មន្ត្រីរដ្ឋបាលជលផលបីខេត្ត សហការបង្ក្រាបបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់និងលែងត្រីរាប់សិបគីឡូក្រាម

ខេត្តពោធិ៍សាត់ ៖ ការនេសាទល្មើសច្បាប់ដោយប្រើឧបករណ៍ខុសច្បាប់កំពុងតែកើតមានព្រោងព្រាតនៅក្នុងទឹកដីខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ។ ពួកអ្នកប្រព្រឹត្តល្មើសពេលខ្លះបានបង្ហើបថា ការដែលពួកគេអាចធ្វើដូច្នេះបាន គឺបានចំណាយប្រាក់ជូនមន្ត្រីជលផល ថ្នូរនឹងការមិនបង្ក្រាប។ យ៉ាងណាក៏ដោយ មន្ត្រីជលផលដែលទទួលប្រាក់ពីពួកអ្នកនេសាទប្រើឧបករណ៍ខុសច្បាប់នោះមិនត្រូវបានទម្លាយឈ្មោះឲ្យដឹងឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម លោក ហុង ហុី បានដឹកនាំកម្លាំងមន្រ្តីអធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ចូលរួមដោយមន្រ្តីរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងកងកម្លាំងពាក់ព័ន្ធ មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងមន្រ្តីបាលជលផលខេត្តកំពង់ធំ ដោយបែងចែកកម្លាំងចំនួន២ក្រុម ចុះអនុវត្តប្រពន្ធ Black View ដើម្បីកំណត់(កន្លែងនៃប្រភេទឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល) និងបង្រ្កាបនៅខេត្តពោធិ៍សាត់ ។

ការចុះអនុវត្តប្រព័ន្ធ(Black View) និងបង្រ្កាបខាងលើ ធ្វើឡើងនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រំប្រទល់ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ តំបន់.កដប ស្ថិតនៅឃុំអន្សាចំបក់ ស្រុកក្រគរ និងចំណុចខាងកើតភូមិកោះក្អែក ស្ថិតនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

កម្លាំងចុះការងារផ្ទាល់ បើទោះជាមិនបានបញ្ជាក់អំពីលទ្ធផលការកំណត់ទីតាំងនៃឧបករណ៍កែច្នៃចាប់ត្រីខុសច្បាប់ស្ដីពីជលផលរួមទាំងជនប្រព្រឹត្ត ដោយប្រើប្រាស់នូវប្រពន្ធ័(Black View)ក្ដី ប៉ុន្តែបានបញ្ជាក់អំពីលទ្ធផលការបង្រ្កាបៈ របាំងសាច់អួនចំនួន៦ខ្សែ ស្មើនឹងប្រវែងចំនួន២៤០០ម៉ែត្រ បង្គោលចំរឹងចំនួន៧៤០ដើម លូកងសាច់អួន និងក្បាលបរចំនួន១០គ្រឿង ថែមទាំងចាក់លែងត្រីចំរុះចូលទឹកបឹងធម្មជាតិ(ទន្លេសាប)ទម្ងន់ចំនួន៦៥គីឡូក្រាមផងដែរ វត្ថុតាងបំផ្លាញចោលផងដែរ ៕

 

 

Loading...