មន្ទីរកសិកម្មខេត្តសៀមរាប ត្រៀមអន្តរាគមន៍បូមទឹកជួយសង្គ្រោះតំបន់អភិរក្សបឹងពារាំងជម្រកត្រី និងសត្វព្រៃដ៏កម្រ

សៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១– មន្ទីរកសិកម្មខេត្តសៀមរាប ត្រៀមអន្តរាគមន៍បូមទឹកចូលទៅក្នុងតំបន់អភិរក្សត្រីមេពូជ បឹងពារាំង និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរងការគំរាមកំហែងដោយភាពរីងហួត នឹងធ្វើឱ្យប៉ះពាល់ដល់ហ្វូងត្រីជាច្រើនប្រភេទ។

លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍បឹងពារាំង បានឱ្យដឹងនៅថ្ងៃ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១នេះថា ដោយ សារបញ្ហាការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យបឹងពារាំងរងការគំរាមកំហែង និងការរីងហួតដែលនឹងធ្វើឱ្យប៉ះពាល់ដល់ហ្វូងត្រីជាច្រើនប្រភេទ សុទ្ធសឹងតែជាត្រីមេពូជ សម្រាប់ការងារអភិរក្ស។

លោកបន្តថា ពពួកត្រីចម្រុះតាមការប៉ាន់ស្មានរបស់អ្នកជំនាញ មានប្រមាណជាង ១.០០០តោន ដែលកំពុងអាស្រ័យរស់នៅ។ ដូច្នេះបើសិនមិនមានវិធានការអន្តរាគមន៍ ដើម្បីបូមទឹកចូលទេ ធនធានមច្ឆជាតិទាំងនោះនឹងត្រូវបាត់បង់ជាមិនខាន។

បើមិនមានវិធានការជាក់លាក់ទេអាចក្នុងអំឡុងចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២១នេះ អាចងាប់ត្រីមេពូជ ទី១-យើងប្រឈមនឹងកង្វះទឹក ជួយបំពេញបន្ថែមដើម្បីបានទីវាលធំឱ្យត្រីតូចគេចពីត្រីធំ កាលណាចេះតែរីងស្ងួតចឹងទៅ កន្លែងទំនាបដែលនៅសល់។ ២-ទឹកត្រីតូចប្រឈមនឹងត្រីធំដេញចាប់យកជាចំណី ទី២-ប្រឈមជាមួយសត្វដេញទន្រ្ទានស៊ីទោះបីយើងដាក់សម្រាស់ក៏ដោយ ត្រីធំក៏ប្រឈមជាមួយនឹងសត្វភេ ដែលមានជាង១០០ក្បាល បើតាមទិន្ន័យផ្នែកអភិរក្សដែលគេថតបាន ។ ឥឡូវយើងបានទឹកសំណល់សល់ពីស្រែប្រជាពលរដ្ឋគាត់ប្រមូលផលរួច យើងកៀរគរយកទឹកពីស្រែពួកគាត់បញ្ជូលមកបឹង។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានថា ជាដំណោះស្រាយចំពោះមុខក្រុមការងារជំនាញបានត្រៀមរួចរាល់ហើយ សម្រាប់ការងារបូមទឹក ពីទន្លេសាប ឬស្នើសុំការអន្តរាគមន៍ពីអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហូរទឹកពីតំបន់ខាងលើ ចូលមកក្នុងតំបន់អភិរក្សពូជត្រីសង្រ្គោះប្រភេទត្រីមេពូជដ៏កម្រ ឱ្យរួចផុតពីហានិភ័យ។

លោកបន្តថា មន្ទីរកសិកម្មទទួលបានគោលការណ៍ពីថ្នាក់ជាតិ និង ថ្នាក់ខេត្ត ក្នុងការជីកស្តារបឹងពារាំងឡើងវិញ តែយ៉ាងណាបញ្ហានេះត្រូវរង់ចាំការសម្រចបង្កើតគណៈកម្មការអន្តរមន្ទីរ ដើម្បីឱ្យការជីកស្តារបឹងស្របតាមគោលការណ៍បច្ចេកទេស ពីក្រុមការងារជំនាញ។

លោកប្រធានមន្ទីរកសិកម្ម បានបន្តទៀតថា ក្នុងករណីជីកមិនទាន់ហ្នឹងខ្ញុំបានឱ្យប្រធានសហគមន៍ធ្វើសំណើមកខ្ញុំផ្ទាល់មក ដើម្បីសុំបូមទឹកពីទន្លេបណ្តោះអាសន្នចូលសិន យើងបានត្រៀមលក្ខណៈ ច្រើនរួចរាល់ហើយ មិនអីទេ បើសិនក្នុងករណីចាំបាច់ខ្លាំង យើងស្នើសុំឯកឧត្តម អភិបាលខេត្តដើម្បីអន្តរាគមន៍ទៅអាជ្ញាធរជាតិអប្សរា ស្នើសុំបើកទឹកពីខាងលើទៅហូរចូលទៅដែរ យើងមានប្រព័ន្ធទឹក២ដែរ។ ការជីកហ្នឹងយើងត្រូវបង្កើតគណៈកម្មការព្រោះបើជីកទំហំធំ មិនអាចធ្វើតែឯងបានទេ ព្រោះតំបន់ទាំងនោះជាតំបន់ហាមឃាត់ កាលណាដាក់គ្រឿងចក្រចូលទៅមិនស្រួលអត់បានទេ យើងត្រូវប្រុងប្រយ័ត្ន និងធ្វើទៅតាមបច្ចេកទេស របស់ជំនាញជលផល និងមន្ទីរកសិកម្មដែរ ។

សូមបញ្ជាក់ថា បឹងពារាំងមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានចម្ងាយប្រមាណតែ ១៣គីឡូម៉ែត្រ ពីក្រុងសៀមរាប។ បឹងពារាំង គឺជាតំបន់សហគមន៍អភិរក្សជីវ ចម្រុះ ដោយមានការការពារត្រីមេពូជ ការពារព្រៃលិចទឹក តំបន់នោះមានទំហំផ្ទៃដីអភិរក្សប្រមាណជាង៣.០០០ហិកតា បានទាក់ទាញប្រភេទសត្វស្លាបទឹក ១៦0ប្រភេទ មករកចំណីនៅទីនោះ៕

Loading...