មន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំងនៅតែបន្ត ទទួលពិនិត្យ និងព្យាបាលជំងឺ កុមារដោយឥតគិតថ្លៃដដែល

(ភ្នំពេញ) ៖ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើង) ក្នុងទស្សនៈវិស័យ កុមារជាអនាគតរបស់កម្ពុជា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលការពិនិត្យ និងព្យាបាលជំងឺ កុមារដោយឥតគិតថ្លៃដដែល តាមរយៈការ ចូលរួមបរិច្ចាគពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស ។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០ នេះ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានការបរិច្ចាគជាទឹកប្រាក់សរុបចំនួន ៣៥២ ៩៣៤ ដុល្លារអាមេរិក និង ១ ៩២០ ០៧៤ ១៤៩ រៀល ដោយរួមទាំងថវិកាបរិច្ចាគចំនួន ១៣ ០១៥ ដុល្លារអាមេរិក និង ៨ ៩៥០ ០០០ រៀល ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងថវិកាបរិច្ចាគចំនួន ១០០ ៤០៥ ដុល្លារអាមេរិក និង ៦៩ ៧៩៣ ០០០ រៀល នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប)។

ចំនួនថវិកាសរុបនេះ ទទួលបានពីការបរិច្ចាគពីសំណាក់សប្បុរសជនចំនួន ៣៥ ៤១២ រូប ដែលរួមមាន សមាជិកកិត្តិយសចំនួន ១៣ រូប, សមាជិកគាំទ្រចំនួន ៣៣ ០៣២ រូប, សប្បុរសជនផ្សេងៗ ចំនួន ២ ៣៦៧ រូប, និងថវិកាទទួលបានមកពីហិបនៅតាមគោលដៅចំនួន ១២ ទីតាំង។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា សំដៅលើកកម្ពស់សុខុមាលភាពកុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តសាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានា ឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយ៖ ធនាគារ ABA (គណនីប្រាក់រៀល៖ 000791704, ប្រាក់ដុល្លារ៖ 000791702), ធនាគារ ACLEDA (គណនីជាប្រាក់រៀល៖ 0001-0341273813, ប្រាក់ដុល្លារ៖ 0001-0341273824),ធនាគារ Canadia (គណនីប្រាក់រៀល៖ 001-0004517348,ប្រាក់ដុល្លារ៖ 001-0004517337), ធនាគារ Chip Mong (គណនីប្រាក់រៀល៖ 10115556, ប្រាក់ដុល្លារ៖ 10115555),ភ្នាក់ងារ Wing (គណនីប្រាក់រៀល៖ 5559, ប្រាក់ដុល្លារ៖ 5558) និងភ្នាក់ងារ True Money (គណនី៖ 1992) ឬតាមរយៈការអញ្ជើញមកបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬរយៈលេខទូរសព្ទ៖ ០៦១ ៧០ ១១១១។

សប្បុរសជននានាអាចចូលជា សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬជា សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

 

 

Loading...