មន្ត្រីស្រុកកូនមុំនាំគ្នាប្តឹង លោកសេក ហៃ អភិបាលស្រុកទៅកាន់ថ្នាក់ដឹកនាំខេត្ត និងតំណាងរាស្ត្រឲ្យជួយរកយុត្តិធម៌

ខេត្តរតនគិរី៖ ការរំលោភបំពានលើសិទ្ធិសេរីភាពរបស់មន្ត្រីគឺជារឿងធំមួយដែលបានកើតមានជាហូរហែនៅស្រុកកូនមុំ ចាប់តាំងពីលោក សេក ហៃ ទទួលតំណែងជាអភិបាលស្រុកកូនមុំ នៅអំឡុងឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន ។ នេះគឺជាការលើកឡើងរបស់មន្រ្តីមួយចំនួន ដែលទទួលរងនូវការឈឺចាប់ពីសំណាក់លោក សេ ហៃ អភិបាលស្រុកកូនមុំ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកលោក សេក ហៃ អភិបាលស្រុក បានតាំងខ្លួនជាស្តេចត្រាញ់គ្មានបុគ្គលណាហ៊ានប៉ះនោះទេ។ ដោយហេតុថាតាមទម្លាប់របស់គាត់គឺតែងតែប្រើពាក្យ គំរោះគំរើយ ជេរប្រមាថមាក់ងាយមន្រ្តីមួយចំនួនក្រោមឱវាទនៅក្នុងសាលាស្រុកកូនមុំ មើលទៅហាក់មិនស័ក្តិសមជាថ្នាក់ដឹកនាំទាល់តែសោះ។

ដោយសារតែការអត់ទ្រាំមិនបាននោះហើយ កាលពីដើមឆ្នាំ២០២០ មន្ត្រីក្រោមឱវាទមួយចំនួនចាប់ពីថ្នាក់ អធិការ អធិការរង ប្រធានការិយាល័យ បានសម្រេចចិត្តផ្តិតមេដៃរួមគ្នាប្តឹង ទៅកាន់លោកប៊ូ ឡាំ អ្នកតំណាងរាស្ត្រ ខេត្តរតនគិរី និងប្តឹងមកកាន់លោក ថង សាវុន អភិបាលខេត្តរតនគិរី ដើម្បីស្នើសុំអន្តរាគមន៍ជួយរកយុត្តិធម៌ដល់ពួកគេ គ្រាដែល លោក សេក ហៃ អភិបាលស្រុកកូនមុំ តែងតែជេរប្រមាថមន្ត្រីដែលមិនអាចទទួលយកបាននោះឡើយ។

បើតាមប្រភពពីមន្រ្តីដែលធ្លាប់រងគ្រោះដោយសារ លោកសេក ហៃ ជេរប្រមាថបានលើក ឡើងថា រហូតមកដល់ពេលនេះគឺពួកគាត់ពុំទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នមន្ត្រីដែលហ៊ានប្តឹង លោក សេក ហៃ អភិបាលស្រុកកូនមុំ ត្រូវបានលោក សេក ហៃ ចាត់ការចេញម្តងមួយៗ អោយមកអង្គុយអានកាសែតនៅសាលាខេត្តរតនគិរី តួយ៉ាងរួមមាន លោក សាយ ចំរើន អតីតអភិបាលរងស្រុកកូនមុំ ដែលជាថ្នាក់ដឹកនាំម្នាក់សកម្មក្នុងការចុះមូលដ្ឋានជួបជួយប្រជាពលរដ្ឋជាដើម ។ ចំណែកលោក ហ៊ិន វិន អតីតអភិបាលរងស្រុកកូនមុំ ដែលជាមនុស្សជំនិតបំផុតរបស់លោក សេក ហៃ ក៏ត្រូវបានដកចេញអោយមកនៅសាលាខេត្តដូចគ្នានោះផងដែរ ។ ប្រការនេះជាហេតុធ្វើឲ្យលោក ហ៊ិន វិន មានការឈឺចាប់យ៉ាងខ្លាំងស្ទើរក្អួតឈាម នេះព្រោះតែខ្លួនធ្លាប់បំពេញការងារធ្វើតាមបទបញ្ជាផ្ទាល់ពីលោកសេក ហៃ រហូតទទួលរងនូវបណ្តឹង ពីប្រជាពលរដ្ឋ មិនតិចជាង៦០នាក់ថែមទៀត។

