មន្ត្រីអង្គការសង្គមស៊ីវិល អំពាវនាវអាជ្ញាធរខេត្តរតនគិរីបង្ក្រាបការជីករ៉ែត្បូងខុសច្បាប់

ខេត្តរតនគិរី ៖ការជីកយកត្បូងមានតម្លៃអនាធិបតេយ្យនៅក្នុងដីចម្ការកៅស៊ូរដ្ឋ និងដីចម្ការកៅស៊ូឯកជនមួយកន្លែង នៅភូមិត្រុំ ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី កើតមានឡើងវិញ បន្ទាប់ពីអាជ្ញាធរខេត្តបានចាត់វិធានការបង្ក្រាបកាលពីខែវិច្ឆិកា ឆ្នាំ២០១៤។

ការជីកយកត្បូងធម្មជាតិនេះ ក្រុមសមត្ថកិច្ចពាក់ព័ន្ធអះអាងថា ពិបាកបង្ក្រាបដោយសារតែក្រុមជនល្មើសលួចជីកនៅពេលយប់។

មន្ត្រីឃ្លាំមើលធនធានធម្មជាតិនៃសមាគមអាដហុក (adhoc) ខេត្តរតនគិរី អំពាវនាវសុំឲ្យអាជ្ញាធរខេត្ត ចាត់វិធានការបង្ក្រាបជាថ្មីទៅលើសកម្មភាពជីករ៉ែត្បូងអនាធិបតេយ្យ ក្នុងដីចម្ការកៅស៊ូរដ្ឋវិនិយោគទៅឲ្យក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ (Swift Rubber Plantation) និងដីចម្ការកៅស៊ូគ្រួសារ ឋិតក្នុងភូមិត្រុំ ឃុំឡាមីញ ស្រុកបរកែវ។

ការអំពាវនាវនេះ កើតមានឡើងបន្ទាប់ពីកម្មកររាប់សិបនាក់ បាននាំគ្នាចូលទៅធ្វើរោងស្នាក់នៅ និងជីករ៉ែត្បូងអនាធិបតេយ្យនៅតំបន់នោះប្រមាណមួយខែកន្លងទៅ ដោយមិនមានសមត្ថកិច្ចបង្ក្រាប។

មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី បានបង្ហោះរូបភាពទីតាំង និងសកម្មភាពជីករករ៉ែនៅក្នុងបណ្ដាញព័ត៌មានសង្គមដែលបង្ហាញថា កន្លែងជីកត្បូងត្រូវបានកម្មករជាក្រុមៗរាប់សិបនាក់ មានខ្មែរ និងវៀតណាម ចូលទៅជីកជាថ្មី បន្ទាប់ពីទីនោះត្រូវបានអាជ្ញាធរបង្ក្រាបដូចលេងបិទពួន ម្តងបិទម្តងបើក។ ការអង្កេតបឋមរបស់ លោក ឆាយ ធី រកឃើញថា មានថៅកែជាឈ្មួញត្បូង ឬកុងសែត្បូងជាអ្នកនៅពីក្រោយសកម្មភាពជីករកត្បូងនេះ។ ចំណែកអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធខ្លះ ត្រូវគេសង្ស័យថា បានឃុបឃិតផ្តល់ព័ត៌មានទៅឲ្យអ្នកជីកត្បូងគេចខ្លួន ខណៈមានសមត្ថកិច្ចចុះទៅកាន់ទីនោះ៖ «មានកុងសែនៅពីក្រោយខ្នង ហើយជីកទៅលើដីក្រុមហ៊ុនប្រហែល ៣០ហិកតារ។ ការជីកនេះមានប្រក់តង់កៅស៊ូ មានជីកជារណ្ដៅរាប់រយរណ្ដៅក្នុងការជីកខែវស្សានេះ»។

