មន្ទីរទេសចរណ៍ខេត្តព្រះសីហនុស្នើឲ្យទូកដឹកភ្ញៀវប្រុងប្រយ័ត្នខ្យល់ព្យុះ

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ប្រកាសដល់ម្ចាស់បម្រើសេវាកម្មស្នាក់នៅ ឬអ្នកប្រកបអាជីវកម្មទូកដឹកភ្ញៀវទេសចរកម្សាន្តតាមកោះ ឬសមុទ្រទាំងអស់ ឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាពភ្ញៀវ ដោយសារបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងរងឥទ្ធិពលសម្ពាធទាបពីភាគឦសាន និងឥទ្ធិពលខ្យល់មូសុងនិរតីបោកបក់ខ្លាំង។
សារអំពាវនាវរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល ធ្វើឡើងស្របពេលរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានប្រកាសថា ចាប់ពីថ្ងៃទី១២ ខែកញ្ញា តទៅ នឹងមានខ្យល់ព្យុះមួយកើតឡើងនៅសមុទ្រចិនខាងត្បូង ហើយព្យុះនេះ នឹងធ្វើដំណើរឆ្ពោះទៅតំបន់ឆ្នេរភាគកណ្ដាលនៃប្រទេសវៀតណាម និងបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា។
សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា ឥទ្ធិពលនៃព្យុះនេះអាចបណ្ដាលឲ្យរាជធានី-ខេត្តមួយចំនួនក្នុងប្រទេស កម្ពុជា មានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ កំពង់ធំ និងខេត្តសៀមរាប ប្រឈមនឹងគ្រោះទឹកជំនន់ ហើយថា នៅលើលំហសមុទ្រមានភ្លៀង និងខ្យល់បក់បោកខ្លាំង ព្រមទាំងមានរលកសមុទ្រអាចមានកម្ពស់ពី ១ម៉ែត្រទៅជិត ៣ម៉ែត្រ។
ផ្ដើមពីបញ្ហានេះ លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រកាសដល់ម្ចាស់ក្រុមហ៊ុន ឬអ្នកប្រកបអាជីវកម្មដឹកភ្ញៀវទេសចរទៅកម្សាន្តតាមកោះ ឬសមុទ្រជាដើម ត្រូវប្រយ័ត្នសុវត្ថិភាពជូនភ្ញៀវទេសចរ ដោយការទទួលខុសត្រូវខ្ពស់ដោយព្យុះភ្លៀង ព្រោះនៅចុងសប្ដាហ៍នេះអាចមានព្យុះភ្លៀងបោកបក់ជាបន្តបន្ទាប់៖ «សូម ឲ្យម្ចាស់ទូកដឹកភ្ញៀវទេសចរទៅកាន់កោះនីមួយៗ ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុ ពិនិត្យទៅនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ដែលលើកឡើងពីបញ្ហាព្យុះភ្លៀងនៅក្នុងលំហសមុទ្រឲ្យគ្រប់ ជ្រុងជ្រោយ ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទេសចរ»។
ចំណែកបញ្ហាអាកាសធាតុចាប់ពីថ្ងៃទី៩ ខែកញ្ញា ក្នុងសប្ដាហ៍នេះនាមូលដ្ឋានខេត្តជាប់មាត់សមុទ្រចំនួន៤ រួមមាន ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ផ្ទៃមេឃមានពពកស្រអាប់ និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ទាំងពេលរាត្រី និងពេលថ្ងៃ ដោយភ្លៀងធ្លាក់លាយឡំខ្យល់បោកបក់ខ្លាំង។
ត្រង់ចំណុចនេះ លោក នូ សុផល ក៏បានណែនាំដល់ម្ចាស់ផ្ទះសំណាក់ ឬសណ្ឋាគារជាដើម ឲ្យប្រកាសប្រាប់អតិថិជនរៀងៗខ្លួន ដែលមានបំណងធ្វើដំណើរទៅកម្សាន្តតាមកោះនានា ឲ្យផ្អាកសកម្មភាព ព្រោះបារម្ភខ្លាចប៉ះពាល់ដល់សុវត្ថិភាពជិះទូកធ្វើដំណើរតាមសមុទ្រ ដោយជួបបញ្ហាព្យុះភ្លៀងបោកបក់ខ្លាំង៖ «បញ្ហានេះយើងបានជូន ដំណឹងទៅម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងទីភ្នាក់ងារទេសចរណ៍ជាដើម ស្នើឲ្យគាត់ជូនដំណឹងទៅអតិថិជន ឬភ្ញៀវរបស់គាត់ ឲ្យផ្អាកធ្វើដំណើរទៅតាមកោះនានា ព្រោះកំពុងមានបញ្ហាព្យុះភ្លៀង»។
ទាក់ទិនបញ្ហានេះ ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនដឹកភ្ញៀវទេសចរ បានឲ្យដឹងថា នៅពេលមានភ្លៀង ឬព្យុះបោកបក់ខ្លាំងនៅលើលំហសមុទ្រ ពួកគេមិនចេញទូក ឬកប៉ាល់ដឹកអ្នកដំណើរចេញទៅកម្សាន្តតាមកោះនោះទេ ដោយរង់ចាំអាកាសធាតុអំណោយផល ទើបធ្វើសកម្មភាពឡើងវិញ។
ចាប់ពីខែមករា មកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នេះ ទូកទេសចរណ៍ដឹកអ្នកដំណើរ គឺមិនមានជួបគ្រោះលិចទូក ឬលិចកប៉ាល់ដឹកភ្ញៀវទេសចរក្នុងសមុទ្រ ដោយសារព្យុះភ្លៀងទេ ប៉ុន្តែសម្រាប់ទូកនេសាទវិញមានលិចជាបន្តបន្ទាប់ដែរ តែមិនមានមនុស្ស ឬប្រជានេសាទណាម្នាក់ជួបគ្រោះដល់អាយុជីវិតទេ ព្រោះត្រូវបានអង្គភាព ឬស្ថាប័នពាក់ព័ន្ធបង្ក្រាបបទល្មើសលើលំហសមុទ្រទាំងកងទ័ពជើងទឹក និងប៉ូលិសជើងទឹកជាដើម បានចេញទូក ឬកប៉ាល់ជួយសង្គ្រោះទាន់ពេលវេលា៕

image22

Loading...

Leave a Reply

Your email address will not be published. Required fields are marked *