មន្រ្តីក្រសួងបរិស្ថានចំនួន៧៧៧ នាក់បានទទួលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដូសទី២

ភ្នំពេញ៖ រយៈពេល២ថ្ងៃ និងមួយព្រឹកទី១៧ខែមេសានេះមន្រ្តីក្រសួងបរិស្ថានចំនួន៧៧៧នាក់បានទទួលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ ដូសទី២រួចរាល់ហើយ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថានាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ មានមន្ត្រីនៃក្រសួងបរិស្ថានចំនួន ៣៥៣ នាក់ (ស្ត្រី ១២៩នាក់)បានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ១៩ ដូសទី២។ ការវ៉ាក់សាំងដូសទី២ ត្រូវបានផ្អាកនៅម៉ោង១១:៣០នាទី តាមការសម្រេចរបស់គណៈកម្មការចំពោះកិច្ចក្របខណ្ឌទូទាំងប្រទេសដើម្បីចូលរួមអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការឆ្លងរីលរាលដាលនៃជំងឺកូវីដ១៩។

ប្រភពខាងលើដដែលនេះបញ្ជាក់ថា សរុប មន្ត្រីដែលបានមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ រួចរាល់រយៈពេល ២ ថ្ងៃនិងមួយព្រឹកថ្ងៃទី១៧ ខែមេសានេះមានចំនួន ៧៧៧ នាក់។ មន្ត្រីនៃក្រសួងបរិស្ថានចំនួន ១១៦ រូបមិនទាន់ទទួលបាន ការចាក់វ៉ាក់សាំងដូសទី២ នៅឡើយ ហើយយោងតាមសេចក្តីសម្រេចរបស់គណៈកម្មការចំពោះកិច្ចបង្ការជំងឺកូវីដ១៩ នឹងត្រូវវិលមកទទួលការចាក់វ៉ាក់សាំងដូសទី២របស់ខ្លួននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាបានឱ្យដឹងបន្ថែមថា ការចាក់វ៉ាក់សាំងនេះគឺជាការចាក់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្រ្តីរាជការគ្រប់រូប ដែលរាជរដ្ឋាភិបាលបានកំណត់ ហើយក៏ជាការចូលរួមនៅក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរួតរិតមកលើពិភពលោក ក្នុងនោះរួមមានកម្ពុជាផងដែរ។

ជាមួយគ្នាក្រសួងបរិស្ថានបញ្ជាក់ដែរថា មន្ត្រីរាជការទាំងអស់នៃក្រសួងបរិស្ថានបានបង្ហាញនូវសេចក្តីសប្បាយរីករាយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅ។ មន្ត្រីរាជការនៃក្រសួងបរិស្ថានទាំងអស់គ្នាពិតជាចងចាំនូវគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ គិតគូរជាប់ជានិច្ចដល់សុខទុក្ខរបស់មន្ត្រី និងប្រជាពលរដ្ឋ៕

Loading...