ទាក់ទិនករណីនេះដែរ ប្រធានរដ្ឋបាលក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ លោក ងិន បូរិន មានប្រសាសន៍ថា ក្រុមហ៊ុនបានដកកងសន្តិសុខការពារចេញពីតំបន់នោះហើយ ដោយសារចម្ការកៅស៊ូតំបន់នោះឋិតក្នុងជម្លោះជាមួយក្រុមសាមគ្គី ហេតុនេះក្រុមហ៊ុនមិនទទួលខុសត្រូវលើបញ្ហានេះឡើយ។

ក៏ប៉ុន្តែ នាយនគរបាលប៉ុស្តិ៍ឡាមីញ លោក មិន រ៉េន ទទួលស្គាល់ថា ប្រជាពលរដ្ឋចំណាកស្រុក និងជនជាតិវៀតណាម រស់នៅស្រុកបរកែវ ពិតជាបានចូលមកជីកយកត្បូងបន្តទៀត ប៉ុន្តែជាក្រុមតូចៗ និងជាពិសេស ពួកគេលួចធ្វើនៅពេលយប់ សមត្ថកិច្ចពិបាកចុះបង្ក្រាប។ លោកកត់សម្គាល់ថា កន្លែងជីកត្បូងនោះមានរណ្ដៅត្បូងចាស់ត្រូវបានគេជីកកាលពីឆ្នាំកន្លងទៅ ហេតុនេះក្រុមអនាធិបតេយ្យចូលមកជីកក្នុងរណ្ដៅចាស់ឡើងវិញ៖ «ខ្ញុំនិយាយអស់អត់មានលាក់បាំងទេ វាមានអ្នកលួចជីកមួយៗជីករណ្តៅចាស់គេអ៊ីចឹងណា បង្ក្រាបខ្លះដែរ ទៅដេញវារត់អ៊ីចឹងដែរ បើថ្ងៃអត់សូវមានទេ ច្រើនលួចយប់ខ្លះ»។

យ៉ាងនេះក្តី ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន អះអាងថា លោកបានចុះទៅកាន់តំបន់នោះរួចហើយកាលពីពេលថ្មីៗនេះ ដោយរកឃើញថា មានអ្នកជីកត្បូងប្រមាណ ២០នាក់ បានលួចជីកត្បូងនៅតំបន់នោះឡើងវិញ។ លោកថា កំពុងសុំគោលការណ៍ពីអាជ្ញាធរខេត្ត ដើម្បីបង្ក្រាបសកម្មភាពល្មើសច្បាប់នេះ៖ «យើងដឹងតើ! យើងកំពុងតែជជែកគ្នាថា ធ្វើម៉េចបើប៉ូលិសចាប់ដេញអ៊ីចឹងទៅ ចូលមកវិញ។ និយាយពីការឃុបឃិតអត់មានទេ ខ្ញុំពិនិត្យហើយតែទិសដៅរបស់យើងគឺចាប់កសាងឯកសារបញ្ជូនទៅតុលាការ»។

កាលពីខែកក្កដា ប្រជាពលរដ្ឋរស់នៅជិតតំបន់ជីកត្បូងអនាធិបតេយ្យនេះ បានចោទប្រកាន់មេការក្រុមហ៊ុន ស្វីស រ៉ាប់ប៊ឺ ពីរនាក់ ថាបានឃុបឃិតជាមួយដង្ខៅត្បូងម្នាក់រស់នៅភូមិត្រុំ គឺជាអ្នកចលនាឲ្យកម្មករទៅជីកត្បូង។ ដង្ខៅត្បូងនោះ ក៏ជាអ្នកផ្គត់ផ្គង់សម្ភារៈរកត្បូងទៅឲ្យកម្មករ ហើយពួកគេចាំប្រមូលទិញត្បូងនោះវិញ។ ចំណែកមន្ត្រីមូលដ្ឋាន ត្រូវបានគេសង្ស័យថា បានទទួលប្រាក់សំណូកពីការជីកយកត្បូង៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *