មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនមាន ធ្វើសន្និបាតលើកទី១ ដើម្បីបូកសរុបការងារ វិស័យឯកជនក្នុងខេត្ត ឆ្នាំ២០១៦ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៧

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ មន្ទីរពាណិជ្ជកម្មខេត្ត និងសភាពាណិជ្ជកម្មខេត្ត បាន​សហ​ការធ្វើសន្និបាតលើកទី១ ដើម្បីបូកសរុបការងារ វិស័យឯកជនក្នុងខេត្ត ឆ្នាំ២០១៦ និងលើកទិសដៅ​ការងារ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក កើត សុធា អភិបាលខេត្ត ព្រមទាំងមានការចូលរួមពី​តំណាង​វិស័យឯកជន និងសហគមន៍ ចំនួន ១៣០នាក់ផងដែរ។

នៅក្នុងអង្គសន្និបាត តំណាងវិស័យឯកជន បានសំនូមដល់អាជ្ញាធរ ក៍ដូចជាជំនាញពាក់ព័ន្ធ ជួយ​សម្រប​សម្រួល ខាងផ្នែកផ្លូវច្បាប់មួយចំនួន ដូចជាការផ្ទេរភូតគាមអនាម័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទមកថ្នាក់ក្រោមជាតិ សុំឲ្យប្រធានសមាគមន៍អ្នកនាំដំឡូងមីចេញទាំងក្រុង-ស្រុកធ្វើទម្រង់ CO និងSPS ជាកញ្ចប់ ជាពិសេសសូមឱ្យក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មជួយបើកវគ្គបណ្ដុះបណ្ដាល​បច្ចេកទេស និង​​ព័ត៌មានទីផ្សារ ដល់សហគមន៍ សមាគម និងក្រុមហ៊ុនផង យ៉ាងតិចឱ្យបាន ០១ ឆ្នាំ ម្តង។

បន្ទាប់ពីលោកស្រី ជា លាភ អភិបាលរងខេត្ត បានអានរ បាយការណ៍ពីវិស័យ​ឯកជននៅក្នុងខេត្ត​រួច​មក លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ នេះជាលើកទី១ហើយ ដែល​វិស័យឯកជននៅក្នុងខេត្តប៉ៃលិន បានធ្វើសន្និបាត ដើម្បីបូកសរុបការងារ វិស័យឯកជនក្នុងខេត្ត ឆ្នាំ​២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ ដោយសបញ្ជាក់ឱ្យឃើញថា វិស័យឯកជននៅក្នុងខេត្ត គឺមានការ​រីកចំរើន និងមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត ជាពិសេសគឺការវិនិយោគ ដែលពាក់ព័ន្ធទៅនឹងសក្តានុពលរបស់ខេត្ត ដូចជាវិស័យកសិកម្ម និងវិស័យទេសចរណ៍ជា​ដើម។ ដូច្នេះការជួប​ជុំគ្នានៅថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសឱ្យតំណាងវិស័យឯកជនទាំងអស់ បានពិភាគ្សាគ្នា​រកចំនុចខ្លាំង និងចំនុចខ្សោយ រវាងវិស័យឯកជននឹងអ្នកពាក់ព័ន្ធនានា ទាំងរដ្ឋ ទាំងឯកជន និងមហាជន​ទូទៅ​។

លោកក៍បានជំរុញដល់មន្រ្តីជំនាញពាក់ព័ន្ធនានា ត្រូវខិតខំសម្របសម្រួល និងសហការជាមួយវិស័យ​ឯក​ជនឱ្យបានល្អ ដើម្បីបង្ក​បរិយាកាសវិនិយោគនៅក្នុងខេត្ត ដល់សហគ្រិន និងអ្នកវិនិយោគ ដែលចង់រកស៊ី​នៅ​ក្នុង​ខេត្តប៉ៃលិនយើង ហើយលទ្ធផ្លែផ្កានឹងបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។​

ក្នុង​ឱកាស​នោះដែរ លោក កើត សុធា ក៍បានថ្លែងអំណរគុណដល់លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជ​កម្មខេត្ត និងលោកស្រី ស៊ុំ ហៀង ប្រធានសភាពាណិជ្ចកម្មខេត្តប៉ៃលិន ដែលបានឧបត្ថម្ភគាំទ្រ រៀបចំសន្និ​បាតវិស័យឯកជននេះឡើង។

គួរបញ្ចាក់ថា៖ នៅក្នុងខេត្តប៉ៃលិន មានក្រុមហ៊ុន-សហគ្រាស ធំ-មធ្យម​ និងតូច ចំនួន ៥៦ កន្លែងផ្តល់​សេវ៉ាកម្មទេសចរណ៍មានចំនួន ១១៩ ដែលបានផ្តល់ការងារដល់កម្មករ ចំនួន ២,៦៣៨ នាក់ ស្រី ចំនួន ១,៥៧៧ នាក់ និងមានលានហាលទទួលទិញកសិផល (សៃឡូ) ចំនួន ៥៧ សមាគមអ្នកនាំចេញដំឡូងមី ចំនួន ២ សហគមន៍កសិកម្ម ចំនួន ៤០៕

Loading...