មន្រ្ដីយោធាម្នាក់ ឈ្មោះ​ អាំង មករានៅតែ ប្រមូលទិញឈើប្រណិតឆ្លងដែនកម្ពុជា-ថៃ បង្កអសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន?

ខេត្តឧត្ដរមានជ័យ​ ៖ រយៈពេលជិត​ ១០ឆ្នាំមកហើយ ររហូតមកដល់ពេលនេះ មិនដឹងថាឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក​ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ដឹងហើយឬនៅនោះទេ ចំពោះសកម្មភាពមន្ត្រីយោធាម្នាក់ ឈ្មោះ​ អាំង មករា មានទីលំនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ បំរើការងារជាមន្រ្ដីយោធា​ នៅកងពលធំអន្តរាគមន៍លេខ២ ដែលត្រូវជាប្អូនបង្កើតឈ្មោះ​ អាំង ចូច​ ជានាយទាហាន បំរើនៅកងពលធំលេខ២​ ផងដែ​រ ដែលកំពុង កៀងគរពលករឆ្លងដែន និងប្រមូលទិញឈើប្រណិត នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់គ្រប់គ្រងរបស់យោធាសិករងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ និងសង្កាត់អូរស្មាច់។

សេចក្ដីរាយការណ៍​ បានអោយដឹងថា​ ឈ្មោះ អាំង មករា បានប្រព្រឹត្តបទល្មើសឈើឆ្លងដែន ដោយមានការសហការជាមួយមេឈ្មួញស្ដ្រីជាជនជាតិវៀតណាម​ ឈ្មោះ​ ខ្វៀង​ ធីម៉ៃ​ ដោយមានទីតាំងកាត់ជ្រៀក​ នៅជាប់ផ្លូវក្រវ៉ាត់ព្រំដែន ក្នុងភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍​ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ប្រភពបានបន្តថា​ ឈ្មោះ​ អាំង​ មករាជាមន្រ្ដីយោធា នៅកងពលធំអន្តរាគមន៍លេខ២ តែមិនដែលចូលអង្គភាពទេ គឺយកពេលមករកស៊ីបទល្មើសឈើឆ្លងដែន រកប្រាក់ចំណូលបន្ថែមលើមុខងារបច្ចុប្បន្ន (យោធា) ដែលជាមូលហេតុ​ បង្កអសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន​ និងមានពលករជាច្រេីន នាក់ត្រូវបានយោធាថៃ​ ចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមតាមច្បាប់ប្រទេសថៃ។

បើលោកឧត្ដមសេនីយ៍ឯក កែវ ធី នៅតែបន្តទុកឱកាស មិនមានវិធានការណាមួយទៅលើមន្រ្ដីក្រោមឱវាទឈ្មោះ​ អាំងមករា​ ទេនោះ មិនដឹងនៅថ្ងៃខាងមុខ​ មានពលករខ្មែរប៉ុន្មានរូបទៀត​ នឹងត្រូវរងគ្រោះនោះទេ?។

ជុំវិញករណីខាងលើ​ ក្រុមការងារយើង​ មិនទាន់បានស្វែងរកសុំការបំភ្លឺពីសាមុីពាក់ព័ន្ធនៅឡើយទេ បើចេញផ្សាយទៅមិនច្បាស់លាស់យ៉ាងណានោះ​ ក្រុមការងារយើង​ នឹងរង់ចាំបកស្រាយបំភ្លឺជូនវិញ ៕​

 

Loading...