មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​តាម​តំបន់​មួយចំនួន​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ពួកគេ

ខេត្តឧត្តរមានជ័យ៖ តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ក្រុង​សំរោង ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​នៅតែមាន​ពលរដ្ឋ​ខ្មែរ​លបលួច​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ឈ្មួញ​ខិលខូច​មួយចំនួន​ដូច​មុន​ដដែល​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​តាម​តំបន់​មួយចំនួន​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ពួកគេ​ក្នុងតម្លៃ​ទាប បន្ទាប់មក​ពួកគេ​លក់​ឲ្យ​ឈ្មួញ​ធំៗ​ក្នុងតម្លៃ​ខ្ពស់​។ ឈ្មួញ​ដែល​កំពុង​សម្រុក​ប្រមូល​ទិញ​ឈើ​គ្រញូង​ដឹក​ចេញពី​ខេត្តឧត្ដរមានជ័យ សព្វថ្ងៃនេះ​គឺ​ឈ្មួញ​វ័យក្មេង​ឈ្មោះ មករា ជា​ជនជាតិខ្មែរ​និង​ឈ្មួញ​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ដែលជា​ជនជាតិ​យួន​ល្បីល្បាញ​ខាង​ធ្វើ​ជំនួញ​ឈើ​គ្រញូង​ច្រើន​ឆ្នាំ​មកហើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ខេត្តឧត្ដរមានជ័យ យ៉ាង​រលូន​។ ទន្ទឹមនឹងនេះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តាម​ព្រំដែន​កម្ពុជា​-​សៀម នៅ​ក្រុង​សំរោង ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ជា​មន្ត្រី​យោធា​និង​មន្ត្រីនគរបាល​មួយចំនួន គឺជា​អ្នកប្រមូល​ទិញ​ឈើ​គ្រញូង​ទុក​លក់​ឲ្យ​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ ក្នុងតម្លៃ​ខ្ពស់​។

ចំណែក​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ មិន​ចាត់វិធានការ​បង្ក្រាប​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​ក្នុង​ទឹកដី​ខេត្តឧត្ដរមានជ័យ ឡើយ​។​ ​បើតាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រោយពេល​ចេញពី​ពន្ធនាគារ​វិញ​គឺ​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ បាន​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​ដឹក​ចេញពី​ខេត្តឧត្ដរមានជ័យ ទៅ​ស្រុក​យួន​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឥឡូវនេះ​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ បាន​សហការ​ជាមួយ​ឈ្មួញ​ខ្មែរ​វ័យក្មេង​ឈ្មោះ មករា ក្នុង​ការប្រមូលទិញ​ឈើ​គ្រញូង​ដឹក​ចេញពី​ខេត្តបន្ទាយមានជ័យ យ៉ាង​រលូន​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ មករា កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​ពី​ឈ្មួញ​ជាម​ន្ត្រី​យោធា​និង​មន្ត្រីនគរបាល​ដែល​ឈរជើង​នៅតាម​ព្រំដែន ហើយ​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ គឺជា​អ្នក​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុងស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ មករា ជា​អ្នកដើរ​ប្រមូល​ទិញ​ឈើ​គ្រញូង​ផ្ដាច់មុខ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​សៀម ចាប់ពី​ចំណុច​ច្រក​គា​មរ​មាស ស្រុក​អន្លង់វែង រហូតដល់​ចំណុច​ច្រក​អូរ​ស្វាយ ទឹកធ្លាក់ ថ្ម​ប្រេះ ស្រុក​ត្រពាំង​ប្រាសាទ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

ការដែល​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ និង​ឈ្មួញ​ឈ្មោះ មករា អាច​សហការគ្នា​ក្នុង​ការប្រមូលទិញ​ឈើ​និង​ដឹកជញ្ជូន​ចេញពី​ខេត្តឧត្ដរមានជ័យ គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តឧត្ដរមានជ័យ ហើយ​ក្នុងនោះ​មាន​ទាំង​មន្ត្រីនគរបាល​និង​មន្ត្រី​យោធា​ផងដែរ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ដើមខែ​កក្កដា ឆ្នាំ​២០០១៨​នេះ ឈ្មួញ​ឈ្មោះ មករា នៅតែ​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​គ្រញូង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង ហើយ​ឈ្មួញ​យួន​ឈ្មោះ ង្វៀង ធី​ម៉ៃ ហៅ​យាយ​ម៉ា​យ គឺជា​អ្នករ៉ាប់រង​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ​៕

Loading...