មន្រ្ដីនគរបាលការពារព្រំដែនទឹកម្នាក់រកឃើញថាឆ្លងជំងឺកូវីដ១៩ និង ០៨នាក់ទៀតរង់ចាំលទ្ធផល

ភ្នំពេញៈ នាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានបញ្ជាក់ថា លោកអនុសេនីយ៍ឯក ហួត ហ៊ល អាយុ ៣៦ឆ្នាំ ឋានៈ នាយរងផ្នែក បម្រើការងារនៅការិយាល័យបច្ចេកទេស នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឆ្លងជម្ងឺកូវីដ-១៩ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

លោកអនុសេនីយ៍ឯក ហួត ហ៊ល មានអាសយដ្ឋានបច្ចុប្បន្ន ស្ថិតនៅភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមការសាកសួរអ្នកជំងឺខាងលើ បានបញ្ជាក់ថាគាត់មានអាការៈមិនស្រួលចាប់តាំងពីថ្ងៃទី២៨ ខែមីនា និងនៅថ្ងៃទី២៩ ខែមីនា បានចូលរួមចាក់វ៉ាក់សាំងការពារជំម្ងឺកូវីដ-១៩ លើកទី២ នៅមន្ទីរពេទ្យ១៦ ឧសភា រហូតដល់ថ្ងៃទី០១ ខែមេសា ទើបចាប់ផ្តើមមានអាការៈមិនស្រួលខ្លាំងក៏ទៅផ្តល់សំណាកនៅសាលាវិទ្យាល័យបាក់ទូក រហូតដល់ថ្ងៃទី០២ វេលាម៉ោង១៩ និង ៣០នាទីយប់ ទើបក្រុមការងារទទួលបន្ទុកការងារកូវីដ-១៩ បានបញ្ជាក់លទ្ធផលមានវិជ្ជមានកូវីដ-១៩ ។

បច្ចុប្បន្នអ្នកជំងឺខាងលើ ត្រូវបាទបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌូក រាជធានីភ្នំពេញ ។គាត់មានសមាជិកក្រុមគ្រួសារចំនួន ០៥នាក់ដែលរស់នៅជាមួយគ្នា (នៅក្នុងផ្ទះតែមួយ) ។

តាមរបាយការណ៍ខាងលើ អ្នកជំងឺកូវីដ១៩ ខាងលើនេះ បានប៉ះពាល់ផ្ទាល់ជាមួយអ្នក បម្រើការងារជាមួយគ្នា មានចំនួន ០៤នាក់ និង០៤នាក់ទៀតគឺបានអង្គុយជិត ពេលទៅចាក់វ៉ាក់សាំងថ្ងៃទី២៩ ខែមីនា។ យ៉ាងណាបច្ចុប្បន្ននេះមន្ត្រីទាំង ០៨នាក់ខាងលើនេះ ត្រូវបានចាត់ចែងឲ្យនៅដាច់ដោយឡែក និងរងចាំផ្តល់សំណាកនៅថ្ងៃទី០៥ ខែមេសា ៕

Loading...