មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមានការរិះគន់ពីប្រជាពលរដ្ឋថា ធ្វើផ្លូវមិនបានល្អយកតែលុយ ខូចលើសដើម

ខេត្តរតនគិរី៖ តាមប្រភពពីប្រជាពលរដ្ឋនៅឃុំប៉ាតេស្រុកអូរយ៉ាដាវបានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី៤ខែកក្កដានេះថា ផ្លូវក្នុងមូលដ្ឋានឃុំពួកគាត់មានប្រវែង៣គីឡូម៉ែត្រអំណោយរបស់លោកថង សាវុន អភិបាលខេត្តស្ថាបនាដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទើបតែបានរយៈពេល៤ថ្ងៃមកនោះ មិនទាន់បានធ្វើដំណើរផង ឥឡូវខូចខ្ទិចខ្ទីលើសដើម។

លោក ឆាយ ធី មេឃុំប៉ាតេបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅរសៀលថ្ងៃទី៤កក្កដានេះថា ផ្លូវក្នុងឃុំរបស់គាត់ពិតជាអំណោយរបស់លោកអភិបាលខេត្ត ថង សាវុន ពិតប្រាកដមែន ដោយកន្លងមកផ្លូវមានការលំបាកធ្វើដំណើរចេញ,ចូលក្នុងភូមិទើបពួកគេស្នើសុំមកលោកអភិបាលខេត្ត រួចលោកអភិបាលខេត្តបានប្រគល់ឲ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទជាអ្នកទទួលស្ថាបនាផ្លូវនោះបន្តផងដែរ។

លោកមេឃុំប៉ាតេ បានបន្តថា ផ្លូវមានប្រវែង៣គីឡូម៉ែត្រនេះស្ថាបនាមើលទៅខ្វះបច្ចេកទេស ពោលគឺធ្វើឲ្យរួចតែពីដៃគ្មានគុណភាពដោយចាក់ដីក្រាលលើកំណាត់ផ្លូវទាបជាងផ្លូវចាស់គ្មានដាក់ប្រព័ន្ធលូសម្រាប់រំដោះទឹកហូរចេញចូលហើយចំរដូវវស្សាភ្លៀងធ្លាក់ជោគជាំលិចផ្លូវហៀចូលផ្ទះប្រជាពលរដ្ឋនៅអមសងខាងផ្លូវ,ផ្លូវដាច់អន្លើៗប្រជាពលរដ្ឋពិបាកធ្វើដំណើរ។

ពាក់ព័ន្ធទៅនឹងមន្ទីរអភិវឌ្ឃន៍ជនបទខេត្តស្ថាបនាផ្លូវ៣គីឡូម៉ែត្រនៅឃុំប៉ាតេស្រុកអូរយ៉ាដាវឲ្យរួចតែពីដៃគ្មានគុណភាពនេះដែរពួកគាត់សំណូមពរទៅលោក ថង សាវុន អភិបាលខេត្តសូមឲ្យខាងក្រុមហ៊ុនអ្នកទទួលម៉ៅការនោះយកគ្រឿងចក្រមកកាយផ្លូវដាក់លូឲ្យបានត្រឹមត្រូវផងហើយមានគុណភាពប្រើប្រាស់បានយូរអង្វែងដើម្បីជាប្រយោជន៍សម្រាប់ពួកគាត់ផង។

ប្រភពព័ត៌មានដោយឡែកទៀតបានបង្ហើបឲ្យដឹងថា មានផ្លូវជាច្រើនខ្សែទៀតដែលកន្លងមកស្ថាបនាដោយមន្ទីរអភិវឌ្ឃន៍ជនបទគឺគ្មានគុណភាពប្រើប្រាស់យូរអង្វែងទេហើយការដេញថ្លៃស្ថាបនាផ្លូវទៀតសោទច្រើនធ្វើស្ងាត់ៗ(ចងម៉ុងដេញថ្លៃ)ហើយគ្រួសារ,សាច់ញាត្តិលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឈ្មោះ អៀម អឿន មានក្រុមហ៊ុនឯកជនសម្រាប់ទទួលម៉ៅការស្ថានាផ្លូវផងដែរ។

ជុំវិញបញ្ហាខាងលើនេះលោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍និងជនបទខេត្ត អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ នៅល្ងាចថ្ងៃទី៤កក្កដានេះ៕ បានលុង

Loading...