បែកលោក ណៃ តឹងឡឹង មេបញ្ជាការសឹករង ខេត្តក្រចេះ ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញពីភូមិប៉ោដើមចេក ទៅវៀតណាម យ៉ាងគគ្រឹកគគ្រេង

ខេត្តក្រចេះ ៖ ប្រភពប្រាប់ថា មន្ត្រីយោធា ហ៊ត់ ប៊ុនគឹម អតីតមេបញ្ជាការ​យោធា​គ​៣ ​នៃ​វរ​ការពារ​ព្រំដែន​លេខ​២០៤ និងម្តាយក្មេករហស្សនាមយាយ ៤៣ បាន​ប្រមូលទិញ​ឈើ​ស្តុកទុក និង​ដឹកជញ្ជូន​ឈើ ​នៅចំណុច​ប៉ោ​ដើម​ចេក កា​៣ស្រុក​ស្នួល ខេត្តក្រចេះ ឈើប្រណិតរាប់ពាន់កំណាត់ និង លើកឈើដាក់រថយន្តយីឌុបខ្នាតយក្សរួចដឹកបន្តយកទៅលក់នៅ​ស្រុក​យួន​ ​ដោយមិនមានបញ្ហារាំងស្ទះសោះឡើយ។

មន្ត្រីសមត្ថកិច្ច មានប៉ូលីសសេដ្ឋកិច្ចក្រសួង-ខេត្ត សមត្ថកិច្ចប៉េអឹម និងមន្ត្រីជំនាញ ពេលខ្លះមិនដែលហ៊ានត្រួតពិនិត្យ ឬ ហើបមាត់ ពីការរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ របស់លោក ហ៊ត់ ប៊ុនគឹម នោះទេ ជាពិសេសគឺជំនាញរដ្ឋបាលព្រៃឈើខេត្តក្រចេះ និងសមត្ថកិច្ចឈរជើងតាមដងផ្លូវ គឺទី១ ដោយសារតែលោក ហ៊ត់ ប៊ុនគឹម មានលុយជួលប៉ូលីសសេដ្ធកិច្ច និងប៉េអឹមផ្ទៃប្រទេសនិងអ្នកកាសែតត្បាញអាយ២នាក់ ជាអ្នករត់ការនិងមើលផ្លូវ។ ទី២ មន្ត្រីយោធា ឈ្មោះ ហ៊ត់ ប៊ុនគឹម មានថ្នាក់លើពាក់ផ្កាយ១ឈ្មោះ ណៃ តឹងឡឹង មេបញ្ជាការសឹករង ខេត្តក្រចេះ ជាខ្នងបង្អែក ជួយជ្រោមជ្រែង។

លោក ហ៊ត់ ប៊ុនគឹម មានក្របខ័ណ្ឌជាមន្ត្រីយោធា ហើយគេមិនច្បាស់ទេថា តើក្នុងមួយខែៗ លោក ហ៊ត់ ប៊ុនគឹម បានផ្តល់ផលប្រយោជន៍ យកទៅជូនថ្នាក់លើ ជាខ្នងបង្អែកម្នាក់នោះ អោយជួយជ្រោមជ្រែង ប៉ុន្មានម៉ឺនដុល្លារនោះទេ បានជាលោក ហ៊ត់ ប៊ុនគឹម អាចយកស្បែកជាយោធាទៅពង្រឹងពង្រីកមុខជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួនកាន់តែអនាធិបតេយ្យ ខ្លាំងឡើងៗ ​មិនមានអ្នកណាហ៊ានប៉ះពាល់។

ប្រភពប្រាប់បន្តថា ជំនួញឈើរបស់មន្ត្រីយោធាឈ្មោះ ហ៊ត់ ប៊ុនគឹម និងម្តាយក្មេករហស្សនាម យាយ៤៣ ឬយាយនោមឆេះ បានធ្វើសកម្មភាពទិញឈើខុសច្បាប់ ពីចំណុចផ្សេងៗ យកមកគរទុក នៅចំណុចភូមិប៉ោដើមចេក កា៣ ស្រុកស្នួល ខេត្តក្រចេះ រាប់ពាន់កំណាត់ ពេលព្រលប់ លើកឈើដាក់រថយន្ត យីឌុបខ្នាតយក្ស រួចដឹកបន្តយកទៅលក់នៅស្រុកយួន តាមច្រករបៀង ហើយ មួយរយៈ​ចុងក្រោយ​នេះ ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ នៅ​តំបន់​ប្រតិ បត្តិការ​សឹក​រង​ខេត្តក្រចេះ ទើប​មេ​ឈ្មួញ ហ៊ត់ ប៊ុន​គឹម ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ ខ្លាំងឡើងៗ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

គេលើកជាសំណួរថា តើបទបញ្ជាលេខ០១ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចមានឥទ្ធិពលបង្ការបង្ក្រាប និងទប់ស្កាត់ ការដឹកជញ្ជូនឈើខុសច្បាប់ របស់លោក ហ៊ត់ ប៊ុនគឹម បានឬក៏អត់ ព្រោះភាពអនាធិបតេយ្យ នៃការទិញស្តុកឈើខុសច្បាប់ ដឹកជញ្ជូនឈើប្រណិត តាមរថយន្តយីឌុប ចេញពីភូមិប៉ោដើមចេក កា៣ ស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់ប្រទេស វៀតណាមដែលលោក ហ៊ត់ ប៊ុនគឹម កំពុងធ្វើនៅពេលនេះ មានទំហំធំធេង និងព្រហើនបំផុត ចំពោះការរឹតបន្តឹងរបស់រាជរដ្ឋាភិបាល ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យ មើលភាពអនាធិប តេយ្យ របស់លោក ហ៊ត់ ប៊ុនគឹម ឡើងវិញជាបន្ទាន់ កុំឲ្យប្រជាពលរដ្ឋ រិះគន់ថា ព្រោះតែសំអាង លើស្បែកជាយោធានិងអាងមានការបើកដៃពីជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះនិងសមត្ថ កិច្ច តាមដងផ្លូវព្រម ទាំងលោក គឹម គង់នី ចៅហ្វាយស្រុកស្នួល នោះ ហ៊ត់ ប៊ុនគឹម អាចធ្វើអ្វីៗតាមតែអំពើចិត្ត ៕

 

 

Loading...