មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យការងារបច្ចេកទេសដាំបន្លែក្នុងផ្ទះសំណាញ់ របស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១

(បន្ទាយមានជ័យ)៖ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក រុន សុផាន់ណារ៉ា អនុប្រធាន មន្ទីរ អញ្ជើញចុះត្រួតពិនិត្យ លទ្ធផលការងារ កសិកម្ម នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

ការងារកិច្ចសហការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យក៏បានផ្តល់នូវ ការបណ្តុះបណ្តាលផ្នែកការដាំបន្លែ ចិញ្ចឹមសត្វ រួមជាមួយនូវសម្ភារ គ្រាប់ពូជ ជី ប្រព័ន្ធដំណក់ទឹក ថ្នាំវ៉ាក់សាំង ថ្នាំសំលាប់មេរោគ សម្រាប់ចិញ្ចឹមសត្វ និងទូភ្ញាស់មាន់ទា ដោយគិតត្រឹមឆ្នាំ២០២០នេះ បានផ្តល់ផ្ទះសំណាញ់ចំនួន៣ សម្រាប់ដាំបន្លែ ដែលមានតម្លៃជាង២ម៉ឺនដុល្លាសហរដ្ឋអាមេរិកផងដែរ។

សូមបញ្ជាក់ថា អង្គភាពកងពលបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យតាំងពីឆ្នាំ២០១៦មកម្លេះ ដោយផ្តោតលើការងារដាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីធានាជូនកងទ័ព ហូបគ្រប់គ្រាន់ និងមានសុវត្ថិភាព ដល់សុខភាព។ ក្នុងរយះពេល៤ឆ្នាំមកនេះ កងពលតូចថ្មើរជើងលេខ៥១ បានទទួលនូវលទ្ធផលល្អ តាមផែនការ ក្នុងដាំដុះបន្លែចម្រុះ និងសាច់លើសតម្រូវការ នឹងបាននាំយកទៅលក់នៅទីផ្សារ ចំពោះថវិកា ដែលបានមកពីលក់សន្សំសម្រាប់កសាងអង្គភាពផងដែរ។

គួរជម្រាបជូនថា បើទៅយោងតាមផែនការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ គ្រោងនឹងផ្តល់នូវសម្ភារមួយចំនួនបន្ថែមទៀតនៅក្នុងឆ្នាំ២០២១ ដោយផ្តល់ជូនគ្រួសារ កងទ័ព និងអង្គភាពចំណុះកងពលតូចថ្មើរជើងលេខ៥១៕

Loading...