ដោយឡែកមនុស្សពីរនាក់ទៀតទី១/លោក ភោគ បូរិទ្ធ អធិការនគរបាលស្រុកកូនមុំ ដែលប្រជាពលរដ្ឋតែងតែគោរពស្រលាញ់និងមានទំនុកចិត្តគាំទ្រក្នុងការដឹកនាំទប់ស្កាត់នូវរាល់អំពើចោរលួច ចោរប្លន់រួមនិងកិច្ចការរដ្ឋបាលទូទៅនៅក្នុងមូលដ្ឋានស្រុកក៏នឹងត្រូវផ្ទេរមកកាន់ស្នងការនគរបាលខេត្តនៅបំណាច់ខែនេះផងដែរ នេះបើគ្មានការប្រែប្រួល ។ រីឯ លោក ផន សុភាព ប្រធាន ការិយាល័យអប់រំស្រុកកូនមុំ ដែលជាធនធានមនុស្សមួយរូបយ៉ាងសំខាន់នោះ ក៏ត្រូវដកប្តូរចេញជំនួសដាក់ មកវិញដោយ លោក កង ពទ្ធារិន ។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ ត្រូវបានប្រភពមន្ត្រីនៅស្រុកកូនមុំលើកឡើងថា នេះគឺជាជោគជ័យដ៏មហាធំរបស់លោក សេក ហៃ អភិបាលស្រុកកូនមុំ ពីព្រោះថាមានរឿងរ៉ាវមិនប្រក្រតីជាច្រើន រួមមានបញ្ហារឿងដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ដីភ្នំ ដីរដ្ឋដែលនៅសល់ពីជំនាន់អភិបាល ស្រុកចាស់ ដីព្រៃរាប់ពាន់ហិតតា កំពុងត្រូវបានធ្លាក់ទៅលើបុគ្គលឯកជន ក្រោមការឃុប ឃិត ពីមន្ត្រីពាក់ព័ន្ធក្នុងស្រុកកូនមុំ ដោយមាន អភិបាលស្រុក និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក ជាអ្នកនៅពីក្រោយនៃការរំលោភបំពាននេះដើម្បីប្រមូលលាភសក្ការៈ ។

ជាពិសេសដីព្រៃ នៅភូមិស្រែពកតូច ស្រែពកធំ ឃុំសិរីមង្គល នឹងចំណុចអូររ៉ូង ភូមិ៣ឃុំ ត្រពាំងក្រហមស្រុកកូនមុំទំហំ៣៧៨ហិកតា ក៏ត្រូវបានគេឃុបឃិតគ្នាប្រែក្លាយពីដីព្រៃឈើ រហូតអោយទៅជាទីវាលរហោឋានគ្រប់គ្រងដោយឯកជន ។

ប៉ុន្តែនៅពេលថ្មីៗនេះដីចំណុចអូររ៉ូងភូមិ៣ ឃុំត្រពាំងក្រហមខាងលើត្រូវបានប្រភពមន្ត្រីលើកឡើងថា លោកថង សាវុន អភិបាលខេត្តរតនគិរី បានចេញលិខិតបង្គាប់ការអោយដកហូតដីដែលកាប់ឈួសឆាយរួចនោះមកជាសម្បត្តិរដ្ឋវិញ ។

ពាក់ព័ន្ធនឹងរឿងខាងលើនេះមន្ត្រីក្នុងមូលដ្ឋានក៏ដូចជាមជ្ឈដ្ឋានដឹងរឿងនេះក្នុងខេត្តរតនគិរី កំពុងទន្ទឹង រង់ចាំមើលថា តើលោក សេក ហៃ អភិបាលស្រុកកូនមុំ រួមនិងគូរកន អាចគេចផុតពីកណ្តាប់ដៃដែករបស់ លោកថងសាវុនអភិបាលខេត្តរតនគិរី នឹងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដែរឬទេ ?។ ព្រោះថាដីព្រៃឈើនៅលើផ្ទៃដីជិត៤០០ហិកតា ត្រូវបានក្រុមបក្ខពួកបំផ្លាញជាតិកាប់ឈួសឆាយព្រៃអោយក្លាយទៅទីជាវាលរហោឋានដោយគ្មានកោតខ្លាចញញើតនឹងសំណាញ់ច្បាប់ឡើយ ! ៕

Loading...