មន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងចុះផ្អាកគ្រឿងចក្រ លួចកាយល្បាយដីភ្នំគ្មានច្បាប់អនុញ្ញាត

(ខេត្តបាត់ដំបង)៖ មន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរស្រុកបាណន់បានចុះពិនិត្យនិងធ្វើការបញ្ឈប់សកម្មភាពគ្រឿងចក្រដែលក្រុមឈ្មួញលួចដាក់ជីកកាយទន្រ្ទានយកល្បាយដីភ្នំដោយគ្មានច្បាប់អនុញ្ញាតិ គ្មាន(អាជ្ញាប័ណ្ណ)។ ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ត្រង់មាត្រា ៣៥ថ្មី ត្រូវផាកពិន័យគុណនឹងពីរដងនៃតម្លៃប៉ាន់ស្មានលើផលិតផលរ៉ែដែលបានជីកកន្លងមកតាមតម្លៃទីផ្សារ ឬផាកពិន័យចំនួន ១,៥០០,០០០៛(មួយលានប្រាំសែនរៀលគត់)ក្នុងមួយថ្ងៃគិតចាប់ពីថ្ងៃដែលប្រតិបត្តិការជីកយករ៉ែនោះត្រូវបានបញ្ឈប់។

លោក ហ៊ឺ ដាវី អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បន្ទាប់ពីមន្ត្រីជំនាញចុះពិនិត្យឃើញថាក្រុមហ៊ុនមួយនេះបានលួចលាក់កាយទន្រ្ទានយកល្បាយដីភ្នំ(ដីក្រហម)ដោយគ្មានអាជ្ញាប័ណ្ណ។

លោកបន្តថា ប្រតិបត្តិការបង្រ្កាប់បទល្មើសជាក់ស្តែងមន្ត្រីជំនាញបានធ្វើការដកហូត អេស្កាវ៉ាទ័រ ចំនួន០១គ្រឿង និងរថយន្តដឹកដី ចំណុះ២២ម៉ែត្រគូបចំនួន០១គ្រឿង មានឈ្មោះ យឿន សំណាង ជាតំណាងក្រុមហ៊ុនគ្រឿងចក្រខាងលើ ។

បើយោងតាមច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ត្រង់មាត្រា ៣៥ថ្មី ត្រូវផាកពិន័យគុណនឹងពីរដងនៃតម្លៃប៉ាន់ស្មានលើផលិតផលរ៉ែដែលបានជីកកន្លងមកតាមតម្លៃទីផ្សារ ឬផាកពិន័យចំនួន ១,៥០០,០០០៛(មួយលានប្រាំសែនរៀលគត់)ក្នុងមួយថ្ងៃគិតចាប់ពីថ្ងៃដែលប្រតិបត្តិការជីកយករ៉ែនោះត្រូវបានបញ្ឈប់ ។

ប្រជាពលរដ្ឋក្នុង ភូមិដូង ឃុំឈើទាល ស្រុកបាណន់ កំពុងបើកភ្នែកធំៗរងចាំមើលចំណាត់ការ របស់អាជ្ញាធរ និងមន្ត្រីជំនាញ់របស់មន្ទីរខាងលើនេះថាអាច ស្រាវជ្រាវស្វែងរក អ្នកនៅពីក្រោយ សកម្មភាព ជីកកាយល្បាយដីភ្នំដោយខុសច្បាប់នេះមកផាកពិន័យបានឬទេ? ៕

Loading...