មន្ទីរសុខាភិបាលខេត្តរតនគិរី បំភ្លឺករណីរថយន្តគិលានសង្គ្រោះពេទ្យដាក់សពនៅពាក់កណ្ដាលផ្លូវ ឲ្យគ្រួសារដឹកម៉ូតូបន្តទៅផ្ទះ ថាជាការពិត ខណៈអង្គភាពកំពុងរៀបចំដាក់ទណ្ឌកម្មចំពោះអ្នកបើកបររថយន្តពេទ្យនេះ

ខេត្តរតនគិរី៖ ​មន្ទីរសុខាភិបាលខេត្តរតនគិរី ចេញសេចក្ដីបំភ្លឺព័ត៌មានថា យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានាដែលបានចុះផ្សាយនាពេលកន្លងមកពាក់ព័ន្ធករណីរថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានដឹកបញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹ្វម ម៉ក់ អាយុ៣១ឆ្នាំ នៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី មិនបានដល់លំនៅដ្ឋាននៃសព។

ពាក់ព័ន្ធការចុះផ្សាយខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី សូមធ្វើការបំភ្លឺ ព័ត៌មានជូនសារធារណជន អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានា ឲ្យបានជ្រាបថា នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ មន្ទីរពេទ្យបង្អែកខេត្ត បានអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះ ម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខរដ្ឋ ១២-២-០១២៩ បើកបរ ដោយឈ្មោះ អ៊ិន ប៊ុនឡេង បានដឹកបញ្ជូនសពស្ត្រីម្នាក់ឈ្មោះ គឹ្វម ម៉ក់ អាយុ៣១ឆ្នាំ ទៅលំនៅដ្ឋាន នៃសព ដែលស្ថិតនៅភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី។ លុះដល់ចំណុចត្រង់ស្ពានអូរលីង ស្ថិតនៅក្បែរភូមិឈួន ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី អ្នកបើកបររថយន្ត ឈ្មោះ អ៊ិន ប៊ុនឡេង បានសម្រេចចិត្តដាក់សពស្ត្រីឈ្មោះ គឹ្វម ម៉ក់ អាយុ៣១ឆ្នាំ ចុះដោយឯកឯង។ ហើយសពរបស់ស្ត្រីនោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនបន្តដោយម៉ូតូទៅលំនៅដ្ឋានរបស់ខ្លួន។

មន្ទីរសុខាភិបាលខេត្តរតនគិរី បញ្ជាក់ថា «ក្នុងករណីនេះ វាជាទង្វើផ្ទាល់របស់សាមីខ្លួនអ្នកបើកបរដែលបានប្រព្រឹត្តខុសឆ្គងទៅនឹងវិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព។ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ពិតជាមានការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើង»។

ជាមួយនេះ មន្ទីរសុខាភិបាលខេត្ត អះអាងថា «មន្ទីរ បាននិងកំពុងរៀបចំដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាល ស្របតាមកម្រិតទម្ងន់កំហុសឆ្គងដល់អ្នកបើកបររូបនោះ»៕

Loading...