មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបអំពាវនាវសប្បុរសជនឲ្យជួយផ្ដល់មូលនិធិ

ខេត្តសៀមរាប ៖ប្រធានគ្រប់គ្រងជំនួយអន្តរជាតិរបស់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ឲ្យដឹងថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យនេះបានចំណាយប្រាក់ប្រមាណពី ៦លាន ៣សែន ទៅ ៦លាន ៥សែនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយព្យាបាលជំងឺ និងសង្គ្រោះកុមារកម្ពុជា ដោយមិនគិតថ្លៃ។
ថវិកាដែលត្រូវចំណាយសម្រាប់ព្យាបាលជំងឺ ជាពិសេសការវះកាត់បេះដូងឲ្យកុមារផងនោះ គឺមានទំហំធំធេង ដែលមន្ទីរពេទ្យកំពុងប្រឈមមុខនឹងភាពខ្វះខាត ហើយត្រូវការសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន ជួយជ្រោមជ្រែងឧបត្ថម្ភ។
តារាភាពយន្តខ្មែរ និងជាឯកអគ្គរដ្ឋទូតសុឆន្ទៈមួយរូបរបស់អង្គការក្រៅរដ្ឋាភិបាលបារាំង កំពុងប្រឹងប្រែងរៃអង្គាសមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីយកថវិកាទៅប្រគល់ឲ្យមន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប ប្រើប្រាស់ក្នុងការជួយព្យាបាលជំងឺកុមារខ្មែរដោយមិនគិតថ្លៃ។
តារាភាពយន្តខ្មែរ និងជាប្រធានមូលនិធិកុមារសាវិនកម្ពុជា ព្រមទាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការបារាំង សេ.ជេ.អែហ្វ (CJF) ដែលជាអ្នកបានរៀបចំកម្មវិធីរៃអង្គាសមូលនិធិសប្បុរសធម៌កាលពីរាត្រី ថ្ងៃទី១២ ខែធ្នូ កន្លងទៅ គឺលោក សាវិន ហ្វីលីព (Savin Philip)។ លោកមានប្រសាសន៍ថា ពេលបច្ចុប្បន្ន លោកមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង នៅពេលដែលឃើញកុមារខ្មែរក្រីក្រជាច្រើនឈឺ ហើយអាណាព្យាបាលមិនមានលទ្ធភាពគ្រប់គ្រាន់ នាំពួកគេទៅព្យាបាលនៅមន្ទីរពេទ្យដែលយកចិត្តទុកដាក់ព្យាបាលនោះ។ លោក ហ្វីលីព មានទស្សនៈទៀតថា កុមារ គឺជាទំពាំងស្នងឫស្សី ប្រសិនបើកុមារមានសុខភាពមិនល្អ សម្រាប់ថ្ងៃអនាគត គឺសង្គមមួយក៏មិនមានពលរដ្ឋមានសុខភាពល្អដែរ។ លោក សាវិន ហ្វីលីព បញ្ជាក់ថា ដោយសារតែលោកមើលឃើញបញ្ហាបែបនេះ ទើបលោកប្រឹងប្រែងអញ្ជើញតារាសម្ដែង តារាចម្រៀងខ្លះនៅក្នុងប្រទេស ព្រមទាំងមិត្តភ័ក្ដិខ្មែរ និងបរទេសជាច្រើនរូប ធ្វើកម្មវិធីសប្បុរសធម៌រៃអង្គាសលុយជួយមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ដែលតែងតែព្យាបាលកុមារខ្មែរដោយឥតគិតថ្លៃ៖ «ខ្ញុំ រំភើបមែនទែន ដោយសារអ្នកចូលរួមច្រើន មានអ្នកតំណាងមន្ទីរពេទ្យកុមារអង្គរ អ្នកស្រី នីគី (Niki) ហើយនិងក្រុមប្រឹក្សាភិបាលជាច្រើនទៀត។ ខ្ញុំសូមអំពាវនាវទៅដល់អ្នកមានទ្រព្យធនទាំងឡាយនៅកម្ពុជា ឲ្យបង្កើតវប្បធម៌ចែករំលែកមួយ ដើម្បីជួយដល់កុមារ»។
ប្រធានគ្រប់គ្រងជំនួយអន្តរជាតិរបស់មន្ទីរពេទ្យកុមារអង្គរ លោក ឡុង ចិន្តា ឲ្យដឹងថា ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យនេះតែងទទួលពិនិត្យ និងព្យាបាលជំងឺកុមារដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ និងសាសនា ប្រមាណពី ៥០០ ទៅ ៦០០នាក់ក្នុងមួយថ្ងៃៗ។ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានបំពេញបេសកកម្មមនុស្សធម៌ជួយព្យាបាលជំងឺកុមារខ្មែរច្រើនប្រភេទ មានជំងឺធ្ងន់ ជំងឺស្រាល ព្រមទាំងជួយវះកាត់ជំងឺបេះដូងឲ្យកុមារផង។ លោក ឡុង ចិន្តា បញ្ជាក់ទៀតថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ បានចំណាយថវិកាជាង ៦លានដុល្លារអាមេរិក ហើយមន្ទីរពេទ្យនេះកំពុងប្រឈមមុខនឹងគ្មានថវិកាគ្រប់គ្រាន់៖ «ឥឡូវ មន្ទីរពេទ្យមិនទាន់មានកញ្ចប់ថវិកាសុវត្ថិភាពណាមួយនៅឡើយទេ។ ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប មេត្តាផ្ដល់មូលនិធិជួយជ្រោមជ្រែងមន្ទីរពេទ្យកុមារអង្គរ ទៅតាមលទ្ធភាព»។
មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប កើតចេញពីស្ថាបនិកសំខាន់មួយរូបដែលជាអ្នកថតរូបជនជាតិជប៉ុន កាលពីអំឡុងឆ្នាំ១៩៩៩។ មន្ទីរពេទ្យនេះ បានទទួលព្យាបាលជំងឺកុមារខ្មែរដោយមិនគិតថ្លៃប្រមាណជិត ១០ម៉ឺននាក់ក្នុងមួយឆ្នាំៗ៕

720a2129-7fc8-4fd8-a2ac-370ee0e41673

Loading...

Leave a Reply

Your email address will not be published. Required fields are marked *