មន្រ្តីជលផលជួលមនុស្សក្រៅច្បាប់វាយពលរដ្ឋរងរបួសធ្ងន់នៅខេត្តតាកែវមន្ទីរកសិកម្ម​កំពុងធ្វើរបាយការណ៍បោក ខណៈមានការលើក​ហេតុផលពីរផ្សេងគ្នា

ខេត្តតាកែវ៖ សំណុំរឿងចោទប្រកាន់មន្រ្តីជលផល ដែលដឹកនាំដោយ​លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ ថាបានវាយសំពងពលរដ្ឋម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ហើយ​សមត្ថកិច្ច​ប៉ូលិស​មិន​អាច​បើក​ការ​ស៊ើបអង្កេតបាននោះ ពេលនេះកំពុងតែស្ថិត​នៅ​ក្នុ​ងដៃមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទខេត្តតាកែវ ដែល​កំពុង​រៀបចំរបាយការណ៍​បញ្ជូនទៅ​កាន់ថ្នាក់លើ ខណៈ​ដែលសំណុំរឿងនេះ​មាន​ការ​លើក​ឡើងហេតុផលពីរផ្សេងគ្នា។

ហេតុផលពីរផ្សេងគ្នានោះ គឺ​ខាងក្រុមគ្រួសារ​ជនរងគ្រោះ បានចោទប្រកាន់​លោក គឹម សារិទ្ធ នាយរងអធិការ​កិច្ច ថាបានវាយដំជនរងគ្រោះ​ដោយ​ស្នូក​កាំភ្លើង ក្នុងពេលចុះប្រតិបត្តិការបង្រ្កាប​បទល្មើសនេសាទ រហូត​ដល់ជនរងគ្រោះ​រងរបួសធ្ងន់បាត់មាត់បាត់ក ទើប​ភ័យក៏​បញ្ជូនជនរងគ្រោះ​ទៅ​កាន់មន្ទីរពេទ្យ, ហើយកម្លាំងជលផលដែលចុះប្រតិបត្តិការនៅពេលនោះ គឺមានតែ២នាក់ទៀត ដោយ​មនុស្ស​៨នាក់ផ្សេងទៀតមិនមែនជា​កម្លាំងជលផល តែជាមនុស្ស​ដែលលោក គឹម សារិទ្ធ ជួលមក​ឲ្យ​ធ្វើសកម្មភាពបង្រ្កាប។

តែបើតាម​ការ​លើក​ឡើង​របស់​លោក គឹម សារិទ្ធ វិញ នេះគឺជា​ករណី​គ្រោះថ្នាក់ចរាចរណ៍ ដោយ​ទូកបុកគ្នា មិន​មានការប្រើហិង្សាអ្វីនោះទេ។

ប៉ុន្តែបើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះអះអាងថាមន្ត្រីជលផលបានជួលហ្វូងមនុស្សជាកម្មករឲ្យប្រើអំពើហិង្សាលើអ្នកនេសាទដោយអំពើគុំគួនតែម្ដង។បើតាមក្រុមគ្រួសារជនរងគ្រោះលោកគឹមសារិទ្ធប្រើអំណាចហួសហេតុក្នុងការសងសឹកមកលើប្រជាពលរដ្ឋអ្នកនេសាទស្លូតត្រង់។

យ៉ាងណាបើតាម​លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវថា ករណីនេះគឺខាងមន្ទីរ​កសិកម្ម​កំពុង​ធ្វើរបាយការណ៍, របាយការណ៍​ដែល​បានមកពី​ខាងមន្រ្តីជលផល ក៏​ដូចជា​ការ​សាកសួរ​ប្រភពផ្សេងៗ ព្រោះថា បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យនៅ​ឡើយ ដោយ​ពុំអាច​ផ្តល់ចម្លើយបាន។

ពាក់ព័ន្ធនឹង​លោក គឹម សារិទ្ធ ប្រើប្រាស់​មនុស្ស​ខាងក្រៅដែលមិនមែនជាមន្រ្តីជលផល ឲ្យ​ចូលរួម​ក្នុង​សកម្មភាពបង្រ្កាប​បទល្មើសនេសាទនោះវិញ លោក សៅ កុសល បានថ្លែងថា មន្រ្តីជលផល​មាន​សិទ្ធិ​ក្នុង​ការ​ជួល​កម្មករក្នុង​ការ​លើក​ដាក់ទំនិញ ឬឧបករណ៍​ផ្សេងៗ តែ​ត្រង់ថា ជួល​កម្មករ​ឲ្យ​ទៅ​ធ្វើការ​បង្រ្កាប​បទល្មើសនេសាទនោះ លោក​មិន​អត្ថាធិប្បាយទេ ព្រោះថា ឋានៈ នាយរងអធិការកិច្ច គឺធំជាងតំណែងរបស់លោក។

គួរ​រំលឹកថា ករណីចោទប្រកាន់នេះ គឺបានកើតឡើង​​កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដោយ​មាន​ជនរងគ្រោះឈ្មោះ ភឹម វី អាយុ​៤០ឆ្នាំ​ រស់នៅ​ភូមិព្រៃផ្គាំ(គ) ស្រុកអង្គរបុរី ខេត្ត​តាកែវ។

តាមការ​រៀបរាប់​របស់​បងថ្លៃជនរងគ្រោះថា នៅយប់កើតហេតុនោះ ជនរងគ្រោះ និង​​អ្នក​ភូមិ​ចំនួន២នាក់ទៀត បានចេញទូក​ទៅ​ឆក់ត្រី​នៅចំណុចកោះអញ្ចាញ ស្ថិត​នៅក្នុងឃុំទ្រា ស្រុកសំរោង, ហើយ​នៅពេលនោះ ក៏​មាន​ទូក​របស់​មន្រ្តីជលផល មាន​មនុស្ស​ចំនួន១០នាក់ ​ដឹកនាំដោយ​លោក គឹម សារិទ្ធ នាយរងអធិការកិច្ចចតុមុខ បាន​មក​ដល់, ហើយ​ពេលនោះ អ្នក​ភូមិ​២នាក់ដែលទៅជាមួយ​ក៏​បាន​លោតចូលទឹក ហើយ​ក៏​រត់​រួច ដោយ​នៅសល់តែជនរងគ្រោះ​ត្រូវ​បានមន្រ្តីជលផល និង​បក្ខពួក​វាយបណ្តាល​ឲ្យ​រងរបួសធ្ងន់ ហើយ​គេ​ក៏​បញ្ជូនទៅ​កាន់មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ និង​បានទូរស័ព្ទ​ឲ្យ​ក្រុម​គ្រួសារទៅមើលជនរងគ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ពេលនោះ​ដោយ​ស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះបន្ត​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែតក្នុងរាជធានីភ្នំពេញ៕

Loading...