ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សឆ្នើមចំនួនចំនួន ០៦រូប ទទួលបានប័ណ្ណសរសើរមេត្រីភាពពីក្រសួងបរិស្ថាន ក្នុងនោះ រួមមានមន្ត្រីឧទ្យានុរក្ស ០៣រូប បំពេញការងារក្នុងដែនជម្រកសត្វព្រៃស្រែពក និង៣រូបទៀតបំពេញ ការងារយ៉ាងសកម្មក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នៃខេត្តមណ្ឌលគិរី។ មន្ត្រីឧទ្យានុរក្សដែលក្រសួងបរិស្ថានបានចាត់ទុកថាជាឆ្មាំការពារព្រៃឈើ និងជាអ្នកនៅជួរមុខដើម្បីអភិរក្សធនធានធម្មជាតិ។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រគល់ដល់មន្ត្រីឧទ្យានុរក្សឆ្នើមទាំង ០៦រូប ដោយផ្ទាល់នៅទីស្នាក់ការ ត្រពាំងធ្មៀរក្នុងដែនជម្រកសត្វព្រៃស្រែពក នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំ ក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចស្វែងយល់ពីសក្ដានុពលនៃដែនជម្រកសត្វព្រៃស្រែពក។
លោករដ្ឋលេខាធិការបានថ្លែងថា ប័ណ្ណសរសើរមេត្រីភាពនេះ គឺជាសក្ខីភាពបញ្ជាក់ពីការលះបង់កម្លាំងកាយ កម្លាំងចិត្តដ៏មោះមុតក្នុងការបំពេញការងារការពារធនធានធម្មជាតិនៅកម្ពុជា។
លោករដ្ឋលេខាធិការក៏បានថ្លែង លើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សបន្តបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងបន្តបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ក្រុមគ្រួសារមន្ត្រីឧទ្យានុរក្សជាពិសេសឪពុកម្តាយ ភរិយា/ស្វាមី កូនៗរបស់មន្ត្រីឧទ្យានុរក្សដែលបានអនុញ្ញាតឱ្យកូន ស្វាមីឬភរិយារបស់ខ្លួនចូលរួមក្នុងការងារអភិរក្សធនធានធម្មជាតិដែលជាការងារប្រឈមខ្លាំងជាពិសេសជាមួយក្រុមជនល្មើស។
ក្រៅពីទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងដែនជម្រក សត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ក៏ទទួលបានបណ្ណសរសើរពីអង្គការ WWF ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានផងដែរ៕