មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ឃាត់ខ្លួនបុរសពីរនាក់ សង្ស័យដាក់អន្ទាក់ចាប់សត្វជ្រូកព្រៃ នាំយកទៅធ្វើជំនួញ ដោយខុសច្បាប់

ខេត្តឧត្តរមានជ័យ៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនបុរសពីរនាក់ សង្ស័យដាក់អន្ទាក់ចាប់សត្វជ្រូកព្រៃ នាំយកទៅធ្វើជំនួញ ដោយខុសច្បាប់។

ប្រតិបត្តិការណ៍នោះ បានធ្វើឡើងក្រោមកិច្ចសហការ រវាងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការអូរអំបិល ជាមួយកម្លាំងអង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី ចុះល្បាតរួមគ្នា ហើយបានប្រទះឃើញបុរសពីរនាក់ បានដាក់អន្ទាក់ចាប់សត្វព្រៃ «សត្វជ្រូកព្រៃ» នៅចន្លោះពីប៉ុស្តិ៍អូរកូនតឹង រហូតដល់ប៉ុស្តិ៍កប់គង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្ម-ទេព នៃខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៣កញ្ញាឆ្នាំ២០២០។

មន្ត្រីឧទ្យានុរក្ស បាននិយាយថា ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូ​នមកកាន់ មន្ទីរបរិស្ថានខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តឧត្តរមានជ័យ ។ ជនសង្ស័យទាំងពីរនាក់ ដែលរងការឃាត់ខ្លួន គឺរស់នៅភូមិ ត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប៕

Loading...