មន្ត្រី​ធំៗ​ក្នុង​ខេត្តក្រចេះ ឃុបឃិត​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន យ៉ាង​រលូន​

ខេត្តក្រចេះ ៖ ក្នុងចំណោម​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលមាន​ងារ​ជា​ឧកញ៉ា និង​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា ផង​នោះ​កំពុង​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ឲ្យ​ដឹងថា លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏ដូចជា​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​រួចទៅហើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រយៈពេល​មួយ​សប្ដាហ៍​កន្លងទៅនេះ​មាន​ឈ្មួញ​ជាច្រើន​នាក់​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក៏ដូចជា​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុម​ឈ្មួញ​ទាំងនោះ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន គឺ​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​គយ​ចល័ត មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​មន្ត្រី​អាវុធហត្ថ​ជាដើម​។ ចំណែក​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ត្រូវបាន​ម​ជ្ឈ​ដ្ឋ​ន​នានា​លើកឡើងថា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ជា​រៀងរាល់ថ្ងៃ​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ឈើ​ដែល​ឈ្មួញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ មាន​ប្រភព​នៅក្នុង​ស្រុក​សំបូរ និង​ស្រុក​ចិត្រ​បុរី​។ ក្រុម​ឈ្មួញ​ជាច្រើន​នាក់​ជាពិសេស​ឈ្មួញ​ឈ្មោះ ចែ​មុំ ហៅ​ម៉ាប់ អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ចិត្រ​បុរី និង​ស្រុក​សំបូរ ទៅដល់​តំបន់​ព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សំបូរ ស្រុក​ចិត្រ​បុរី និង​ស្រុក​ស្នួល ខេត្តក្រចេះ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ដែល​កំពុង​ក្លាយទៅជា​បង្អែក​រឹងមាំ​សម្រាប់​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​។

​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ពី​យប់​ថ្ងៃទី​០៤​ដល់​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា កន្លងទៅនេះ​មាន​ក្បួន​រថយន្ត​ដឹកឈើ​ជាច្រើន​គ្រឿង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ និង​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​។ ទាក់ទង​បញ្ហា​ខាងលើនេះ​ប្រភពពី​ឈ្មួញ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​គយ​ចល័ត មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​សមត្ថកិច្ច​អាវុធហត្ថ​ផងដែរ ទើប​គ្មាន​ការរំខាន​។ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ គឺជា​ភស្ដុតាង​បង្ហាញថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ដឹកជញ្ជូន​ឈើ​ពី​ក្រៅប្រទេស គឺជា​រឿង​ឥតន័យ​ព្រោះ​ជាក់ស្ដែង​ឈ្មួញ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

Loading...