ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញកំពុងសម្រុកកាប់ឈើ អារច្រៀកឈើនៅក្នុងតំបន់អភិរក្សជីវៈចម្រុះកែវសីមា យ៉ាងពេញបន្ទុកហើយជួលឲ្យប្រជាពលរដ្ឋដឹកចេញតាមម៉ូតូយ៉ាងគគ្រឹកគគ្រេង។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញជួលប្រជាពលរដ្ឋដឹកឈើតាមម៉ូតូពីតំបន់អភិរក្សជីវៈចម្រុះកែវសីមា ឆ្លងកាត់ឃុំក្រញូងសែនជ័យ ស្រុកស្នួល ហើយចេញទៅស្រុកយួនតាមចំការកៅស៊ូក្រោយតំបន់កា៣ យ៉ាងរលូនតែម្តង។ មន្ត្រីបរិស្ថានប្រចាំតំបន់អភិរក្សជីវៈចម្រុះកែវសីមា ត្រូវបានគេដឹងថាជាអ្នកឃុបឃិតឲ្យមានបទល្មើសកាប់ឈើ ដឹកជញ្ជូនចេញពីតំបន់នេះយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់ពីអាជ្ញាធរខេត្ត ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកែវសីមា បានឲ្យដឹងថា ថ្មីៗនេះមានម៉ូតូប្រមាណ៣០គ្រឿងដឹកឈើចេញពីតំបន់ដែលមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ហើយអ្នកដឹកឈើបានបង់លុយឲ្យមន្ត្រីនៅស្នាក់ការពូគង់ មានដូចជាឈ្មោះ ឆៃ ឈឿន និងមន្ត្រីអាវុធហត្ថប្រចាំតំបន់នោះតាមកំណត់។ មិនតែប៉ុណ្ណោះឈ្មួញមួយចំនួនបានប្រមូលប្រជាពលរដ្ឋឲ្យចូលកាប់ឈើ អារច្រៀកឈើដឹកជញ្ជូនចេញពីតំបន់ត្រពាំងញាប់ ត្រពាំងខ្លុង និងស្រែអំពូម នៃតំបន់អភិរក្សជីវៈចម្រុះកែវសីមា។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់បើទោះបីកន្លងទៅថ្មីៗនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានធ្វើការព្រមានខ្លាំងៗទៅលើលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី យ៉ាងណាក៏ដោយ។
តាមការអះអាងរបស់មន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថាតំបន់អភិរក្សជីវៈចម្រុះកែវសីមា ដែលមានទំហំជាង៣០ម៉ឺនហិកតាគ្របដណ្ដប់ក្នុងស្រុកកែវសីមា ស្រុកអូររាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងមួយផ្នែកនៃស្រុកស្នួល ខេត្តក្រចេះ កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ។ រីឯប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកែវសីមា បានឲ្យដឹងថា ចាប់តាំងពីលោក ព្រំ សុវណ្ណា មកកាន់តំណែងជានាយកតំបន់អភិរក្សជីវៈចម្រុះកែវសីមា គឺបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់នេះ កំពុងមានការកើនឡើងយ៉ាងគំហុកព្រោះលោក ព្រំ សុវណ្ណា គិតតែពីរឿងប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួន។ ដូច្នេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនគួរមើលរំលងបញ្ហាខាងលើនេះទេអាជ្ញាធរខេត្ត កំពុងបើកដៃឲ្យលោក ព្រំ សុវណ្ណា ធ្វើអ្វីៗតាមអំពើចិត្តក្នុងខណៈដែលព្រៃឈើនៅក្នុងតំបន់អភិរក្សជីវៈចម្រុះកែវសីមា កំពុងប្រឈមនឹងសេចក្ដីវិនាស៕